អ៊ីស្រាអែលបានបង្កើនកម្លាំងទាហានបីកងពល ទៅក្នុងតំបន់Cisjordanie ដើម្បីត្រៀមទប់ទល់បាតុកម្មរបស់ប្រជាជនប៉ាឡេស្ទីន នៅថ្ងៃសុក្រទី ១៦ កញ្ញានេះ។ ប្រជាជនប៉ាឡេស្ទីនត្រៀមអបអរការប្រកាសរបស់ប្រមុខរដ្ឋខ្លួន គឺលោក Mahmoud Abbas ស្តីពីការដាក់បេក្ខភាពរបស់ប៉ាឡេស្ទីន ជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ នៅថ្ងៃបើកមហាសន្និបាត ថ្ងៃទី ២៣កញ្ញាខាងមុខ។ រហូតមកដល់ពេលនេះពាក្យសុំចូលរបស់ប៉ាឡេស្ទីនជារដ្ឋសមាជិករបស់អង្គការ សហប្រជាជាតិ ត្រូវអ៊ីស្រាអែល និងអាមេរិកប្រឆាំងដាច់ខាត។ នៅពីរថ្ងៃចុងក្រោយនេះ អាមេរិកបានបញ្ជូនបេសកជនពិសេសរបស់ខ្លួនទៅនិយាយបញ្ចុះបញ្ចូលអាជ្ញាធរ ប៉ាឡេស្ទីនឲ្យផ្អាកគម្រោងការទាមទារ នៅអង្គការសហប្រជាជាតិ និងងាកមកចរចាទ្វេភាគីជាមួយអ៊ីស្រាអែលវិញ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដំណើរស្វែងរកសន្តិភាពនៅដើមបូព៌ា គឺដោះស្រាយជម្លោះទឹកដីអ៊ីស្រាអែល ប៉ាឡេស្ទីន បានធ្វើឡើងជាង ពីរទសវត្សរ៍ ដោយមានអាមេរិកជាអ្នកផ្តួចផ្តើម និងធ្វើជាអាជ្ញាកណ្តាល។ ប៉ុន្តែ ការចរចាកន្លងមក មិនបានផ្តល់លទ្ធផល និងប្រយោជន៍សម្រាប់ប្រជាជនប៉ាឡេស្ទីនទាល់តែសោះ ប៉ុន្តែ គេឃើញតែអ៊ីស្រាអែលកាន់តែតែ ពង្រីកដែនដីអាណានិគមកិច្ចរបស់ខ្លួន ចូលទៅក្នុងទឹកដីប៉ាឡេស្ទីន។
ប៉ាឡេស្ទីនមានសិទ្ធិស្របច្បាប់ក្នុងការសុំចូលជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ។ អ្វីៗដែលប៉ាឡេស្ទីនធ្វើបច្ចុប្បន្នគឺគ្រាន់តែឲ្យអង្គការសហប្រជាជាតិពិនិត្យឡើងវិញ ពីការសម្រេចចិត្តរបស់ខ្លួន ដែលបានធ្វើ កាលពី ខែកញ្ញា ឆ្នាំ ១៩៤៧។ កាលណោះអង្គប្រជុំដដែលរបស់អង្គការសហប្រជាជាតិបានប្រកាសបង្កើតរដ្ឋពីរ នៅក្នុងទឹកដីប៉ាឡេស្ទីន គឺរដ្ឋអ៊ីស្រាអែល និងរដ្ឋប៉ាឡេស្ទីន។
ប៉ុន្តែ ប៉ាឡេស្ទីននៅតែមិនទាន់បានក្លាយជារដ្ឋផ្លូវការដោយសារតែជម្លោះជាបន្តបន្ទាប់រវាងអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ ដែលជំទាស់មិនឲ្យមានអ៊ីស្រាអែល រដ្ឋJuif នៅក្នុងទឹកដីអារ៉ាប់។
កន្លងមក ប៉ាឡេស្ទីនសុខចិត្តបន្តស្តាប់តាមអាមេរិក ដោយយកការចរចាទ្វេភាគី តែមិនប្តឹងផ្ទាល់ទៅអង្គការសហប្រជាជាតិ ដោយសារតែប៉ាឡេស្ទីនខា្លចបាត់បង់ប្រយោជន៍ ខ្លាចអាមេរិកកាត់ផ្តាច់ជំនួយ។ ប៉ុន្តែ ការចរចាចុងក្រោយ ធ្វើឡើងកាលពីមួយឆ្នាំ មុន រវាងប្រធានអាជ្ញាធរប៉ាឡេស្ទីន គឺលោកMamoud Abbas និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Nethayahuបានបញ្ចប់ទៅ ដោយគ្មានផ្តល់លទ្ធផលអ្វី។ ចាប់តាំងពីពេលនោះ ការចរចាក៏ត្រូវផ្អាក ជាប់ទ្រឹង។
ការដែលប៉ាឡេស្ទីនហ៊ានចេញមុខដាក់ពាក្យទៅសុំជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ នៅពេលនេះ គឺដោយប៉ាឡេស្ទីនបានស្ទង់ឃើញស្ថានការណ៍វិវឌ្ឍន៍ពីរ។
ទីមួយគឺចេញពីជំហររបស់អាមេរិកផ្ទាល់តែម្តង។ រដ្ឋបាលរបស់លោកអូបាម៉ា កាលពីខែមិថុនាមុន បានប្រកាសប្រាប់ឲ្យអ៊ីស្រាអែលគោរពខ្សែបន្ទាត់ព្រំដែន មុនសង្រ្គាមឆ្នាំ ១៩៦៧។ នេះមានន័យថា អ៊ីស្រាអែលត្រូវដកខ្លួនចេញពីតំបន់អាណានិគមកិច្ច និងប្រគល់តំបន់Jeruselum ខាងកើត តំបន់Cisjordanie ឲ្យទៅប៉ាឡេស្ទីន។ លើសពីនោះ គឺអ៊ីស្រាអែលឈប់ឡោមព័ទ្ធ រាំងខ្ទប់តំបន់ហ្គាហ្សាតទៅទៀត។ ការប្រកាសរបស់ប្រធានាធិបតីអាមេរិកត្រូវអ៊ីស្រាអែលប្រឆាំងដាច់អហង្ការ និងថា គម្រោងនេះមិនអាចធ្វើទៅបានទេ ពីព្រោះ គេត្រូវដឹងថា ប្រជាជនអ៊ីស្រាអែល មានជាងពាក់កណ្តាលលាននាក់ ដែលកំពុងរស់នៅCisjordani និងJéruselumខាងកើត។
ការប្រកាសរបស់លោកអូបាម៉ា បានធ្វើឲ្យប៉ាឡេស្ទីនមានទឹកចិត្តបន្តិច បើទោះបីជាឃើញថា អាមេរិកនៅតែមិនអាចធ្វើអ្វីបាន នៅចំពោះមុខការពង្រីកអំណាចរបស់អ៊ីស្រាអែល។
ចំណុចទីពីរដែលធ្វើប៉ាឡេស្ទីនហ៊ានដាក់ពាក្យដោយផ្ទាល់ទៅអង្គការសហប្រជាជាតិ គឺបដិវត្តន៍នៅពិភពអារ៉ាប់ នៅឆ្នាំ។ នយោបាយភូមិសាស្រ្តរបស់អាមេរិក និងរបស់ប្រទេសអឺរ៉ុបបានផ្លាស់ប្តូរ ចាប់តាំងពីមានបដិវត្តរបស់ប្រជាជនអារ៉ាប់ ដោយចាប់ផ្តើមពី ទុយនីស៊ី និងអេហ្ស៊ីប។ ប៉ាឡេស្ទីនដែលបានទទួលការគាំទ្រពីប្រជាជនអារ៉ាប់ផ្សេងទៀត ក៏បានដើរនយោបាយស្វែងរកការគំាទ្រពីបណ្តាប្រទេសក្នុងតំបន់។ ប៉ាឡេស្ទីនបានឃើញឥទ្ធិពលរបស់អ៊ីស្រាអែលធ្លាក់ចុះ និងបាត់បង់លំនឹង ជាពិសេសនៅពេលអ៊ីស្រាអែលផ្ទុះរឿងជាមួយប្រជាជនអេហ្ស៊ីប និងទទួលការរិះគន់ពីតួកគី។
ម្យ៉ាងវិញទៀត ប៉ាឡេស្ទីនក៏បានរៀបចំរចនាសម្ព័ន្ធខ្លួន ត្រឹមត្រូវ ជារដ្ឋាភិបាលមួយ គឺមិនមែនត្រឹមជាអាជ្ញាធរបះបោរដូចមុន។ ដើម្បីទទួលបានការគាំទ្រពីប្រទេសកុម្មុយនិស្ត និងប្រទេសលោកខាងលិចផ្សេងទៀត។ រុស្ស៊ី ចិន សមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ គាំទ្របេក្ខភាពរបស់ប៉ាឡេស្ទីនជារដ្ឋសមាជិក អង្គការសហប្រជាជាតិ។ រហូតមកដល់ពេលនេះ អាជ្ញាធរប៉ាឡេស្ទីននិយាយថា មានប្រទេសជាង ១២០ដែលគំាទ្របេក្ខភាពរបស់ខ្លួន។
កន្លងមក ប៉ាឡេស្ទីន ជារដ្ឋអំណាច ដែលមានត្រឹមអ្នកតំណាងរបស់ខ្លួន នៅអង្គការសហប្រជាជាតិ ប៉ុន្តែ មិនមែនជារដ្ឋសមាជិកទេ។ ប៉ាឡេស្ទីនអាចសុំធ្វើជារដ្ឋសមាជិកអង្គការសហប្រជាជាតិបាន លុះត្រាមានការបោះឆ្នោតយល់ព្រមពីប្រទេសទាំង១៥ របស់ក្រុមប្រឹក្សាសន្តិសុខ ដោយមិនមានវេតូរបស់ប្រទេសសមាជិកណាមួយ។ ឧបមាថា អាមេរិកប្រើសិទ្ធិវេតូ នៅក្រុមប្រឹក្សាសន្តិសុខ នោះ ប៉ាឡេស្ទីននឹងមិនអាចក្លាយជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ប៉ុន្តែ ប៉ាឡេស្ទីននៅអាចសុំឲ្យមានការបោះឆ្នោតជាទូទៅនៅក្នុងមហាសន្និបាត ដើម្បីសុំតំណែងត្រឹមជារដ្ឋអ្នកសង្កេតការណ៍ តែមិនមែនជាសមាជិក នៅអង្គការសហប្រជាជាតិ ដែលពេលនេះ មានបុរីវ៉ាទីកង់មួយជាឧទាហរណ៍។
ឋានៈជារដ្ឋសង្កេតការណ៍នេះនឹងជួយឲ្យប៉ាឡេស្ទីនចូលរួមក្នុងសកម្មភាពរបស់អង្គការផ្សេងៗរបស់អង្គការសហប្រជាជាតិ។ ប៉ាឡេស្ទីនអាចមានសិទ្ធិដាក់ពាក្យបណ្តឹងប្តឹង ការសាងសង់អាណានិគមកិច្ចរបស់អ៊ីស្រាអែលទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។
ជាក់ស្តែង នៅក្នុងជំនួបជាមួយបេសកជនអាមេរិក និងអឺរ៉ុប នាយករដ្ឋមន្រ្តីអ៊ីស្រាអែលក៏បានទទួលស្គាល់ដែរថា អ៊ីស្រាអែលខ្លាចប៉ាឡេស្ទីនដាក់ពាក្យបណ្តឹងប្តឹងខ្លួន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅពេលណាដែលប៉ាឡេស្ទីនបានចូលជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែ មន្រ្តីអ៊ីស្រាអែលម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា អ៊ីស្រាអែលនឹងមិនខ្លាចតុលាការព្រហ្មទណ្ឌទេ ព្រោះអ៊ីស្រាអែលមិនបានផ្តល់សច្ចាប័នទៅលើសន្ធិសញ្ញាទីក្រុងរ៉ូម ដែលទទួលស្គាល់សិទ្ធិអំណាចតុលាការព្រហ្មទណ្ឌអន្តរជាតិ៕