អានតួអត្ថបទ
អ.ស.ប.

ក្រុមប្រឹក្សា​សន្តិសុខ​ចាប់​ផ្តើម​ពិនិត្យ​សំណុំ​រឿង​ប៉ាលេស្ទីន

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​២៦​កញ្ញា​ បាន​ចាប់​ផ្តើម​ពិនិត្យ​សំណូម​ពរ​ប៉ាលេស្ទីន​ឱ្យ​ទទួល​ស្គាល់​ជា​រដ្ឋ​មួយ​ដែល​ទំនង​ជា​ត្រូវ​ទទួល​បរាជ័យ។

ការ​ប្រមូល​ផ្តុំ​គ្នា​គាំទ្រ​ប៉ាលេស្ទីន​ដែល​ដាក់​ពាក្យ​​​ចូល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ
ការ​ប្រមូល​ផ្តុំ​គ្នា​គាំទ្រ​ប៉ាលេស្ទីន​ដែល​ដាក់​ពាក្យ​​​ចូល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

ការពិភាក្សា​ជា​ដំបូង​នេះ​បាន​កំណត់​ការចាប់​ផ្តើម​ដំណើរការ​មួយ​ដែល​ប្រហែល​ជា​ត្រូវ​មាន​រយៈពេល​យ៉ាង​តិច​ជា​ច្រើន​សប្តាហ៍​។​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​បែក​គ្នា​ បន្ទាប់​ពី​បាន​ពិភាក្សា​មួយ​ម៉ោង​មក​។​អ្នក​តំណាង​ប្រទេស​លីបង់​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​ប្រចាំ​ខែ​កញ្ញា​នេះ​បាន​ថ្លែង​ថា​ ក្រុម​ប្រឹក្សា​សន្តិសុខ​នឹង​រួម​ប្រជុំ​គ្នា​ជា​ផ្លូវការ​ នៅ​ថ្ងៃ​ពុធ​ស្អែក​ ដើម្បី​ផ្ទេរ​សំណុំ​រឿង​នៃ​សំណូមពរ​ប៉ាលេស្ទីន​ទៅ​ឱ្យ​គណៈកម្មាធិការ​ទទួល​បន្ទុក​ពិនិត្យ​ពាក្យ​សុំ​ចូល​ជា​សមាជិក​អ.ស.ប.។

 
អ្នក​តំណាង​ប៉ាលេស្ទីន​ប្រចាំ​នៅ​អ.ស.ប.​សង្ឃឹម​ថា​ ក្រុម​ប្រឹក្សា​សន្តិសុខ​នឹង​ពិនិត្យ​ពាក្យ​សុំ​ចូល​នេះ​ជា​វិជ្ជមាន។ ​ប្រទេស​មួយ​ចំនួន​នឹង​ធ្វើ​ការ​គាប​សង្កត់​ខ្លាំង​ណាស់​ទៅ​លើ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ ប៉ុន្តែ​យើង​គិត​ថា​ មាន​មិត្ត​ភក្តិ​ច្រើន​ នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ។​ យើង​សង្ឃឹម​ថា​នឹង​ទទួល​សំឡេង​គាំទ្រ​បាន​៩​ក្នុង​ចំណោម​សមាជិក​ទាំង​១៥​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជា​ចំនួន​តិច​បំផុត​ ដើម្បី​អនុម័ត​សេចក្តី​សំរេច​ចិត្ត​មួយ។​ ការនេះ​គឺ​ជា​ជ័យ​ជំនះ​មួយ​ខាង​ផ្លូវ​ចិត្ត។

ការបោះ​ឆ្នោត​ប្រឆាំង​របស់​ស.រ.អា.​នឹង​ធ្វើ​ឱ្យ​ការទូត​អាមេរិកាំង​ជួប​ក្តី​កង្វល់​ហើយ​ប្រហែល​អាច​នឹង​បង្ក​បំផុស​ចលាចល​ប្រឆាំង​នឹង​អាមេរិក​ នៅ​ក្នុង​ពិភព​អារ៉ាប។​

មាន​តែ​៦​ប្រទេស​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​ទំនង​ជា​បោះ​ឆ្នោត​គាំទ្រ​ការបង្កើត​រដ្ឋ​ប៉ាលេស្ទីន​។​ប្រទេស​បួន​នៃ​សហភាព​អឺរ៉ូប​ប្រហែល​ជា​បោះ​ឆ្នោត​អនុបវាទ​ឬ​ក៏​ប្រឆាំង​។​ប្រទេស​Bosnie​ Colombie​ Gabon​និង​Nigéria​ ពុំ​ទាន់​បាន​ប្រកាស​ឱ្យ​ដឹង​សេចក្តី​សំរេច​ចិត្ត​របស់​ខ្លួន​នៅ​ឡើយ​និង​ត្រូវ​ភាគី​ទាំង​ពីរ​ខំ​យក​ចិត្ត​យក​ថ្លើម។

នៅ​សប្តាហ៍​មុន​ ​ អន្តរការី​ទាំង​បួន​ភាគី​គឺ​ស.រ.អា.​ ​ ​ រុស្ស៊ី​ ​ ​ សហភាព​អឺរ៉ូប​និង​អ.ស.ប.​​ ដើម្បី​ដើម​បូព៌ា​បាន​ស្នើ​ឱ្យ​ភាគី​អ៊ីស្រាអែល​និង​ប៉ាលេស្ទីន​ទទួល​យក​ក្រប​ខ័ណ្ឌ​មួយ​នៃ​កិច្ច​ចរចា​ឡើង​វិញ​ ប្រកប​ដោយ​ក្តី​សង្ឃឹម​ជួប​ទាក់​ទង​គ្នា​ដោយ​ផ្ទាល់​ឡើង​វិញ​និង​បំភ្លេច​ចោល​ទៅ​ពាក្យ​សុំ​របស់​លោក​ប្រធាន​រដ្ឋ​អំណាច​ប៉ាលេស្ទីន​Mahmoud​ Abbas​ កាល​ពី​ថ្ងៃ​សុក្រ​មុន​ឱ្យ​ទទួល​ស្គាល់​រដ្ឋ​ប៉ាលេស្ទីន។

ភាគី​ប៉ាលេស្ទីន​បាន​និយាយ​រួច​ហើយ​ថា​ ខ្លួន​នឹង​ពុំ​យល់​ព្រម​ទទួល​យក​សំណើ​របស់​អន្តរការី​ចតុ​ភាគី​ឱ្យ​ចរចា​ឡើង​វិញ​ទេ​ ប្រសិន​បើ​អ៊ីស្រាអែល​នឹង​មិន​បិទ​បញ្ចប់​នយោបាយ​ខ្លួន​ធ្វើ​អាណានិគម​កិច្ច​នោះ​ទេ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ