អានតួអត្ថបទ
ភូមា

អាមេរិក​និង​អ.ស.ប.​មាន​សុទិដ្ឋិនិយម​ចំពោះ​កំណែទម្រង់​នយោបាយ​នៅ​ភូមា

កាលពីថ្ងៃ​សុក្រ ៤ វិច្ឆិកា ២០១១​ ម្សិលមិញនេះ​ ក្រោយ​ពី​បាន​បញ្ចប់​ដំណើរទស្សនកិច្ច​រយៈពេល​ ៥ថ្ងៃ នៅ​ភូមា មន្រ្តី​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក និង​អ.ស.ប. បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ចំពោះ​ការធ្វើ​កំណែទម្រង់​នយោបាយ នៅ​ភូមា។ រដ្ឋាភិបាល​អាមេរិក​កំពុង​ធ្វើការ​ពិចារណា​អំពី​វិធានការមួយចំនួន ដើម្បីឆ្លើយតប​នឹង​សញ្ញាវិជ្ជមាន​នេះ។

មន្រ្តីជាន់ខ្ពស់​អាមេរិក​ជួបជាមួយ​លោកស្រី​អ៊ុង សាន ស៊ូជី ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ភូមា
មន្រ្តីជាន់ខ្ពស់​អាមេរិក​ជួបជាមួយ​លោកស្រី​អ៊ុង សាន ស៊ូជី ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ភូមា REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​នៅភូមា ​របស់​មន្រ្តីជាន់ខ្ពស់​មកពី​អាមេរិក និង​អ.ស.ប. បាន​ធ្វើ​ឡើង នៅ​ក្នុង​ពេល​ព្រមៗ​គ្នា។ ទីប្រឹក្សា​ពិសេស​របស់​អគ្គលេខាធិការ​អ.ស.ប. បាន​ទៅដល់​ភូមា កាលពីថ្ងៃ​ចន្ទ។ ប្រេសិត​ពិសេស​​របស់​លោក​អូបាម៉ា ទទួល​បន្ទុក​កិច្ចការ​ភូមា អម​ដំណើរ​ដោយ​អនុរដ្ឋមន្រ្តី​ការបរទេស​​អាមេរិក​ទទួលបន្ទុក​កិច្ចការ​​សិទ្ធិមនុស្ស​​​ បាន​ទៅដល់​ភូមា​នៅថ្ងៃ​អង្គារ។ ដំណើរ​ទស្សនកិច្ច​ទាំងពីរ​នេះ​បាន​បញ្ចប់​ទៅ ក្នុង​ថ្ងៃ​ជាមួយ​គ្នា ជាមួយ​នឹង​សេចក្តី​សន្និដ្ឋាន​ស្រដៀងគ្នា គឺ​សញ្ញាវិជ្ជមាន ក្នុង​កំណែទម្រង់​នយោបាយ នៅ​ភូមា។

លោក​អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក​​បាន​ថ្លែង​ថា ថ្វីដ្បិត​តែ​​លោក​មាន​ការបារម្ភ​ចំពោះ​ស្ថានភាព​ជនជាតិ​ភាគតិច​ និង​អ្នកទោស​នយោបាយ​ភូមា ក៏ប៉ុន្តែ លោក​ទទួលស្គាល់​ថា កំណែទម្រង់​របស់​អាជ្ញាធរ​ស៊ីវិល​ភូមា​ពិតជា​មាន​ភាព​ជឿនលឿន​ទៅមុខ គួរ​ឲ្យ​មាន​ក្តីសង្ឃឹម។

ចំណែក​ទីប្រឹក្សាពិសេស​របស់លោក​បាន គីមូន វិញ បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ស៊ីវិល​ភូមា ក្នុង​ការ​ផ្សះផ្សា​ជាតិ ហើយ​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា ប្រសិន​បើ​រដ្ឋាភិបាល​ភូមា​បន្ត​ធ្វើ​តទៅទៀត កំណែទម្រង់​នេះ​នឹង​ជា​ឱកាស​ជា​ប្រវត្តិសាស្រ្ត​មួយ សម្រាប់​ប្រជាជន​ភូមា។
 

ជាជំហាន​វិជ្ជមាន​ដ៏​គួរឲ្យ​កត់សម្គាល់​បំផុត គឺ​ កាលពីថ្ងៃ​សុក្រម្សិលមិញ ប្រធានាធិបតី​ភូមា​បាន​យល់ព្រម​ឲ្យ​មាន​ការកែប្រែច្បាប់​បោះឆ្នោត ដើម្បី​បើកផ្លូវ​ឲ្យ​លោកស្រី​អ៊ុង សាន ស៊ូជី អាច​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​វិញ។ ការហាមឃាត់​អតីត​អ្នកទោស​មិន​ឲ្យ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ លែងមាន​ចែង​ទៀតហើយ នៅ​ក្នុង​ច្បាប់​បោះឆ្នោត​ថ្មីនេះ។

 
ប្រសិតពិសេស​របស់​លោក​អូបាម៉ា​​ ទទួល​បន្ទុក​កិច្ចការ​ភូមា បាន​ឲ្យដឹង​ថា រដ្ឋាភិបាល​អាមេរិកនឹង​ធ្វើការ​​ពិចារណា​អំពី​ការ​បង្កើន​គម្រោង​ជំនួយ​អភិវឌ្ឍន៍​នៅ​ភូមា ដើម្បី​លើកទឹកចិត្ត និង​ជំរុញ​ការ​ធ្វើ​កំណែទម្រង់​​​បន្ត​ទៅទៀត។ អាមេរិក​កំពុង​ពិចារណា​ជាពិសេស​ទៅលើ​គម្រោង​​​ពង្រីក​កម្មវិធី​​មីក្រូហិរញ្ញវត្ថុ​​របស់​ទីភ្នាក់ងារ USAID ដើម្បី​ផ្តល់​ដើមទុន​ដល់​កសិករ​ភូមា។ ចំពោះ​ទណ្ឌកម្ម​ ដែល​អាមេរិក​​កំពុង​ដាក់​លើ​ភូមា​វិញ រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​មិនមាន​សិទ្ធិ​សម្រេច​លុប​ចេញ​វិញ​បានទេ ប្រសិន​បើ​គ្មាន​ការ​អនុញ្ញាត​ពី​សភា។

គួរ​បញ្ជាក់ថា ចាប់តាំង​ពីបាន​ឡើង​កាន់អំណាច កាល​ពី​ខែ​មីនា​មក រដ្ឋាភិបាល​ស៊ីវិល​ភូមា​បាន​​ព្យាយាម​បង្ហាញ​នូវ​សកម្មភាព​ជាច្រើន ដើម្បី​ចង់បង្ហាញ​ឲ្យ​សហគមន៍​អន្តរជាតិ​ឃើញ​ថា របបដឹកនាំ​ថ្មី​នៅ​ភូមា​ខុស​ពី​របប​យោធា ដែល​កាន់អំណាច​រយៈពេល​ជាង ២០​ឆ្នាំ​កន្លងទៅនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ