អានតួអត្ថបទ
កម្ពុជា

សម្តេច​ឪ​ និង​ព្រះ​មហាក្សត្រ​​ខ្មែរ​​បញ្ចប់​​ព្រះ​​ទស្សនកិច្ច​នៅ​វៀតណាម

អតីត​ព្រះមហាក្សត្រ​ និង​ព្រះមហាក្សត្រ​ខ្មែរ​ បានយាង​និវត្តន៍​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បន្ទាប់ពី​បាន​បញ្ចប់​ព្រះទស្សនកិច្ច​រយៈពេល​ ៤​ ថ្ងៃ​នៅ​ប្រទេស​វៀតណាម។​ ព្រះ​ទស្សនកិច្ច​ជា​លក្ខណៈ​ឯកជន​នេះ​ ត្រូវបាន​ធ្វើឡើង​ ដើម្បី​រឹតចំណង​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ។​ បញ្ហា​នយោបាយ​ និង​បូរណភាព​ដែនដី​ មិន​ត្រូវ​បាន​ភាគី​ទាំងពីរ​លើកឡើង​ឡើយ។ 

សម្តេច​ឪ នរោត្តម​ សីហនុ ពេល​យាង​ត្រឡប់​មក​ដល់​ក្រុង​ភ្នំពេញ
សម្តេច​ឪ នរោត្តម​ សីហនុ ពេល​យាង​ត្រឡប់​មក​ដល់​ក្រុង​ភ្នំពេញ © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

 

05:08

បទ​អន្តរាគមន៍​របស់ នេត្រ ភក្ត្រា

បូលីន ដាវីដ

ដំណើរ​ទស្សនកិច្ច​សម្តេចឪ​ នរោត្តម​ សីហនុ​សម្តេចម៉ែ​ និង​ព្រះមហាក្សត្រ​ខ្មែរ​ រយៈពេល​បួនថ្ងៃនៅ វៀតណាមបាន​បញ្ចប់​ហើយនៅថ្ងៃនេះ​។ ក្រុម​មន្ត្រី​កម្ពុជា និង​វៀតណាម​អះអាង​ថា ដំណើរ​ទស្សនកិច្ច​បាន​ជួយ​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​ជិត​ខាង​ទាំងពីរ​ឲ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត។​ ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ បាន​បង្ហាញ​​ពី​ភាព​វិជ្ជមាន​នៃ​ព្រះដំណើរ​ទស្សនកិច្ច​នេះ​ និង​ចាត់​ទុក​ថា​ជា​កត្តា​មួយ​ពង្រឹង​ទំនាក់​ទំនង​ល្អ​ដែល​កម្ពុជា​ និង​វៀតណាម​មាន​ស្រាប់​ឲ្យកាន់​តែមាន​ភាព​រឹងមាំ​បន្ថែម​ទៀត។​

នៅក្នុង​ព្រះដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​ សម្តេចឪ​បាន​ជួប​សវនាការ ​ជាមួយ​នឹង​ឥស្សរជន​ជាន់ខ្ពស់​វៀតណាម​ជាច្រើន​រូប​ រួម​មាន​លោក​ប្រធានាធិបតី​វៀតណាម​ ង្វៀន​ មិញទ្រៀត និង​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម​ ណង​ ឌឹកម៉ាញ់។ មេ​ដឹកនាំ​វៀតណាម​បាន​អបអរ​សាទរ​ចំពោះ​សមិទ្ធផល​នានា​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​ការអភិវឌ្ឍន៍​ជាតិ​កន្លង។​ វៀតណាម​បាន​សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​ព្រះ​មហាក្សត្រ​ ប្រជាជន​ និង​រដ្ឋាភិបាល​កម្ពុជា ​កាល​ពី​អតីតកាល​ដែល​បាន​ជួយ​រំដោះ ​និង​បង្រួប​បង្រួម​ជាតិ​វៀតណាម។ ចំណែក​ឯ​សម្តេចឪ​ នរោត្តម​ សីហនុ​ និង​ព្រះ​មហាក្សត្រ​ខ្មែរ​ ត្រូវ​បាន​ទី​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម​ដក​ស្រង់​ព្រះ​រាជ​បន្ទូល​ថា​ កម្ពុជា​ និង​វៀតណាម​នៅ​តែ​បន្ត​ទំនាក់​ទំនង​មិត្តភាព​ជា​យូរ​អង្វែង​ រវាង​ប្រទេស​ជិត​ខាង​ទាំងពីរ។ 

លោក ​ទិត សុធា​ អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ ចំណង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​រវាង​កម្ពុជា ​និង វៀតណាម​នឹង​មាន​ភាព​ស្អិត​រមួត​ ស្ថិតស្ថេរ​គង់វង្ស​ជារៀង​រហូត ខណៈ​ប្រទេស​ទាំងពីរ​ជា​មិត្ត ​និង​បាន​តស៊ូ​រួមគ្នា​កាល​ពី​អតីតកាល។​ លោក​ ទិត សុធា​ បាន​លើក​ឡើង​ទៀត​ថា ​កម្ពុជា​ដឹងគុណ​ជានិច្ច​ចំពោះ​វៀតណាម​ដែល​បាន​ជួយ​រំដោះ​ ប្រជាជន​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី ៧ មករា ឆ្នាំ ១៩៧៩។​ លោក​បន្ត​ថា ​ចំណង​មិត្តភាព​ ដែល​រឹត​បន្តឹង​ថ្មីៗ​នេះ​ នឹង​នាំ​មក​នូវ​ការ​វិនិយោគ​ថ្មីៗ​ទៀត​ពីសំណាក់​ប្រទេស​វៀតណាម។​

គ្មាន​សេចក្តី​រាយការណ៍​ ​អះអាង​ថា​ សម្តេចឪ​ នរោត្តម​ សីហនុ​ ឬ​ព្រះ​មហាក្សត្រ​ខ្មែរ​ លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​នានា​លើ​ការ​បោះ​បង្គោល​ព្រំដែន​ ឬ​ការ​បែងចែក​នូវ​ការ​គ្រប់គ្រង​រួម​គ្នា​លើ​ដែនដី​កម្ពុជា​ និង​កោះត្រល់​​រវាង​កម្ពុជា​ និង​វៀតណាម​ទេ។ បញ្ហា​បូរណភាព​ដែនដី​ដែល​បក្ស​ប្រឆាំង​ និង​ក្រុម​សង្គម​ស៊ីវិល​ខ្លះ បាន​ស្នើ​សូម​អង្គ​ព្រះ​មហាក្សត្រ​មាន​ព្រះរាជ​តម្រិះ​ក្នុង​ពេល​ព្រះអង្គ​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម។​
 
ទោះយ៉ាងណាលោក​ យឹម​ សុវណ្ណ​ តំណាងរាស្ត្រ​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សម​ រង្ស៊ី ​ មាន​ជំនឿ​ថា​ សម្តេចឪ​ប្រាកដ​ជា​បាន​លើក​បញ្ហា​នេះ ​នៅក្នុង​សវនាការ​ជាមួយ​នឹង​មេដឹកនាំ​ជាន់ខ្ពស់​វៀតណាម។​ មាន​ជំនឿ​ដោយ​លោក​បញ្ជាក់​ថា​ សម្តេចឪ​ ជា​អង្គ​ព្រះ​មហាក្សត្រ​ដែល​មាន​បទពិសោធន៍​​ខ្ពស់​ក្នុង​ការដឹកនាំ​ជាតិ​ ដូច្នេះ​ព្រះអង្គ​ប្រាកដ​ជា​បាន​លើក​ឡើង​ពី​បញ្ហា​បូរណភាព​ និង​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម។ បញ្ហា​ព្រំដែន ​ដែល​លោក​ យឹម​ សុវណ្ណ ​លើក​ឡើង​ថា​គឺ​ជា​ចំណុច​រសើប។​ ដូច្នេះ​​ការពិភាក្សា​មិន​អាច​បើក​ចំហ​សម្រាប់​សាធារណជន​នោះ​ឡើយ។ លោក​បាន​បន្តថា​ គណបក្ស​ប្រឆាំង​នឹង​បន្ត​ធ្វើ​កិច្ចការ​ត្រួត​ពិនិត្យ​លើ​ការបោះបង្គោល​ព្រំដែន​បន្ត​ទៀត។ មិនត្រឹម​តែ​ជាមួយ​នឹង​ប្រទេស​វៀតណាម​ទេ​ ប៉ុន្តែ​នឹង​បន្ត​ទៅ​ភាគ​ខាង​លិច​ជាមួយ​នឹង​ប្រទេស​ថៃ។ ថៃ​ និង​វៀតណាម​ដែល​តាម​ការ អះអាង​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ គឺ​នៅ​តែ​បន្ត​ចិញ្ចឹមចិត្ត​ក្នុង​ការ​ឈ្លានពាន​កាន់កាប់​ទឹកដី​ខ្មែរ​ដោយ​ខុសច្បាប់​ដដែល៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ