អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​មិន​ចុះ​សម្រុង​រវាង​កម្ពុជា និង UN ធ្វើ​ឲ្យ​ខូច​តម្លៃ​តុលាការ​ខ្មែរក្រហម!

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​មុន​ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​តែង​ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​ការ​ចរចា​ផ្ទៃក្នុង​រហូត​រកឃើញ​រូបមន្ត​ណា​មួយ​ដើម្បី​សម្រប​សម្រួល​គ្នា។ ​ប៉ុន្តែ ​ចុងក្រោយ​នេះ ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ភាគី​ទាំង​ពីរ​ដែល​ជា​អ្នក​បង្កើត​សាលាក្តី​កូន​កាត់​នេះ​បាន​ឈាន​ដល់​ចំណុច​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ចំហ​តែ​ម្តង​បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​សម្របសម្រួល​រឿង​តែងតាំង​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ។ ​តើ​ការ​ប្រឈមមុខ​ដាក់​គ្នា​ដោយ​ចំហ​បែប​នេះ​បណ្តាល​មក​ពី​អ្វី ? ហើយ​តើ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាលាក្តី​យ៉ាង​ដូចម្តេច​ខ្លះ ?

ចៅក្រម​នៃ​តុលាការ​ខ្មែរក្រហម
ចៅក្រម​នៃ​តុលាការ​ខ្មែរក្រហម ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ការ​ខ្វែង​គំនិត​គ្នា​រវាង​រដ្ឋាភិបាល​ភ្នំពេញ​និង​អង្គការ​សហប្រជាជាតិ​ក្នុង​សាលាក្តី​ខ្មែរក្រហម​មិន​មែន​ជារឿង​ថ្មី​ទេ។​ ប៉ុន្តែ​ អ្វី​ដែល​ថ្មី​នោះ​គឺ ​កាលពី​មុន​ រាល់​បញ្ហា​ដែល​កើត​ឡើង​ដោយសារ​ការ​ខ្វែង​គំនិត​គ្នា​ត្រូវ​បាន​ដោះស្រាយ​បាន​តាមរយៈ​ការ​ចរចា​សម្រប​សម្រួល​ទោះបី​ជា​រឿង​នោះ​ធំ​យ៉ាងណា​ក៏ដោយ។ ​ប៉ុន្តែ ​តែឥឡូវ​នេះ ​ការ​មិន​ចុះ​សម្រុង​គ្នា​ស្តីពី​ការតែងតាំង​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​មិន​អាច​ដោះស្រាយ​បាន​ទេ។ ​ភាព​ទ័លច្រក​នេះ​បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​គ្មាន​ជម្រើស​អ្វីក្រៅ​ពី​ចូល​អង្គុយ​កៅអី​ក្នុង​ការិយាល័យ​ធ្វើការ​រៀងៗ​ខ្លួន​ក្នុង​ស្ថានភាព​មើល​មុខ​គ្នា​មិន​ចំ​ និង​មិន​ពេញ​លក្ខណៈ​ច្បាប់។

សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ លោក ​Laurent​ Kasper​ Ansermet​ នឹង​ចូល​បំពេញ​មុខងារ​របស់​ខ្លួន​ក្នុង​ឋានៈ​ជាភាគី​អន្តរជាតិ​បើទោះបី​ជា​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​កម្ពុជា​បដិសេធ​មិន​តែង​តាំង​រូប​លោក​ក៏ដោយ។ ​នេះ​ជា​ជំហរ​ឥត​ប្រែប្រួល​របស់​អង្គការ​សហប្រជា​ជាតិ​ដែល​ប្រកាស​កាលពី​ថ្ងៃ​២៥​មករា​ដោយ ​លោក ​David Scheffer ​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។ ​ជំហរ​បែប​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​បន្ទាប់ពី​លោក​បាន​ជួប​ចរចា​ជាមួយ​លោក ​សុខ អាន​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ​តែ​មិន​ទទួល​បាន​លទ្ធផល​។ ​បរាជ័យ​នៃ​កិច្ចចរចា​លើក​នេះ​បាន​ធ្វើ​ឲ្យ​ភាគី​ទាំងពីរ​សុខចិត្ត​ប្រឈម​មុខ​គ្នា​ដោយ​ចំហ​ដែល​បង្ហាញ​ពី​ការ​បែកបាក់​កាន់តែ​ស៊ីជម្រៅ​ក្នុង​តុលាការ​ខ្មែរក្រហម។

រឿង​រ៉ាវ​ដែល​នាំ​ដល់​ការ​បែក​បាក់​នេះ​មិន​ពិបាក​យល់​ឡើយ។ ​គេ​នៅ​ចាំ​បាន​ថា ​លោក​ Siegfried Blunk​ សហចៅក្រម​ស៊ើប​អង្កេត​ជនជាតិ​អាល្លឺម៉ង់​បាន​លាលែង​ចេញ​ពី​តំណែង​កាល​ពី​ខែតុលា​ឆ្នាំ២០១១​ដោយសារ​តែ​ការងារ​មិន​ចុះសម្រុង​ជាមួយ​សមភាគី​កម្ពុជា​ក្នុង​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​០០៣ ​និង​០០៤។ ​ក្រោយមក​ សហចៅក្រម​អន្តរជាតិ​បម្រុង ​លោក​ Laurent​ Kasper​ Ansermet បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជាបន្តបន្ទាប់ទាក់ទង​នឹង​សំណុំ​រឿងដ៏រសើប​នេះ ​ខណៈ​ដែល​រូបលោក​មិន​ទាន់​បាន​ទទួល​ការតែងតាំង​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​កម្ពុជា​នៅ​ឡើយ។​ នេះ​គឺ​ជាហេតុផល​ដែល​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​យក​មក​សំអាង​ដើម្បី​បដិសេធ​មិន​តែង​តាំង​លោក ​ Laurent​ Kasper ​​ក្រោម​មូលហេតុ​ក្រមសីលធម៌។ នរណា​ក៏​ដឹង​ដែរ​ថា​ជំហរ​របស់​ភាគី​កម្ពុជា​គឺ​សាលាក្តី​ខ្មែរក្រហម​ត្រូវ​បញ្ចប់​ត្រឹម​សំណុំ​រឿង​០០២។ ដូច្នេះ ​រាល់ការ​ប៉ុនប៉ង​បង្កើត​សំណុំរឿង​ថ្មី​មាន​ន័យ​ស្មើ​នឹង​ការប្រកាស​សង្គ្រាម​ជាមួយ​គ្នា។

យ៉ាង​ណា​ក៏​ដោយ ​ភាគី​សហប្រជាជាតិ​ពេល​នេះ​ក៏​ចង់​ប្រកាន់​ជំហរ​ច្បាស់លាស់​មួយ​ដែរ។ អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​គឺ ​ភាគី​សហប្រជាជាតិ​បាន​ទទួល​រង​ការរិះគន់​យ៉ាងច្រើន​នា​រយៈ​ពេល​ចុងក្រោយ​នេះ​ចំពោះ​ជំហរ​មិន​សូវ​ម៉ឺងម៉ាត់​ទាក់​ទង​នឹង​សាលាក្តី​ខ្មែរក្រហម។ ​ទំនង​ជា​មក​ពី​បញ្ហា​នេះ​ហើយ​បាន​ជាសហប្រជាជាតិ​បាន​សម្រេច​ប្រកាន់​ជំហរ​តឹងតែង​ចំពោះ​បេក្ខភាព​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ។

យ៉ាង​ណា​ក៏​ដោយ ​អង្គការ​សហប្រជាជាតិ​ត្រូវ​គេ​មើល​ឃើញ​ថា ​ទំនង​ជា​មិន​អាច​ដក​ខ្លួន​ចេញ​ពី​តុលាការ​នេះ​ឡើយ ​មិន​អាច​ពីព្រោះ​ថា ​ការដក​ខ្លួន​មាន​ន័យ​ស្មើ​នឹង​ការធ្វើ​ឲ្យ​តុលាការ​ខ្មែរក្រហម​បរាជ័យ​ពាក់​កណ្តាលទី ​ជាពិសេស​បរាជ័យ​នៅ​ខណៈ​ដែល​សវនាការ​សំណុំរឿង​០០២ ​ដែល​ជា​សំណុំ​រឿង​សំខាន់​ជាងគេ​កំពុង​តែ​ប្រព្រឹត្ត​ទៅ។ មក​ដល់​ចំណុច​នេះ ​គេគួរកត់​សម្គាល់​ដែរ​ថា​ បរាជ័យ​នៃ​សាលាក្តី​ខ្មែរក្រហម​ជាបញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​ភាគី​សហប្រជាជាតិ​ជាង​ភាគី​កម្ពុជា​ពីព្រោះ​ចូរ​កុំភ្លេច​ថា ​នៅ​ពេល​ដែល​ភាគី​សហប្រជា​ជាតិ​ដក​ខ្លួន ​ដំណើរការ​សវនាការ​នឹង​នៅតែ​បន្ត​រហូត​ដល់​ចប់​ក្នុង​ក្របខណ្ឌ​នៃ​តុលាការ​កម្ពុជា​ដដែល។ ​នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​គិតគូរ​ទុក​ជា​មុន​និង​មាន​ចែង​ច្បាស់លាស់​នៅ​ក្នុង​ច្បាប់​ស្តីពី​ការ​បង្កើត​សាលាក្តី​ខ្មែរក្រហម។ ​ម្យ៉ាងទៀត ​ការដក​ខ្លួន​របស់​សហប្រជាជាតិ​មិន​មែន​ជា​រឿង​សាមញ្ញ​ពេក​នោះ​ទេ​ពីព្រោះ​អង្គការ​សហប្រជាជាតិ​មិន​មែន​ជា​រដ្ឋាភិបាល​មួយ​ដែល​ចង់​សម្រេច​អ្វី​បាន​ភ្លាមៗ​នោះ​ឡើយ។ ​ទាំង​នេះ​ជា​ភាព​ស្មុគស្មាញ​របស់​ភាគី​សហប្រជាជាតិ​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​ដែល​ធ្វើ​ឲ្យ​ភាគី​នេះ​ហាក់​ដូចជា​គ្មាន​ជម្រើស​ច្រើន​ប៉ុន្មាន។

យ៉ាង​ណា​ក៏​ដោយ ​ទំនាស់​បែក​បាក់​គ្នា​ជា​ចំហ​នេះ​ បើ​មិន​អាច​ដោះស្រាយ​បាន​ទេ​វា​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ ដែល​ជា​សញ្ញា​មិន​ល្អ​សោះ​ឡើយ​សម្រាប់​រូបភាព​ និង​តម្លៃ​របស់​សាលាក្តី​ចម្រុះ​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ