មន្ដ្រីការទូតកំពូលស៊ីរី ទៅទស្សនកិច្ចនៅរុស្សី
រដ្ឋមន្ដ្រីការបរទេសស៊ីរី លោក វ៉ាលីដ អាល់ មូឡឹម (Walid al-Muallem) នៅថ្ងៃចន្ទទី៩កញ្ញា នេះ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្សី ដើម្បីពិភាក្សាការងារជាមួយរុស្សី ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួន។ ជំនួបនេះ ធ្វើឡើងខណៈបស្ចិមលោកគម្រាមជាបន្តបន្ទាប់ ធ្វើអន្ដរាគមន៍យោធា លើរបបលោកបាស្ហា អាល់ អាសាដ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣៧
នៅថ្ងៃចន្ទ ទី៩កញ្ញានេះ លោករដ្ឋមន្ដ្រីការបរទេសស៊ីរី វ៉ាលីដ អាល់ មូឡឹម (Walid al-Muallem) បានអញ្ជើញទៅដល់ទីក្រុងមូស្គូ ប្រទេសរុស្សី ដើម្បីជួបពិភាក្សាការងារជាមួយលោករដ្ឋមន្ដ្រីការបរទេសរុស្សី។ រុស្សីដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់លោកប្រធានាធិបតីស៊ីរី បាស្ហា អាល់ អាសាដ និងដែលបានសន្យាថានឹងជួយការពារស៊ីរី ប្រសិនបើអាមេរិកនិងប្រទេសផ្សេងទៀត វាយប្រហារប្រទេសស៊ីរីមែននោះ។
ជំនួបរវាងមន្ដ្រីការទូតប្រទេសទាំងពីរនេះ ធ្វើឡើងបន្ទាប់ពីបស្ចិមប្រទេសមួយចំនួនគម្រាមថា នឹងវាយប្រហាររបបលោកបាស្ហា អាល់ អាសាដ ក្នុងហេតុផលថា របបដឹកនាំលោកបាស្ហា អាល់ អាសាដ បានប្រើប្រាស់អាវុធគីមី សម្លាប់ជនស៊ីវិលស៊ីរីរាប់ពាន់នាក់។
អ្នកនាំពាក្យក្រសួងការបរទេសរុស្សីឲ្យដឹងត្រួសៗថា លោករដ្ឋមន្ដ្រីការបរទេសទាំងពីរនឹងពិភាក្សាគ្នាជុំវិញស្ថានការណ៍នៅប្រទេសស៊ីរី នៅពេលបច្ចុប្បន្ន និងបញ្ហាប្រឈមនានា។ នៅក្រោយជំនួប សន្និសីទកាសែតមួយអាចនឹងធ្វើឡើងដែរ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យដដែល។
ប្រទេសរុស្សី មានជំហរប្រឆាំងដាច់ខាតទៅនឹងអន្ដរាគមន៍យោធាទៅលើប្រទេសស៊ីរី ដែលដឹកនាំដោយអាមេរិក ដោយថាអន្ដរាគមន៍យោធានេះ នឹងធ្វើឲ្យភ្លើងសង្គ្រាមឆាបឆេះតំបន់ដើមបូព៌ាទាំងមូល។ ទីក្រុងមូស្គូ មិនត្រឹមតែបានសន្យាថានឹងជួយស៊ីរីទេ តែថែមទាំងបានជួយការពារស៊ីរី ដោយថា ស៊ីរីមិនមែនជាអ្នកប្រើអាវុធគីមី វាយប្រហារប្រជាជនខ្លួនឯងនោះទេ។
គួររំលឹកដែរថា ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងរុស្សីនិងរបបទីក្រុងដាម៉ាស ចាប់ផ្ដើមតាំងពីជំនាន់ដែលរុស្សីនៅជាសហភាពសូវៀតនៅឡើយ។ កាលណោះ ប្រធានាធិបតីស៊ីរី លោកហាហ្វេ អាល់ អាសាដ ដែលត្រូវជាឪពុកលោកបាស្ហា អាល់ អាសាដ បានជួយគាំទ្រផ្នែកយោធាយ៉ាងពេញទំហឹងដល់សហភាពសូវៀត នៅក្នុងវិបត្តិ នៅតំបន់ព្រែកជីកស៊ុយអេ ឆ្នាំ១៩៥៦៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ