អានតួអត្ថបទ
ស.រ.អា. ភូមា

បេសកជន​ពិសេស​អាមេរិកាំង​Derek Mitchell​ ជួប​សន្ទនា​ជាមួយ​រដ្ឋមន្រ្តី​​ភូមា​

លោក​ Derek Mitchell​ បេសកជន​​ពិសេស​​អាមេរិកាំង​​ទី​មួយ ​ទទួល​ប​ន្ទុក​​កិច្ច​​ចរចា​​ជា​​មួយ​​ភូមា​ បាន​​ផ្តើម​​ទស្សនកិច្ច​​នៅ​ Naypydaw​ រដ្ឋធានី​នយោបាយ​របស់​ភូមា​​នៅ​​ថ្ងៃ​​សុក្រ​​៩​កញ្ញា​​ម្សិល​មិញ។​ ទស្សនកិច្ច​​នេះ​ ក៏​​ជា​​សក្ខីភាព​​បញ្ជាក់​​ពី​អំពី​​​ចេតនា​​ជា​​ថ្មី​ម្តង​​ទៀត​​របស់​​ទីក្រុង​​វ៉ាស៊ីនតោន​ ​ក្នុង​​ការ​ជំរុញ​​​ឲ្យ​​រដ្ឋាភិបាល​​ថ្មី​​ភូមា​ ​ធ្វើ​​កំណែ​​ទម្រង់​​ពិត​ប្រាកដ​​នៅ​​ក្នុង​​ប្រទេស។​ លោក​ Derek Mitchell​ ដែល​​ត្រូវ​​បាន​​លោក​​ប្រធានាធិបតី​ បារ៉ាក​​អូបាម៉ា​ ​តែង​តាំង​ នា​ពេល​ថ្មីៗ​នេះ ​បាន​​ជួប​ប្រាស្រ័យ​ ជាមួយ​​រដ្ឋមន្រ្តី​​ក្រសួង​ការបរទេស​​​ លោក ​Wunna Maung Lwin​ និង​​ក៏​​ត្រូវ​​ជួប​​សន្ទនា​​ជា​មួយ​​បណ្តា​​ឥស្សរជន​​នានា​​នៃ​​សភា​​​ភូមា​​ផង​ដែរ​​ដែល​ ​បច្ចុប្បន្ន​​កំពុង​រួម​ប្រជុំ​ការងា​រ​​ធម្មតា​។

សមាជិកសភា​ភូមា​កំពុង​រួមប្រជុំគ្នានៅសាលសភានៅNaypyitaw ថ្ងៃ២២​សីហា​២០១១។
សមាជិកសភា​ភូមា​កំពុង​រួមប្រជុំគ្នានៅសាលសភានៅNaypyitaw ថ្ងៃ២២​សីហា​២០១១។ REUTERS/Soe Zeya
ផ្សាយពាណិជ្ជកម្ម

លោក Derek Mitchell ដែល ​ជា​ឥស្សរជន​​នយោបាយ​មួយ​រូប ​ស្គាល់ច្បាស់​អំពី​ស្ថានភាព​​​តំបន់ អាស៊ី ត្រូវ អញ្ជើញមកកាន់ទីក្រុង​រ៉ង់ហ្គូន​វិញ​នៅ​ថ្ងៃសៅរ៍​១០​កញ្ញា​នេះ​វិញ​ ហើយ​បន្ទាប់​មក​ទៀត​ លោក​នឹងត្រូវ​​ជួបសន្ទនា​ជាមួយ​អ្នក​ទទួលខុសត្រូវ​​សំខាន់ៗ​នៃ​គណបក្ស​ប្រឆាំង​ភូមា​និង​ជាមួយ​លោកស្រី អ៊ុងសានស៊ូជី ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ នៅ​ថ្ងៃ​ចន្ទ​ទី​១២​កញ្ញា​ខាង​មុខ។

គួររំលឹកថា នៅខែមិថុនា​កន្លងផុតទៅនេះ លោក Derek Mitchel​l ធ្លាប់​បាន​គូស​បញ្ជាក់​ប្រាប់​ដែរ​ថា « ​លោក​មាន​ចេតនា លើកស្ទួយ​ដល់​ការ​ចរចាគ្នា​​មួយ​ដែល​មាន​លក្ខណៈ​ស្មោះសរ​និង​ដោយ​ផ្ទាល់ »​ជាមួយ​រដ្ឋាភិបាល​ថ្មី​ភូមា​ដែលទើប​​បាន​​គ្រប់គ្រង​ប្រទេស​បន្ត​​​ពី​​របប​សឹក ​ចាប់​តាំង​​​ពី ​រដូវ​ផ្ការីកមក។ រដ្ឋាភិបាល​ថ្មី ​ដែល​មាន​សមាសភាព សុទ្ធតែ​​ជា​​អតីត​​នាយ​ទាហាន​ នៅ​​តែ​​ស្ថិត​​នៅ​​ក្រោម​ការ​ត្រួតត្រា​​របស់​​កងទ័ពដដែល។

មួយវិញទៀត ដំណើរទស្សនកិច្ច​របស់​បេសកជន​ពិសេស​អាមេរិកាំង​នៅ​ភូមា​នាពេល​នេះ គឺ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​នៃ​រដ្ឋាភិបាល​លោក​អូបាម៉ា ដែល​មាន​គោល​ដៅ​​ ជួយ​ជំរុញ​ឲ្យ​ភូមា​​ធ្វើ​កំណែ​ទម្រង់​ឲ្យ​បាន​ពិត​ប្រាកដ រកការផ្សះផ្សា​ជាតិនិង​អភិវឌ្ឍន៍​​​ប្រទេស។

លោក Derek Mitchell នឹង​ត្រូវ ជួប​សន្ទនាផងដែរ ​ជា​មួយ​​អ្នកទទួលខុសត្រូវនៃ​គណបក្ស​ប្រឆាំង​នានា ដែល​ក្នុង​ចំណោម​នោះ ក៏​មាន​សមាជិក​នៃ គណបក្ស « កម្លាំង​ប្រជាធិបតេយ្យ​ជាតិ​(NDF) »ដែរ ដែលបានបំបែកខ្លួនចេញ​ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ​របស់​លោកស្រីអ៊ុងសានស៊ូជី​នៅឆ្នាំ​២០១០ ក្នុងគោល​ដៅ​​ដើម្បី​ចូលរួម​បោះឆ្នោត។​

ម្យ៉ាងទៀត« ទស្សនកិច្ច របស់​លោក Derek Mitchell ​នា​ពេល​នេះ គឺគ្រាន់តែ​ជា បេសកកម្ម​សាមញ្ញ​មួយ ​ដើម្បី​ជា​ព័ត៌មាន​ប៉ុណ្ណោះ»​នេះ​ជា​ការ​អះអាង​របស់ លោក Khin Maung Swe ប្រធាននៃគណបក្ស កម្លាំង​ប្រជាធិបតេយ្យ​ជាតិ​NDF​ ដែល ​រំពឹង​​ទុក​​ថា នឹង​បានជួបសន្ទនា​ជាមួយ​​បេសកជន​ពិសេស​អាមេរិកាំង​នេះ ​ស្តី​អំពី​ជំហរ​របស់​ទីក្រុង​វ៉ាស៊ីនតោន ចំពោះ​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​របប​ភូមា ។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក ​នៅតែមិនទាន់​ប្តូរជំហរនយោបាយ​របស់ខ្លួន​នៅ​ឡើយ​ទេ នៅចំពោះមុខ របបថ្មីភូមា បើ​ទោះបី​ជា​រដ្ឋាភិបាលស៊ីវិល​នេះ ​ខិតខំ លុប​លាង​​ជម្រះ​​ចេញ​ឲ្យ​អស់ ​ពីមុខមាត់និងកេរ្តិ៍ឈ្មោះ​អសោចិ៍​​ទាំង​ប៉ុន្មានរបស់​ខ្លួន​​នៅ​លើឆាក​អន្តរជាតិ​ក្តី​ពីព្រោះ ​សហរដ្ឋ​អាមេរិកនៅតែ​បន្ត​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ថែមទៀត​ទៅ​លើ​​ភូមា។ ជា​​ជម្រើស​​មួយ ដែល​យល់ព្រមព្រៀង​ពី​សំណាក់​លោកស្រី​ស៊ូជីដែរ ក៏​ប៉ុន្តែ ការ​ដាក់​ទណ្ឌកម្ម​​របស់​អាមេរិកាំង​នេះ បង្ក​បំផុស​ឲ្យ​​មានការ​ពិភាក្សាគ្នា​យ៉ាងច្រើន ​នៅ​ក្នុង​រង្វង់​នៃ គណបក្ស​ប្រឆាំង​ភូមា​ផ្សេងៗ​ទៀត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ