អានតួអត្ថបទ
ស.រ.អា. ភូមា

បេ​សកជន​ពិសេស​ថ្មី​អាមេរិកាំង​ ផ្តើម​ដំណើរ​ទស្សនកិច្ច​លើក​ទីមួយ​នៅ​ភូមា​

លោក​ Derek​ Mitchell​ បេសកជន​​ពិសេស​​អាមេរិកាំង​​ទី​មួយ​ ​​ ​​ទទួល​​បន្ទុក​​កិច្ច​​ចរចា​​ជាមួយ​​របប​​ភូមា ​ត្រូវផ្តើម​​ដំណើរ​​ទស្សនកិច្ច​​លើក​​ដំបូង​​របស់​​ខ្លួន​​នៅ​ក្នុង​​ ប្រទេស​​ភូមា។ ជា​​អ្នក​​ជំនាញ​​ម្នាក់​​ផ្នែក​​តំបន់​​អាស៊ី ​លោក ​Derek Mitchell​ ដែល ​មាន​​បំណង​​ជួប​​ប្រាស្រ័យ​​ជាមួយ​​អ្នក​តំណាង​​ទាំង​​មូល​​នៃ​​សង្គម​​ ភូមា ​ជាអាទិ៍​ អ្នក​​ទទួលខុស​ត្រូវ​​​របស់​​រដ្ឋាភិបាល​​ សមាជិក​​នៃ​​គណបក្ស​​នយោបាយ​​និង​​អ្នក​​ទទួល​​ខុសត្រូវ​​ក្នុង​​តំបន់​​​នៃ ​​ក្រុម​​អង្គការ​​សង្គម​ស៊ីវិល។​ នេះ​ជាការ​ជូន​ដំណឹង​​របស់​​ក្រសួង​ការបរទេស​​អាមេរិក​​នៅ​ថ្ងៃ​ អង្គារ៦កញ្ញា២០១១​​ម្សិលមិញ។​

លោក  Mitchell, បេសកជនពិសេស​អាមេរិកាំង​ទីមួយ​ទទួលប​ន្ទុក​កិច្ច​ចរចា​ជាមួយ​របប​ថ្មីភូមា។
លោក Mitchell, បេសកជនពិសេស​អាមេរិកាំង​ទីមួយ​ទទួលប​ន្ទុក​កិច្ច​ចរចា​ជាមួយ​របប​ថ្មីភូមា។ DR
ផ្សាយពាណិជ្ជកម្ម

ដំណើរ​​ទស្សនកិច្ច​របស់​លោក Derek Mitchell នៅ​​​ភូមា ដែល​​ត្រូវ​ប្រព្រឹត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​​នយោបាយ​នៃ​រដ្ឋការ​លោក អូបាម៉ា​ មាន​គោលដៅ​ដើម្បី​រក កិច្ច​ចរចា​ជា​ថ្មី​ឡើង​វិញ​ជាមួយ​ប្រទេស​ភូមា និង​ក៏​ដើម្បី​​ជួយ​ជំរុញ​ប្រទេសនេះ នៅ​​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​​ពិតប្រាកដ- ការ​ផ្សះផ្សា​ជាតិ​​និង​អភិវឌ្ឍន៍​ប្រទេស។

បន្ទាប់ពី​បាន​ទទួល​ការ​យល់ព្រម​ពី​សំណាក់​ព្រឹទ្ធសភា​អាមេរិក​នៅ​ខែ​មិថុនា​កន្លង​មក លោក Derek Mitchell អ្នកការទូត​ប្រកប​ដោយ​បទពិសោធន៍​នេះ បានសន្យា​ថា លោក នឹង​​ខិតខំស្វែង​​រកកិច្ចចរចា​មួយ​ដែល​​ប្រកប​ដោយ​លក្ខណៈ « ស្មោះសរ​និង​ដោយ​ផ្ទាល់​​ជា​មួយថ្នាក់​ដឹក​នាំ​ភូមា »។ បេសកជនពិសេសអាមេរិកាំង ថែមទាំង​វាយ​តម្លៃ​ទៀត​ថា « សហរដ្ឋអាមេរិក​ត្រូវតែ​បញ្ចេញ​ប្រតិកម្ម ឲ្យ​សម​ស្រប​ទៅ​តាម​កាលៈទេសៈ​និង​ចេះ​​ច្បិច​​​យក​​ដោយ​រហ័ស​រហួននៅ​ពេល​ដែល​ឱកាស​ល្អ​ហុច​ឲ្យ »។

គួររំលឹកថា សហរដ្ឋអាមេរិក​ធ្លាប់​មាន​ទំនាក់​ទំនង​តានតឹងយ៉ាងខ្លាំង ជាមួយ ​របបសឹក​ភូមា ដោយសារតែ ​របបសឹក​នេះ បាន​ដាក់​គំនាប ​ជាពិសេស ទៅ​លើ​ លោកស្រី អ៊ុងសានស៊ូជី​ប្រធាន​នៃគណបក្សប្រឆាំងភូមា។ លោកស្រី​ស៊ូជី ​ដែល​ទើបត្រូវ​​បាន​របប​សឹក​ដោះ​លែង​ ពី​ការ​ឃុំឃាំង​នៅ​ក្នុង​លំនៅដ្ឋាន​កាលពី​ខែវិច្ឆិកា​ឆ្នាំ២០១០ គឺនៅក្រោយ ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេសជាងមួយសប្តាហ៍ ប៉ុណ្ណោះ ។  ការបោះឆ្នោត ដែល​ សហគមន៍​​អន្តរជាតិ ​មួយ​ភាគ​ធំ​វាយតម្លៃ​ថា « ជាការបោះឆ្នោត​ ដើម្បី បំភាន់ភ្នែក​សាធារណ​ជ​ន​តែប៉ុណ្ណោះ »។

ក៏ប៉ុន្តែ រដ្ឋាភិបាល​ស៊ីវិល​ភូមា ដែល​ទើប​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​នោះ បាន​ប្តូរ​ជំហរ​នយោបាយ​​​របស់​ខ្លួន ដោយ​បាន​ហុចដៃ​ទៅ​រក​លោកស្រី​ស៊ូជី និង​​ជួប​ប្រាស្រ័យ​ជាមួយ​គ្នា​ក៏ព្រមទាំង បើកសិទ្ធិ​​សេរីភាព​ឲ្យ​ប្រធាន​នៃ​បក្ស​ប្រឆាំង​ភូមា​ដ៏​ល្បី​​នេះ ចេញ​ធ្វើ​​ដំណើរ​នយោបាយ​​នៅ​ក្រៅ​ទីក្រុង​រង់ហ្គូនដោយ​គ្មានឧបស័គ្គ។ ជំហរថ្មី​នៃ​របប​ភូមា​ស៊ីវិល​នេះ ​គឺ ​ដើម្បីខិតខំ ជម្រះ​ចេញ​ឲ្យ​អស់​ មុខមាត់​និង​កេរ្តិ៍ឈ្មោះ​មិន​ល្អ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។

មួយវិញទៀត យោង​តាម ប្រភព​ផ្លូវការ​ភូមា​ដែល​ជូន​ដំណឹង​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​​ឲ្យ​ដឹង​ថា »ប្រទេស​ភូមានឹង​រៀបចំ​ចាត់តាំងគណៈកម្មការ​ជាតិ​មួយ ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់ លោក Tomas Quiintana អ្នករាយការណ៍ ពិសេស​ម្នាក់​របស់ អសបជ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ភូមា​ដែលទើប​បញ្ចប់​បេសកកម្មការងារ​របស់​លោក​​នៅ​ភូមា​ជិត​ពីរ​សប្តាហ៍​មក​ហើយ។ លោក Tomas Quintana ដែលវាយតម្លៃថា បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​​ភូមា ​នៅ​តែ​មាន​លក្ខណៈ​​ធ្ងន់ធ្ងរ​​ដដែល ទោះបី ជា​របប​សឹក​ភូមា បាន​រំលាយខ្លួន​ចោល​នៅរដូវផ្ការីកក្តី។ គណៈកម្មការជាតិ​ភូមា​នេះ នឹងអាច​មាន​សមាសភាពចំនួន ១៥​រូប ដែល​ជា​អតីត​ឯក​អគ្គរដ្ឋទូត អ្នកទទួលខុសត្រូវក្នុងរដ្ឋាភិបាលនិង​អ្នកវិទ្យាសាស្រ្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ