អានតួអត្ថបទ
ចិន-ទីបេ

តំបន់​ស្វយ័ត​ទីបេ​រញ្ជួយ​ជា​ថ្មី​ដោយ​ការ​ដុត​សម្លាប់​ខ្លួន និង​បង្ក្រាប​ចាប់​ឃុំ

មាន​ករណី​ដុត​សម្លាប់​ខ្លួន​​​ទៀត​​ហើយ នៅ​ទីបេ ! ​ថ្ងៃ​ពុធ​ម្សិលមិញ ស្ត្រី​ទីបេម្នាក់ ដែល​រស់​ ​ក្នុង​ខេត្ត​អាបា ​នៃ​តំបន់​ស្វយ័ត​ទីបេ បាន​សម្រេច​ធ្វើ​អត្តឃាត​ដោយ​ការ​ដុត​​សម្លាប់ខ្លួន​ នៅ​មុខ​វត្ត។ សេចក្តី​អស់​សង្ឃឹម គ្មាន​សេរីភាព​ ទាំង​ផ្នែក​សាសនា​ ទាំង​វប្បធម៌ ​និង​រស់​ក្រោម​គំនា​ប​​គ្មាន​ត្រា​ប្រណី ពី​សំណាក់​អាជ្ញាធរ​ក្រុង​ប៉េកាំង បាន​រុញ​ច្រាន​​សង្ឃ​ និង​ប្រថុ​ជ្ជន​ទីបេ ឱ្យ​បះបោរ​ប្រឆាំង​តាម​រយៈ​ការ​ដុត​សម្លាប់​ខ្លួន។ ដោយហេតុ​តែ​ការ​ផ្ទុះ​ឡើង​វិញ​នៃ​ចលនា​ដុត​សម្លាប់​ខ្លួននេះ​ អាជ្ញាធរ​ចិន​បាន​បើក​យុទ្ធនាការ​បង្ក្រាប​ចាប់​ ​បណ្តាជន​ទីបេ​ប្រមាណ​៦​រយ​នាក់​ ​ នៅ​ទីក្រុង​ឡាសា។

ជនទីបេ​ដុត​ខ្លួន​ឯង​ រួច​រត់​ ដើម្បី​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​ នៅ​ឥណ្ឌា។ រូបថត​ខែ​មីនា ២០១២
ជនទីបេ​ដុត​ខ្លួន​ឯង​ រួច​រត់​ ដើម្បី​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​ នៅ​ឥណ្ឌា។ រូបថត​ខែ​មីនា ២០១២ © reuters
ផ្សាយពាណិជ្ជកម្ម

អត្តឃាត​ដុត​សម្លាប់​ខ្លួន​របស់​ស្ត្រីទីបេ​​ ជា​ម្តាយ​កូន​បី​នាក់ អាយុ​ខ្ទង់​៣៥​ឆ្នាំ ដែលផ្សព្វផ្សាយ​ដំបូង​ឡើង​ដោយ​​វិទ្យុ​អាស៊ីសេរី ​ទើប​ត្រូវ​បាន​បញ្ជាក់​ដោយ​អង្គការ​ការពារសិទ្ធិមនុស្ស​ទីបេ Free Tibet ក៏​ប៉ុន្តែ​អាជ្ញាធរ​តំបន់​ ដែល​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​បាន​ទាក់ទង​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ បដិសេធ​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​។

 
ករណី​ដុត​សម្លាប់​ខ្លួន​របស់​ស្ត្រី​ទីបេ​ម្សិលមិញ​នេះ កើត​ឡើង​បី​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ការ​ដុត​សម្លាប់ខ្លួន​របស់​សង្ឃ​ទី​បេ​ពីរ​អង្គ ដែល​មួយ​អង្គ​បាន​បាត់​បង់​ជីវិតភ្លាម និងមួយ​អង្គទៀត​រង​របួស​ជា​ទម្ងន់។ ប៉ុន្តែ​អ្វី​ជា​ការកត់​សម្គាល់ ការ​ប៉ុន​ប៉ង​ដុត​សម្លាប់​ខ្លួន​របស់​សង្ឃ​ទីបេ ពីរ​អង្គ​​ ដើម្បី​បរិហារ​អំណាច​ត្រួត​ត្រា​ផ្តាច់ការ​របស់​អាជ្ញាធរ​ក្រុង​ប៉េកាំងនេះ​​ ជា​ហេតុ​ការណ៍​បះបោរ​ដុត​សម្លាប់​ខ្លួន​ប្រឆាំងរបប​កុម្មុយនិស្ត​ចិន ​លើក​ដំបូង​បង្អស់​ នៅ​កណ្តាល​រដ្ឋធានី​ឡាសា របស់​ទីបេ។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ភ្លាមមួយ​រំពេច អាជ្ញាធរ​ចិន បាន​ពង្រឹង​ការ​គាប​សង្កត់ បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ តាំង​ពី​ថ្ងៃ​អាទិត្យ​មក ចាប់​ខ្លួន​ប្រជាជន និង​សាសនិកជន​ទីបេ ឃុំឃាំង​ប្រមាណ​៦​រយ​នាក់។ ជន​​​ណា​ដែល​មាន​ដើម​កំណើត​មក​ខេត្ត​ផ្សេង​ ត្រូវ​បណ្តេញ​ចេញ​ពី​ទីបេ។

ជា​សរុប​ គិត​ចាប់​ពី​ខែ​មីនា ឆ្នាំ​២០១១​មក មាន​សង្ឃ​និង​ជន​ទីបេ ៣៥​នាក់​ហើយ ដែល​បាន​ប៉ុន​ប៉ង​ដុត​សម្លាប់​ខ្លួន​ ក្នុង​នោះ​២៧​នាក់​បាន​ស្លាប់។ នេះ​បើ​តាម​តួ​លេខ​របស់​អង្គការ​ចលនា​ទីបេ​និរទេស​ខ្លួន៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ