អានតួអត្ថបទ
កម្ពុជា

លិខិត​អ្នកទោស​ថៃ​សុំ​ព្រះរាជទាន​លើកទោស​​​ផ្ញើ​ទៅដល់​​ក្រសួង​យុត្តិធម៌

លិខិត​របស់​អ្នកទោស​ជនជាតិ​ថៃ​២​នាក់​ដែល​តុលាការ​កម្ពុជា​បាន​កាត់ទោស​ពី​បទ​ឆ្លងដែន​ខុសច្បាប់​នោះ ត្រូវ​បាន​ផ្ញើ​ទៅដល់​ក្រសួង​យុត្តិធម៌​ហើយ។ ជា​ក្រសួង​ជំនាញ​ដែល​មាន​សមត្ថកិច្ច​ពិចារណា​លើ​សំណើ​សុំ​ព្រះរាជ​លើកលែង​ទោស​នេះ។ ប៉ុន្តែថា ក្តីសង្ឃឹម​ហាក់​ដូចជា​មាន​តិចណាស់ សម្រាប់​ជនជាតិ​ថៃ​ទាំងពីរ​នាក់​នេះ។

វេរ៉ា ស៊ុមខ្វាមឃីត​ដែល​ជា​សកម្មជន​ថៃ​អាវលឿង​វាយប្រហារ​កម្ពុជា​ក្នុង​សំណុំរឿង​ប្រាសាទ​ព្រះវិហារ ត្រុវ​ជាប់គុក​៦​ឆ្នាំ​នៅ​កម្ពុជា
វេរ៉ា ស៊ុមខ្វាមឃីត​ដែល​ជា​សកម្មជន​ថៃ​អាវលឿង​វាយប្រហារ​កម្ពុជា​ក្នុង​សំណុំរឿង​ប្រាសាទ​ព្រះវិហារ ត្រុវ​ជាប់គុក​៦​ឆ្នាំ​នៅ​កម្ពុជា ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

01:44

សេចក្តី​រាយការណ៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក កុយ គួង​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លិខិត​ស្នើ​សុំ​ព្រះមហាក្សត្រ​លើកលែង​ទោស របស់​អ្នកទោស​ជនជាតិ​ថៃ​ទាំងពីរ​នាក់​នោះ ត្រូវ​បាន​ផ្ញើ​បន្ត​ទៅ​ក្រសួង​យុត្តិធម៌​ហើយ​នៅថ្ងៃនេះ​ហើយ។ អ្នកទោស​ជនជាតិ​ថៃ​លោក​វេរ៉ា ស៊ុមខ្វាមឃីត និង​ស្ត្រី​ជំនួយការ​ម្នាក់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទា​ទោស​ពីបទ​ឆ្លងដែន​ខុសច្បាប់ ចូល​ក្នុង​ទីលាន​យោធា​ក្នុងបំណង​ទុច្ចរិត និង​ពី​បទចារកម្ម។ អ្នកទោស​ទាំងពីរ​នេះ​បាន​សម្រេច​មិន​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​ជំទាស់​សាលក្រម​នេះទេ ហើយបាន​សរសេរ​លិខិត​ស្នើ​សុំ​ព្រះរាជ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី។

សំណើ​សុំព្រះរាជលើកលែងទោសនេះត្រូវបាន​ផ្ញើមកក្រសួងការបរទេសកម្ពុជា​កាលពីថ្ងៃ​ព្រហស្បតិ៍​អម​ជាមួយ​កំណត់ទូត​របស់​ស្ថានទូត​ថៃ​ផង។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​អត្ថាធិប្បាយ​ថា អ្នកទោស​ទាំងពីរ​នាក់​មាន​សិទ្ធិ​ក្នុង​ការស្នើសុំ​ព្រះរាជ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។ ប៉ុន្តែ​កម្ពុជា​នឹង​ពិចារណា​ករណីនេះ​ស្រប​តាម​ច្បាប់​របស់​កម្ពុជា​ដែរ។

សំណើ​របស់​អ្នកទោស​ថៃ​អាច​មាន​សង្ឃឹមតិច នៅពេលដែល​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់​បាន​ព្រលយ​អោយ​ដឹង​ហើយ​ថា អ្នកទោស​ជនជាតិ​ថៃ​ទាំងពីរ​នាក់​ត្រូវ​អនុវត្ត​ទោស​អោយ​បាន​២ភាគ៣សិន មុន​នឹង​មាន​ការពិចារណា​អំពី​ការលើកលែង​ទោស​នោះ។

កាល​ពី​ថ្ងៃ​ទី​១​កុម្ភៈ តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដាក់ទោស​ឈ្មោះ​វេរ៉ា ស៊ុមខ្វាមឃីត​អោយ​ជាប់​ពន្ធនាគារ​ចំនួន​៨​ឆ្នាំ និង​ស្ត្រី​ជំនួយការ​ម្នាក់​ទៀត អោយ​ជាប់​ពន្ធនាគារ​៦​ឆ្នាំ។ បើតាម​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ហើយ​តាមច្បាប់​ផង​នោះ ឈ្មោះ​វេរ៉ា ស៊ុមខ្វាមឃីត​ដែល​ជា​សកម្មជន​ថៃ​អាវលឿង​វាយប្រហារ​កម្ពុជា​ក្នុង​សំណុំរឿង​ប្រាសាទព្រះវិហារ យ៉ាង​ស្វិតស្វាញ​ដែរ​នោះ ត្រូវ​អនុវត្ត​ទោស​យ៉ាងហោចណាស់​ក៏​៤​ឆ្នាំ​សិន​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ