អានតួអត្ថបទ
អ.ស.ប.

ប៉ាឡេស្ទីន​ពេញចិត្ត​ដំណោះស្រាយ​ស្នើ​ឡើង​ដោយ​បារាំង

មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​ចាប់​ផ្តើម​នៅ​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ នា​ទីក្រុង​ញូវយ៉ក។ ប្រមុខ​រដ្ឋ​ជា​ច្រើន​បាន​ឡើង​ថ្លែង​សុន្ទរកថា ហើយ​ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល​ វិបត្តិ​អ៊ីស្រាអ៊ែល-ប៉ាឡេស្ទីន គឺ​ជា​ចំណាប់​អារម្មណ៍​ចម្បង​តែ​មួយ​គត់​ក្នុង​ថ្ងៃ​បើក​មហា​សន្និបាត​នេះ។ ប្រទេស​មួយ​ចំនួន​ បាន​ប្រកាស​គាំទ្រ​​​ប៉ាឡេស្ទីន ដែល​នឹង​ដាក់​ពាក្យ​សុំ​ក្លាយ​​ជា​រដ្ឋ​សមាជិក​​អង្គការ​សហប្រជាជាតិ​ នៅ​ថ្ងៃ​សុក្រស្អែក។ អាមេរិក​រក្សា​ជំហរ​ប្រឆាំង​ដាច់​ខាត​។ ឯ​ចំណែក​បារាំង​បាន​ស្នើ​ដំណោះ​ស្រាយ​ ដោយ​ដើរ​ផ្លូវកណ្តាល។

លោក​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន Mahmud  Abas នៅ​អង្គការ​សហប្រជាជាតិ ថ្ងៃ​ទី ២១​កញ្ញា ២០១១
លោក​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន Mahmud Abas នៅ​អង្គការ​សហប្រជាជាតិ ថ្ងៃ​ទី ២១​កញ្ញា ២០១១ ©Reuters.
ផ្សាយពាណិជ្ជកម្ម

 

ត្រូវ​ទម្លាយ​​វិបត្តិ​អ៊ីស្រាអ៊ែល-ប៉ាឡេស្ទីន ឲ្យ​ចេញ​ពី​ភាពទ័លច្រក ! នេះ​ជា​​ឃ្លា​ ​​តែ​មួយ​គត់​ ដែលប្រទេស​ជា​សមាជិក​ទាំង​អស់ បាន​​លើក​ឡើង​ស្រប​គ្នា នៅ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​ពួកគេ​ខ្វែង​គំនិតគ្នា​​ អំពី​វិធី​ដោះស្រាយ។

សម្រាប់​លោកស្រី​ប្រធានាធិបតី​ប្រេស៊ីល និង​បណ្តា​ប្រទេស​មួយ​ចំនួន​ធំ​ទៀត ក៏​ដូច​ជា​ ​ពិភព​អារ៉ាប មាន​ជា​អាទិ៍​ប្រទេស​លីបង់ ហ្ស័កដានី គេ​ចង់​ឃើញ​​ប៉ាឡេស្ទីន ក្លាយ​ជា​សមាជិក​មួយ​ដ៏​ពេញ​សិទ្ធិ​នៅ​អង្គការ​សហប្រជាជាតិ។

ប៉ុន្តែ​សូម​ប្រុង​ប្រយ័ត្ន​ គ្មាន​ផ្លូវកាត់​ណា​មួយ​ ដែល​អាច​នាំ​ដល់​សន្តិភាព​នៅ​ដើម​បូព៌ា​ទេ ! នេះ​ជា​ការព្រមាន​របស់​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ដែល​ប្រឆាំង​ដាច់​ខាត​នឹង​គំនិត​ផ្តួច​ផ្តើម​របស់​ប៉ាឡេស្ទីន។ សម្រាប់​សហរដ្ឋ​អាមេរិក សន្តិភាព​មិន​អាច​កើត​មាន​ តាមរយៈ​សេចក្តី​ថ្លែងការណ៍​ និង​សេចក្តី​សម្រេច​ចិត្ត​​ នៅ​អង្គការ​សហប្រជាជាតិ​បាន​ឡើយ។ ប្រើ​ស្រួល​ដូច្នេះ ម្ល៉េះ​សម​ប៉ាឡេស្ទីន​បាន​ក្លាយ​ជា​រដ្ឋ​សមាជិក​រួច​ទៅ​តាំង​ពី​យូរ​ហើយ !...

ចំណែក​ប្រធានាធិបតី​បារាំងវិញ លោក​នីកូឡា សាកូហ្ស៊ី បាន​សំណូម​ពរ​ឲ្យ​ដើរ​ផ្លូវ​ទី​បី។ នោះ​គឺ ត្រូវ​តែ​មាន​ការ​ចរចា​អ៊ីស្រាអ៊ែល​-ប៉ាឡេស្ទីន​ឡើង​វិញ ហើយ​ក្នុង​ពេល​រង់​ចាំ​នេះ​ប៉ាឡេស្ទីន​នឹង​បាន​ទទួល​ឋានៈ​ជា​រដ្ឋ​សង្កេតការណ៍​ នៅ​អង្គការ​សហប្រជាជាតិ តាម​រយៈ​ការ​បោះឆ្នោត។



តាម​ពិត​ នាពេល​នេះ ទំនង​ជា​គ្មាន​អ្វី​អាច​មក​បង្ខាំង​​ប្រធានរដ្ឋ​អំណាច​ប៉ាឡេស្ទីន​កុំ​ឲ្យ​ដាក់​ពាក្យ​សុំ​ចូល​ជា​រដ្ឋ​សមាជិក​បាន​ឡើយ។ ដូច្នេះ​គេ​ត្រូវ​តែ​រិះរ​ក​មធ្យោបាយ​ដើម្បី​បាន​ចំណេញ​ពេលវេលា​តែប៉ុណ្ណោះ។ បើតាម​សំណើ​របស់​ប្រធានាធិបតី​​បារាំង​ម្សិលមិញនេះ អង្គការ​សហប្រជាជាតិ នឹង​មិន​សិក្សា​លើ​បេក្ខភាព​​​របស់​ប៉ាឡេស្ទីន ហើយ​ក៏​នឹង​គ្មាន​ការ​បោះឆ្នោត​អនុម័ត​ប៉ាឡេស្ទីន​ជា​រដ្ឋ​សមាជិក​អង្គការ​សហប្រជាជាតិ​ទេ នៅ​ក្នុង​មហាសន្និបាត​​លើក​នេះទេ។

អ៊ីស្រាអ៊ែល​ និង​ប៉ាឡេស្ទីន ត្រូវ​ចូល​តុ​ចរចា​ឡើង​វិញ ក្នុង​រយៈ​ពេល​មួយ​ខែ​ទៀត។ ៦ខែ​ក្រោយ​ភាគី​ទាំង​ពីរ​ត្រូវ​​​​ព្រមព្រៀង​គ្នា​លើ​បញ្ហា​ខ្សែ​បន្ទាត់​ព្រំដែន និង​សន្តិសុខ។ អ៊ីស្រាអ៊ែល និង​ប៉ាឡេស្ទីន មាន​ពេល​មួយ​ឆ្នាំ សម្រាប់​ឈាន​ដល់​​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​ចុងក្រោយ។ ជាការ​ចរចា​ដោយ​គ្មានលក្ខខណ្ឌ។

ផែនការ​របស់​បារាំង​នេះ ត្រូវ​បាន​ភាគី​ប៉ាឡេស្ទីន​បាន​ស្វាគមន៍​ ថា​ជា​សំណើ​វិជ្ជមាន ចំណែក​​អ៊ីស្រាអ៊ែល បាន​ត្រឹម​ទទួល​ដឹង​ឮ​ព័ត៌មាន​នេះ​ជា​ផ្លូវការ និងបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ សម្រាប់​សហរដ្ឋ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ