អានតួអត្ថបទ
ស៊ីរី

រថក្រោះ​រំកិល​ចូល​ទីក្រុងហាម៉ានិង​បាញ់​សម្លាប់​អ្នកប្រឆាំង

ឆាកប្រយុទ្ធ​បង្ហូរឈាម​ចាប់មាន​ជាថ្មី​នៅក្នុង​ប្រទេស​ស៊ីរី ជាទី​ដែល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កើតមាន​តាំងពី​ពាក់​កណ្តាល​ខែ​មីនា ឆ្នាំ ២០១១។ តាំងពីព្រលប់​ថ្ងៃ​សៅរ៍ ចូល​ដល់​ថ្ងៃ​អាទិត្យ​នេះ រថក្រោះ​របស់​រដ្ឋាភិបាល​បាន​បរ​សំដៅ​ចូល​ទីក្រុង​ហាម៉ា ដែល​ជា​សម្បុក​ជម្រក​របស់ពួកប្រឆាំង​សំខាន់ៗ។ កាល​ពីថ្ងៃ​សុក្រ នៅ​ទីក្រុង​ហាម៉ា ប្រជាជន​រាប់សែន​នាក់​ចូលរួម​ធ្វើ​បាតុកម្ម ជួបជុំ​ដ៏​ធំ​មួយ​មិន​ធ្លាប់​មាន។ តុល្យាការ​ចុងក្រោយផ្តល់​ដោយ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ស៊ីរី ​បង្ហាញ​ថា មាន​មនុស្ស​ជិត ១០០​នាក់​ត្រូវទាហាន​​បាញ់​សម្លាប់។

ប្រជាជន​នៅទីក្រុង​ហាម៉ា​ធ្វើ​បាតុកម្ម​ធំប្រឆាំង​រដ្ឋាភិបាល​ស៊ីរី​ កាលពី​ថ្ងៃ​សុក្រ​ទី ២៩​កក្កដា ២០១១
ប្រជាជន​នៅទីក្រុង​ហាម៉ា​ធ្វើ​បាតុកម្ម​ធំប្រឆាំង​រដ្ឋាភិបាល​ស៊ីរី​ កាលពី​ថ្ងៃ​សុក្រ​ទី ២៩​កក្កដា ២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

តាមសាក្សី​ដែល​ជា​គ្រូពេទ្យ​នៅទីក្រុង​ហាម៉ា រថក្រោះ​របស់​ទាហាន​រដ្ឋាភិបាល​បាន​បរ​ចូល​គ្រប់​ច្រក ​ទៅ​​ក្នុង​ទីក្រុង។ រថក្រោះ​បាន​​​បើក​ជាន់​កម្ទេច​រនាំង​ដែល​ប្រជាជន​ ​ដាក់​បាំង​ឃាំង​ ចាប់​តាំង​ពី​ប៉ុន្មាន​ថ្ងៃមុន។ លើកនេះ រដ្ឋាភិបាល​​លោក​Bachar al Assad ហាក់​ដូចជា​ប្តេជ្ញា​ចិត្ត​ខ្លាំង​ក្នុង​ការវាយបង្រ្កាប​អ្នកប្រឆាំង​នឹង​ខ្លួន ឲ្យ​រាប​ដូច​កន្ទេល ព្រោះថា បើតាម​ប្រជាជន​ដែល​បាន​និយាយ​ប្រាប់​កាសែត​បរទេស តាម​ទូរស័ព្ទ រថក្រោះ​បញ្ជា​ដោយ​ពួក​ទាហាន​បាន​បាញ់​រះ យ៉ាង​ងងឹត​ងងល់​បំផុត ដោយមិនលើកលែង​ជន​ណាម្នាក់។

 
មួយវិញទៀត ប្រជាជន​នៅបាន​និយាយ​ផង​ដែរ​ពី​ក្រុម​ខ្មាន់​កាំភ្លើងរដ្ឋាភិបាល​ ដែល​ចាំ​លួច​បាញ់​ឆ្មក់ អ្នកតវ៉ា​​ តាំងពី​ដំបូល​ពន្ធនាគារ និង​ពី​ក្រុមហ៊ុន​អគ្គិសនី​រដ្ឋ។
 
វា​មិន​មែន​ជា​ការចៃដន្យ​ទេ​ដែល​រដ្ឋាភិបាលស៊ីរី​បើក​សមរភូមិក្តៅ​នៅក្រុង​ហាម៉ា។ ទីក្រុង​នេះ​ជា​សម្បុក​សំខាន់​របស់​ក្រុមប្រឆាំង​ និង​ដែល​ធ្លាប់ត្រូវ​បង្រ្កាប​ខ្លាំង​ម្តងរួចហើយ ក្នុង​សម័យ​ប្រធានាធិបតី​​ ​Hafez al Assad ដែល​ជាឪពុក​របស់​ប្រធានាធិបតី​ស៊ីរីបច្ចុប្បន្ន។ កាលណោះ​ប្រធានាធិបតី​បាន​ប្រើ​អំណាច​ បញ្ជា​ឲ្យ​ទាហាន​បាញ់សម្លាប់​រាល់​ជនប្រឆាំងក្នុង​ទីក្រុង​ហាម៉ា រហូត​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងហោច ៣០០០​នាក់។ លើកនេះ ប្រធានាធិបតី​ស៊ីរី លោកBachar al Assad​ ទំនង​ជា​ចង់​យក​តាម​គំរូ​ឪពុក​របស់ខ្លួន ដោយបើកការប្រយុទ្ធ​​នៅហាម៉ា​ដើម្បី​បិទ​បញ្ចប់​ចលនា​អ្នក​ប្រឆាំង។
 
​រដ្ឋាភិបាល​លោក​​ Bachar al Assad ទំនង​មិន​អាចបង្រ្កាប​​ចលនា​ប្រឆាំង​នឹងខ្លួន​ឲ្យ​ផុត​សូន្យ​ដូច​ដែល​ឪពុក​ខ្លួន​បាន​ធ្វើ​កន្លងមកទេ ព្រោះថា លើកនេះ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បាន​កើតមាន​ស្ទើរ​គ្រប់​ទីក្រុង និង​ត្រូវ​​សហគមន៍​អន្តរជាតិ​តាមដាន​យ៉ាង​យកចិត្តទុកដាក់។ សហភាព​អឺរ៉ុប​ និង​អាមេរិក​ធ្លាប់វិញ​​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ ទៅលើ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​របប​លោក​ Bachar al Assad ។
 
មួយវិញទៀត ការបង្រ្កាប​ផុត​សូន្យ​ពិបាក​នឹង​ធ្វើ​ទៅបាន ដោយ​ហេតុផល​ថា ប្រជាជន​ស៊ីរីយក​គំរូ​តាម​បដិវត្តន៍​ផ្កាម្លិះ នៅ​ទុយនីស៊ី និង​បដិវត្ត​ដ៏​ជោគជ័យ​នៅ​អេហ្សីប ហើយ​ប្រជាជន​កាន់តែ​ច្រើន នៅ​បន្ត​ចេញ​មុខ​ប្រឆាំង​នឹង​​អំណាច​ប្រធានាធិបតី​ស៊ីរី បើទោះបី​ជាមាន​ការបាញ់កាំភ្លើង​បង្រ្កាប និង​ការចាប់ចង​ដាក់​ពន្ធនាគារ។ យោងតាម​ក្រុមអ្នកការពារ​សិទ្ធិ​មនុស្ស​នៅស៊ីរី ចាប់តាំង​ពី​បាតុកម្ម​កកើត​ជិត ៥​ខែ មនុស្ស​ជាង ១៥០០​នាក់​ត្រូវ​បាញ់​សម្លាប់ ចំណែក​មនុស្ស​ជិត ៣ពាន់​នាក់​បាត់ខ្លួន និង​ជាង ២៥០០០​នាក់​ត្រូវ​ចាប់ខ្លួន ពី​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ