អានតួអត្ថបទ
ទីបេ-ចិន

លោក​​សង្ឃ​​ទីបេ​​ពីរ​​អង្គ​​ប៉ុនប៉ង​​ដុត​​សម្លាប់​​ខ្លួន​​ជា​​ថ្មី​​

មាន​​​លោកសង្ឃ​​​ទីបេ​​ពីរ​​​អង្គ​​ បាន​​ប៉ុនប៉ង​​ដុត​​សម្លាប់​​ខ្លួន​​​នៅ​​​រសៀល​​ថ្ងៃ​អាទិត្យ​២៧​ឧសភា​​ម្សិល​មិញ​​​នៅ​​កណ្តាល​​​ទីក្រុង ​Lhassa​ ជា​ហេតុ​​បណ្តាល​​ឲ្យ​លោក​សង្ឃ​​មួយ​​អង្គ​​ទទួល​អនិច្ចធម្ម​​និង​​មួយ​​​អង្គ​ទៀត​​ត្រូវ​​របួស​​ធ្ងន់​ដោយ​រលាក​ភ្លើង​ខ្លាំង​-នេះ​​បើ​​យោង​​តាម​​ទីភ្នាក់ងារ​​ព័ត៌មាន​​ចិន​​​ថ្មី​​ចេញ​​ផ្សាយ​​នៅ​​ថ្ងៃ​​ចន្ទ​​២៨​ឧសភា​នេះ។​

លោក​សង្ឃ​ទីបេ​ពីរអង្គ​​ទើប​​បាន​ប៉ុនប៉ង​ដុត​សម្លាប់ខ្លួន​ជាលើកដំបូង​នៅទីក្រុង​Lhassa​
លោក​សង្ឃ​ទីបេ​ពីរអង្គ​​ទើប​​បាន​ប៉ុនប៉ង​ដុត​សម្លាប់ខ្លួន​ជាលើកដំបូង​នៅទីក្រុង​Lhassa​ ©រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

 

វិទ្យុ​អាស៊ី​សេរី ​(RFA)នៅសហរដ្ឋអាមេរិក​  បាន​ជូន​​ដំណឹង​ជា​លើក​ដំបូង​ថា ភិក្ខុ​សង្ឃ​ទីបេ​ទាំង​ពីរ​អង្គ​នេះដែល​​បាន​​ប៉ុនប៉ង​ដុត​សម្លាប់​ខ្លួន បានត្រូវភ្លើង​ឆាប​ឆេះរោលរាល​យ៉ាង​ខ្លាំង​​ប្រៀប​បាន​នឹង​ចន្លុះ​ឬ​ភ្លើងគប់​និង​ទំនង​ជាបានទទួល​​អនិច្ចធម្មទាំងពីរអង្គ-នេះ​បើ​យោង​តាម​ការ​រៀប​រាប់​របស់អ្នកដែល​បានឃើញផ្ទាល់​នឹងភ្នែក។

ចំណែក​​ទីភ្នាក់ងារ​​ព័ត៌មាន​ចិន​ថ្មីវិញ បានគូសបញ្ជាក់ថា៖ ការ​ប៉ុនប៉ង ​ដុត​សម្លាប់​ខ្លួន​នេះ គឺ​ជា​លើក​ដំបូង​ហើយ​ដែល​បាន​កើត​ឡើង​នៅកណ្តាល​​​រដ្ឋធានី ​Lhassa​ ក្នុង​​តំបន់​ស្វយ័ត​ទីបេ។ ប៉ុន្តែ​ ប៉ូលិស​បាន​ធ្វើ​អន្តរាគម​ទាន់ពេល ​ដោយ​បាន​​ពន្លត់​ភ្លើង​ដោយ​ជោគជ័​យក្នុង​រយៈ​​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

ភិក្ខុ​ Dargye បាន​រួច​ផុត​ពី​​ការបាត់បង់ជីវិត-នេះបើយោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី​ដដែល​ដោយ​បានបន្ថែមទៀតថា ៖ លោកនេន Dargye ជា​អ្នក​ស្រុក​ Aba ដែល​ជា​តំបន់​ទីបេ​មួយ​នៅ​​ខេត្ត ​Sichuan ប៉ែក​ឦសាន​ប្រទេស​ចិន ​​ជាទី​ដែល​ជនជាតិ​ទីបេ​ជា​ច្រើន​នាក់​ហើយ​បាន​ដុត​សម្លាប់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​មុន​ម្ល៉េះ។ រីឯ​ លោកនេន​​ម្នាក់​ទៀត​ឈ្មោះTobgye Tseten​ បាន​អនិច្ច​ធម្មភ្លាម​ដោយហេតុមុខ​របួសរលាក​​ភ្លើង​ធ្ងន់ធ្ងរ​ពេក​និងនិមន្ត​មក​ពី​ខេត្ត​​ Gansu ប៉ែក​ពាយ័ព្យ​ប្រទេស​ចិន។

ការ​ប៉ុនប៉ង​ដុត​សម្លាប់​ខ្លួនរបស់​​លោក​នេន​ទីបេ​ទាំង​ពីរ​អង្គគឺ​ជា​កាយវិការ​សំដែង​​ក្តី​អស់​សង្ឃឹម​​​ក្នុង​​ជីវិតដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​វត្ត​ Jokhangជាទី​​កន្លែង​ធ្វើ​ធម្មយាត្រាមួយ​​​ដែល​មាន​ចំណាស់​​​​រាប់រយឆ្នាំ-នេះជាការបញ្ជាក់របស់​វិទ្យុអាស៊ីសេរី RFA។ ក៏​ប៉ុន្តែ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី​វិញ ពុំ​បាន​លើក​ឡើង​អំពី​វត្តមាន​នៃ​វត្ត​Jokhangនេះ ដែល​ស្ថិត​នៅ​កណ្តាលទីក្រុង​ Lhassa​ នៅ​ក្នុង​ព័ត៌មាន​របស់ខ្លួនឡើយ។

មន្ត្រី​ជាន់​ខ្ពស់​កុម្មុយនិស្ត​ចិន​ម្នាក់​នៅ​ក្នុង​តំបន់លោក Hao Peng បាន​ថ្កោល​ទោស​​ព្រឹត្តិការណ៍​ប៉ុន​ប៉ង​​ដុត​សម្លាប់​ខ្លួន​ឯង​នេះ ដោយ​វាយតម្លៃថា វាអាច​នឹង​​​​កើត​មាន​ជា​បន្ត​បន្ទាប់​ទៀត​នៅ​​ក្នុង​​តំបន់​ទីបេ​ដទៃ​ផ្សេង​ទៀតនិង​ក៏​ជាសកម្មភាព​មួយ​ដែល​មាន​គោលដៅ​ដើម្បីផ្តាច់​​ទឹក​ដីទីបេ​ចេញពី​ប្រទេស​ចិន។
 

ជន​ជាតិ​ទីបេ​ប្រមាណ​ជា​៣០​នាក់​ហើយ ដែល​ភាគ​ច្រើន​ជា​សង្ឃ​កាន់​ព្រះ​ពុទ្ធសាសនា បាន​ដុត​សម្លាប់​ខ្លួន​ឯង ឬ ក៏​ប៉ុនប៉ង​ដុត​សម្លាប់​ខ្លួន ចាប់តាំង​ពីដើមខែ​មីនា​ឆ្នាំ​២០១១ នៅ​ក្នុង​តំបន់​ទីបេដែលកាន់កាប់ដោយអាជ្ញាធរចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ