អានតួអត្ថបទ
ស៊ីរី

សំណុំរឿង​ស៊ីរី​ត្រឡប់​មក​ក្រុមប្រឹក្សា​សន្តិសុខ​ជា​ថ្មី​ទៀត​

ក្រុម​​ប្រឹក្សា​សន្តិសុខ​​នៃ​​អ.ស.ប.​ នឹង​​ធ្វើការ​​ជញ្ជឹង​​ពិចារណា​​ជា​​ថ្មី​​ទៀត​​នៅ​​រសៀល​​ថ្ងៃ​​អង្គារ​​​១៧​​មករា​​ អំពី​​​ពង្រាង​​​សេចក្តី​​សម្រចចិត្ត​ថ្មី​​របស់​​រុស្ស៊ី​​ដែល​​សំដៅ​​ថ្កោល​ទោស​​ការ​​ប្រើ​​កម្លាំង​​វាយ​​បង្ក្រាប​​ជ្រុល​ហួស​​របស់​​អាជ្ញាធរ​​ស៊ីរី​​ទៅ​លើ​​ចលនា​​បដិវត្តន៍​​ប្រជាជន។​ ពង្រាង​រុស្ស៊ី​​ដែល​​បាន​​កែ​ប្រែ​​ជា​​លើក​​ទី​​៣​​ហើយ​​នោះ​ ហាក់​ដូច​​ជា​​គ្មាន​​ការ​​ផ្លាស់ប្តូរ​​ខ្លឹម​សារ​​និង​​ជំហរ​​ពិត​​ប្រាកដ​​របស់​​រុស្ស៊ី​​ឡើយ​-នេះ​​បើ​​យោង​​តាម​​ការ​​គូស​​បញ្ជាក់​​របស់​​ក្រុម​​អ្នក​​ការទូត​​លោក​ខាង​លិច។​

បាតុកម្មប្រឆាំង​របប​លោកប្រធានាធិបតីស៊ីរី​ Bachar al-Assad​ នៅYabroud ថ្ងៃទី​១៣​មករា​២០១២​
បាតុកម្មប្រឆាំង​របប​លោកប្រធានាធិបតីស៊ីរី​ Bachar al-Assad​ នៅYabroud ថ្ងៃទី​១៣​មករា​២០១២​ REUTERS/Handout
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីរុស្ស៊ី ​ ដាក់ជូន ពង្រាង​សេចក្តី​សម្រេចចិត្ត​របស់​ខ្លួន​​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​នៃអសប ​នៅ​ថ្ងៃ​ចន្ទ​​ម្សិលមិញ​ ស្តីពី​ ​ការ​ថ្កោលទោស​​អាជ្ញាធរ​ស៊ីរី ក្នុង​ការ​ប្រើ​កម្លាំង​វាយបង្ក្រាប​ជ្រុល​ហួស​​នៅក្នុងប្រទេស អ្នកនាំ​ពាក្យ​ម្នាក់​នៃ​គណៈប្រតិភូ​អាល្លឺម៉ង់ បាន​គូស​បញ្ជាក់​ថា “ ឥឡូវ​នេះ ​ជា​ពេល​វេលា​ដ៏​សំខាន់​បំផុត  សំរាប់​​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អសប​​ដើម្បី ​ធ្វើការ​ចរចា​​ដោយ​​មធ្យ័ត​ ស្តីពី  “ការ​វាយ​បង្ក្រាប​ដ៏​ហិង្សា​នៅ​ក្នុង​ប្រទេស​ស៊ីរីនេះ​”។

 
អ្នក​ការទូត​លោក​ខាង​លិច​ម្នាក់​ទៀត​ បាន​គូស​បញ្ជាក់​ប្រាប់​ទី​ភ្នាក់​ងារព័ត៌មាន​បារាំង AFPដែរ ថា “អត្ថបទនៃពង្រាងថ្មី ​​រុស្ស៊ីនេះ  ពុំ​មាន​​ខ្លឹមសារ​ប្រែប្រួល​អ្វី​ថ្មី​ទេ គ្រាន់​តែ​ជា​ការ​ប្រមូល​ផ្តុំ​អត្ថបទ​នៃ​វិសោធនកម្ម​ទាំងឡាយ ​ដែល​បាន​ស្នើ​ឡើង​ដោយ​សមាជិក​ដទៃ​ទៀត​នៃ​​ក្រុមប្រឹក្សា​សន្តិសុខ​ប៉ុណ្ណោះ"។ អ្នកការទូតដដែលនេះ បានបន្ថែមទៀតថា “នេះ ​គ្រាន់តែ​​ជា​កលល្បិច​​របស់​រុស្ស៊ី ដើម្បី​ពន្យារ​ពេល​​ដោះស្រាយ​បញ្ហាស៊ីរី​ប៉ុណ្ណោះ​- តែ​​យ៉ាង​ហោច​ណាស់ ​ក៏​យើង​មាន​មូលដ្ឋាន​ការងារ​​ច្បាស់លាស់​មួយ ​សំរាប់ កិច្ច​​ចរចា​​នានា​ជា​យថាហេតុ ប្រសិន​បើ ​រុស្ស៊ី ​ ពិតជា​មាន​សុឆន្ទៈមែនទែន​នោះ"។​ ​​​

គួររំលឹកថា បន្ទាប់ពីរុស្ស៊ី និងចិន បាន​ប្រើសិទ្ធិវេតូ​របស់ខ្លួនប្រឆាំង​ពង្រាង​​សេចក្តី​សម្រចចិត្ត​របស់​ អសប ថ្កោលទោស​ស៊ីរី​មក ទីក្រុង​ម៉ូស្គូ បាន​ដាក់​ជូន​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ​២០១១​នូវ​ពង្រាង​សេចក្តី​សម្រេចចិត្ត​មួយ​ដែល​ថ្កោលទោស​អំពើ​ហិង្សា​ធ្វើ​ឡើង​ដោយ​គ្រប់​ភាគី គឺ​ទាំង​ខាង​​រដ្ឋាភិបាល​ស៊ីរី​ផង និង​ទាំង​ចលនា​ប្រឆាំង​ផង​ដែរ។ ក៏ប៉ុន្តែ​លោក​ខាង​លិច នាំ​គ្នា​ចាត់​ទុក​ថា អត្ថបទ​នៃ​ពង្រាង​របស់​រុស្ស៊ី​នោះ នៅ ញញើត​ញញើម​ខ្លាំង​ណាស់។

ទន្ទឹមនេះ អសបបាន​សុខចិត្ត​យល់ព្រមឲ្យ​មាន​ការ​បំពាក់បំប៉ន​ហ្វឹកហ្វឺន​ដល់​ក្រុម​អ្នក​សង្កេត​ការណ៍​​នៃសម្ព័ន្ធអារ៉ាប់​។ ការ​បំពាក់​បំប៉ន​នេះ នឹង ធ្វើឡើង​ដោយ​បុគ្គលិក ផ្ទាល់ របស់​ឧត្តម​ស្នងការ​ទទួលបន្ទុកសិទ្ធិមនុស្ស​របស់អសប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ