អានតួអត្ថបទ
ស៊ីរី

អំពើ​ហិង្សា​កាន់​តែ​ឃោរឃៅ​ឡើង​នៅស៊ីរី

ជនស៊ីវិល​ស៊ីរី​ចំនួនបី​រូបផ្សេងទៀត ត្រូវបាន​សម្លាប់​កាល​ពីថ្ងៃចន្ទ ម្សិលមិញ ដោយ​កងកម្លាំង​យោធារបស់​រដ្ឋាភិបាល​លោក Bachar el-Assad។ ហេតុការណ៍នេះបាន​កើតឡើង​ខណៈ​ដែលមាន​ការប្រឈមមុខ​ដាក់គ្នា​រវាង​កងកម្លាំង​ប្រដាប់អាវុធ​ខាងលើ​ជាមួយនឹង ក្រុមបាតុករ​រាប់រយ​នាក់ នៅទីក្រុង​Hama ដែលធ្វើការ​តវ៉ា​ជាច្រើន​ខែ​មកហើយ ​ប្រឆាំង​នឹង​របបផ្តាច់ការ​មួយនេះ។

រថក្រោះជាច្រើនគ្រឿងរុលចូលទៅក្នុងទីក្រុង Hama
រថក្រោះជាច្រើនគ្រឿងរុលចូលទៅក្នុងទីក្រុង Hama REUTERS/Social media website via Reuters TV
ផ្សាយពាណិជ្ជកម្ម

ការប្រឈមមុខ​ដាក់គ្នា​សាជាថ្មី​ម្តងទៀតនេះ​គឺ​កើតឡើង​បន្ទាប់ពី​កងកម្លាំង​យោធា​ស៊ីរី​ព្យាយាម​បើក​រថក្រោះ​ ​ជាច្រើន​គ្រឿង​របស់ខ្លួន​រុលចូល​ទៅក្នុង​ទីក្រុង​Hama ក្នុង​គោលបំណង​គ្រប់គ្រង​តំបន់នេះ។ ប្រជាជន​ជាច្រើន​ដែល​មិនសប្បាយចិត្ត​​ នឹង​របប​ផ្តាច់ការ​មួយនេះ​បានកែនគ្នា​ធ្វើជា​រនាំង​រារាំង​មិនអោយ​រថក្រោះ​ បន្តចូល​ទៅមុខ ជា​ហេតុបង្ក​អោយមាន​ឈុតឆាក​បង្ហូរឈាម​កើតឡើង​។ ក្នុងនោះ​ក្មេងប្រុស​ អាយុ​ ១៣ឆ្នាំម្នាក់​ និងបុរសវ័យ​ជំទង់ពីររូប បាន​ស្លាប់។

 
នៅយប់​ថ្ងៃចន្ទ ដែលជា​ថ្ងៃ​កើតហេតុ យុវជន​រាប់រយ​នាក់​បាន​​ដុតកង់ឡាន​ហើយ​បាន​បោះកង់​ឡាន​ទាំងនោះ​ព្រមទាំង​ធុងសំរាម​និង​ដុំដែក​ទៅ​លើផ្លូវ។ ប្រជាជន​ផ្សេងទៀត​បាន​ស្រែក​គាំទ្រ​ពួកគេ​ព្រមគា្ន​ថា​​ “ ព្រះអាឡា​មាន​អំណាចធំ​ជាងគេ”។

ស្ថិតនៅ​ចន្លោះ​ភាគកណ្តាល​ឆៀង​ខាងលិច​ប្រទេស ក្រុង Hama ដែលមាន​ប្រជាជន​ប្រមាណ​៦៥​ម៉ឺន​នាក់​ គឺជា​ទីក្រុង​ដែល​កើតមាន​ចលនា​បះបោរ​ប្រឆាំង​នឹងរ​បប​លោក Assad​ ខ្លាំង​ជាងគេ។ ការតវ៉ា​បានចាប់ផ្តើម ​តាំង​ពីពាក់​កណ្តាល​ខែ មីនា​មក។

ប៉ុន្តែ​រាល់​បាតុកម្ម​តវ៉ា​ទាំងឡាយ តែងតែ​ត្រូវបាន​បង្រ្កាប​ដោយអំពើ​ហិង្សា​យ៉ាង​ឃោរឃៅ ដោយពេល​ខ្លះ​កងកម្លាំង​ប្រដាប់អាវុធ​ចូលបាញ់​រះ​ទៅលើ​ប្រជាជន​ដល់​គេហដ្ឋាន​តែម្តង។ កន្លងមក បាតុករ​រាប់រយ​នាក់​មកហើយ ត្រូវបាន​ចាប់ឃុំខ្លួន​និង​រងរបួស។

លោក Assad ប្រធានាធិបតី​ស៊ីរី​ដែលមិនឈឺក្បាល​អើពើ ទៅនឹង​ការរិៈគន់​របស់​សហគមន៍​អន្តរជាតិ​បានអះអាង​ជាច្រើន​លើក​ច្រើនសា​ថា គាត់នឹង​មិនចុះចេញ​ពីតំណែង តាមការ​ចង់បាន​របស់​បាតុករ​ជា​ដាច់ខាត។ ផ្ទុយទៅវិញ​ លោកបាន​បង្កើន​ការបង្រ្កាប​ទៅលើ​ហ្វូងបាតុករ​ដោយ​អត់​ប្រណីដៃ។

លោក Assad ដែលកាន់​សាសនាអ៊ីស្លាមនិកាយ Chiïteបានដឹកនាំ​ប្រទេស​អារ៉ាប់​មួយនេះ​ជាងដប់​ឆ្នាំមក​ហើយ បន្ទាប់​ពីឪពុក​របស់​លោក​ដែល​បានកាន់​តំណែង​ដល់ទៅ​ជាង​៧០ឆ្នាំ។ វាជា​របប​ផ្តាច់ការ​មួយដែល​ចាក់ឬស​គល់​ជា​យូរ ​ពិបាក​ក្នុងការ​គាស់​រំលើង។

រីឯ​សហគមន៍​អន្តរជាតិ​ដែលកំពុង​ធ្វើប្រតិបត្តិការ ជួយ​ប្រទេស​អារ៉ាប់ផ្សេងៗ​ដូចជា​ Libye, ជាដើម មិនទាន់​ឃើញ​លូកដៃធ្វើអន្តរាគមន៍​ជាក់លាក់​ណាមួយ​ក្នុង​ប្រទេសនេះទេ ដោយ​សារតែ កន្លងមក​​ប្រទេស​រុស្ស៊ី បាន​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្តី​សំរេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ របស់​អង្គការ​សហប្រជាជាតិ​ក្នុងការ​ប្រើកម្លាំង​កងទ័ព​ក្នុង​ប្រទេសស៊ីរី៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ