អានតួអត្ថបទ
ស៊ីរី-តួកគី

បេសកជន​អសប៖ នឹង​មានការ​សម្លាប់​រង្គាល បើសិន​ក្រុមជីហាត​វាយយក​បាន​​កូបាណេ

ចាប់តាំងពី​ថ្ងៃ​សុក្រ រហូត​ដល់​ព្រលឹម​ថ្ងៃ​សៅរ៍ទី ១១​តុលា ពួក​ជីហាត​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ពង្រឹង​វត្តមាន​​ លើ​ទីតាំង​ដែល​ពួកគេ​វាយដណ្តើម​យក​បានពី​ក្រុម​យុទ្ធជន​គួក ក្នុង​ក្រុង​កូបាណេ​។ កាលពីថ្ងៃ​សុក្រ ក្រុមជីហាត​ទើប​វាយបណ្តេញ​ក្រុមគួដ និង​ដណ្តើម​​​គ្រប់គ្រង​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមគួដ ក្នុង​ទីក្រុង​កូបាណេ។ បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ សម្រាប់​ប្រទេស​ស៊ីរី​បាន​ព្រមាន​រួចហើយ​ពី​អំពើកាប់សម្លាប់​រង្គាល ក្នុង​ករណី​ពួកជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​វាយ​ដណ្តើម​យក​បាន​ទីក្រុង​កូបាណេ​ទាំងមូល។ ​

យន្តហោះ​សម្ព័ន្ធអន្តរជាតិ​ទម្លាក់​គ្រាប់​លើ​ទីតាំង​របស់​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​កំពុង​កាន់កាប់​ទឹកដី​៤០​ភាគរយ​របស់​ក្រុងកូបាណេ
យន្តហោះ​សម្ព័ន្ធអន្តរជាតិ​ទម្លាក់​គ្រាប់​លើ​ទីតាំង​របស់​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​កំពុង​កាន់កាប់​ទឹកដី​៤០​ភាគរយ​របស់​ក្រុងកូបាណេ REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​កូបាណេ​របស់​ស៊ីរី​​កំពុង​ស្ថិតនៅ​ក្បែរ​ជ្រោះ​មរណៈ។ នៅមួយ​ថ្ងៃ​ក្រោយ​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​វាយដណ្តើម​យក​បាន​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន ក្រុម​គួដ ដែល​ជា​ម្ចាស់​ទីក្រុង​កូបាណេ នៅ​បន្ត​ប្រយុទ្ធ​យ៉ាងស្វិតស្វាញ ដើម្បី​ការពារ​ទីប្រជុំជន​ទីតាំង​ចុង​ក្រោយ ដែល​មិន​ទាន់​ធ្លាក់​ទៅក្នុង​ដៃ​របស់​ក្រុមជីហាត។

 
កាលពីថ្ងៃ​ម្សិលមិញ ប្រតិបត្តិការ​ទ័ព​អាកាស​របស់​សម្ព័ន្ធ​អន្តរជាតិ​បាន​បន្ទុច​បង្អាក់​ដំណើរ​រុល​ទៅមុខ​របស់​ក្រុម​ជីហាត ដែល​ពេលនេះ បាន​ឡោមព័ទ្ធ​ ​ក្រុង​កូបាណេ ស្ទើរ​ទាំងស្រុង។ បន្ទាប់ពី​វាយ​យក​បាន​ទីស្នាក់កណ្តាល​របស់​កងទ័ព​គួកស៊ីរី ដែល​ស្ថិតនៅ​ភាគខាងជើង​ក្រុង​កូបាណេ ក្រុមជីហាត​មាន​បំណង​ឈាន​ទៅ​​គ្រប់គ្រងទាំងស្រុង​​តំបន់​តាម​បណ្តោយ​ព្រំដែន​តួកគី និង​ស៊ីរី​។

ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ​ សម្រាប់​ប្រទេស​ស៊ីរី​បាន​ព្រមាន​រួច​ពី​អំពើ​កាប់សម្លាប់​រង្គាល បើសិន​ក្រុមជីហាត​ចូល​កាន់កាប់​ក្រុង​កូបាណេ ព្រោះ​ថា មាន​មនុស្ស​ជាង​៥០០​នាក់​ដែល​ភាគច្រើន​ជា​មនុស្ស​ចាស់ និង​កុមារ កំពុង​រស់នៅ​នៅ​ទីក្រុង​នេះ។ បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក Staffan De Mistura បាន​អំពាវនាវ​ផងដែរ​ឲ្យ​រដ្ឋាភិបាល​តួកគី​​បើក​ព្រំដែន​ទទួល​ជនភៀសខ្លួន​ ដែល​គេចខ្លួន​ពី​សង្រ្គាម​នៅ​កូបាណេ និង​សុំ​ឲ្យ​តួកគី​បើក​ផ្លូវ​អនុញ្ញាត​ឲ្យ​អ្នកស្ម័គ្រចិត្ត​​ ជនជាតិ​គួដ​ ដែល​រស់នៅក្នុង​ទឹកដី​តួកគី ​​ឲ្យ​ចូល​ទៅ​ជួយ​ប្រយុទ្ធ​ជាមួយ​ក្រុមគួដ ប្រឆាំង​នឹង​ក្រុមជីហាត។

រដ្ឋាភិបាល​តួកគី​ដែល​រហូត​មក​ដល់​ពេលនេះ​កំពុង​រងការរិះគន់ពី​ជនជាតិ​គួក ក្នុង​តួកគី ពី​ភាព​ស្ពឹកស្រពន់​របស់ខ្លួន បាន​បដិសេធ​រួចហើយ មិន​បើកផ្លូវ​អនុញ្ញាត​ឲ្យ​ជនជាតិ​គួក ចេញពីតួកគី​ដើម្បី​ចូល​ទៅ​ប្រយុទ្ធ​ដើម្បី​ការពារ​ក្រុង​កូបាណេទេ។ ទីក្រុង​អង់ការ៉ា ចាត់ទុក​ការ​បញ្ជូន​ប្រជាជន​ស៊ីវិល​ឲ្យ​ទៅ​ប្រយុទ្ធ​នៅ ស៊ីរី គឺ​ជា​រឿង​ឧក្រិដ្ឋកម្ម។ កាលពី​ថ្ងៃ​សុក្រ សហរដ្ឋអាមេរិកបាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​តួកគី ដោយ​បង្ខំ​ឲ្យ​តួកគី​ ​ក្នុង​​នាម​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​នឹងស៊ីរី​ ឲ្យ​ចូលរួម​ឲ្យ​បាន​ច្រើន ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត។ តាមទីក្រុង​វ៉ាស៊ីនតោន អង់ការ៉ា​បាន​យល់ព្រម​គាំទ្រ​សកម្មភាព បណ្តុះបណ្តាល និង​ផ្តល់​សព្វាវុធ​ដល់​ក្រុមប្រឆាំង​ដែល​មិន​សូវ​ជ្រុលនិយម ដែល​រហូត​មក​ដល់​​ពេលនេះ​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​របប​លោក​បាស្ហា អាល់ អាសាដផង និង​ក្រុមជីហាត​នៃ​អង្គការ​ដ្ឋអ៊ីស្លាម​ផង។ ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​របស់​សម្ព័ន្ធ​អន្តរជាតិ​ រដ្ឋាភិបាល​តួកគី​វិញ បាន​ដាក់​លក្ខខណ្ឌ​ទាមទារ​ឲ្យ​គេ​បង្កើត​តំបន់​ការពារ​ពិសេស នៅ​តាមព្រំដែនស៊ីរី និង​តួកគី​ដើម្បី​ការពារ​ក្រុមប្រឆាំង​ស៊ីរី និង​ក្រុមជនភៀសខ្លួន​ស៊ីរី។ ប៉ុន្តែ វ៉ាស៊ីនតោន និង​អង្គការ​អូតង់ បាន​បញ្ជាក់ថា គេ​នឹង​មិន​ពិចារណា​លើ​សំណើ​របស់​តួកគី​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ