អានតួអត្ថបទ
អាមេរិក-ស៊ីរី

លោក​អូបាម៉ា​សន្យា​មិនធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី​ ដូចជា​នៅ​អ៊ីរ៉ាក់​នោះ​ទេ​

នៅថ្ងៃសៅរ៍នេះ ប្រធានាធិបតី​អាមេរិក បាន​សន្យា​ទៅកាន់​ប្រជាជនអាមេរិកថា អន្តរាគមន៍​យោធារបស់​អាមេរិក​នៅស៊ីរីមានព្រំដែន​កំណត់​​ ហើយ​នឹង​មិន​ធ្វើឡើង​ក្នុង​រយៈពេល​យូរអង្វែង និងអស់ថវិកាច្រើន​ ដូច​ជា​នៅអ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាននោះទេ។ លោកអូបាម៉ា​ព្យាយាម​ពន្យល់ប្រជាជន​អាមេរិក​អោយ​យល់ស្រប​តាម​​រដ្ឋាភិបាល​ខ្លួន។ គួររំលឹកថា ប្រជាជន​អាមេរិក​៥៦ភាគរយ ប្រឆាំង​នឹង​អន្តរាគមន៍​យោធា​ នៅស៊ីរី។

ប្រធានាធិបតី​អាមេរិក Barack Obama
ប្រធានាធិបតី​អាមេរិក Barack Obama REUTERS/Jonas Ekstromer/Scanpix Sweden
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្ទរកថា​ថ្លែងទៅកាន់​ប្រជាជន​អាមេរិក​ នៅថ្ងៃសៅរ៍នេះ ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ បានលើកឡើងថា ប្រទេស​ស៊ីរី មិនមែនជាប្រទេស​អ៊ីរ៉ាក់ រឺក៏​អាហ្វហ្កានីស្ថាន​នោះទេ។ លោក​បន្ថែមថា អាមេរិក​ចង់ធ្វើអន្តរាគមន៍​យោធា​នៅទីនោះ​ គឺ​ដើម្បី​ទប់ស្កាត់​មិនអោយ​រដ្ឋាភិបាល​ស៊ីរី​​​បង្កការវាយប្រហារ​ដោយអាវុធគីមី សា​ជាថ្មី​ទៀតប៉ុណ្ណោះ។

លោកអូបាម៉ា​សន្យាទៅប្រជាជនអាមេរិក​ថា អន្តរាគមន៍យោធា​អាមេរិក​នៅស៊ីរី នឹង​មិន​ធ្វើឡើង​ក្នុង​រយៈពេលយូរ ហើយ​រដ្ឋាភិបាលអាមេរិក​ក៏នឹង​មិន​ចំណាយ​ថវិកា​អោយច្រើន​សន្ធឹកសន្ធាប់ ក្នុង​សកម្មភាព​យោធា​នេះដែរ។ លោកអូបាម៉ា​​បានព្យាយាម​ទាក់ទាញ​ប្រជាជនអាមេរិក​អោយយល់ស្រប​តាម​រដ្ឋាភិបាល​ ចំពោះ​អន្តរាគមន៍យោធា​នៅស៊ីរី។
យោងតាម​ការស្ទង់មតិ​របស់​សារព័ត៌មាន​Reuters ជាមួយ​​វិទ្យាស្ថាន​ស្ទង់មតិ​ Ipsos ប្រជាជន​អាមេរិកាំង​៥៦ភាគរយ​ ជំទាស់​នឹង​អន្តរាគមន៍​យោធា​នៅស៊ីរី។ ហើយ​មានតែ​ប្រជាជន​១៩ភាគរយ​ប៉ុណ្ណោះ ដែលយល់ស្រប​អោយ​មានអន្តរាគមន៍នេះ។

ទាក់ទង​នឹង​អន្តរាគមន៍​យោធា​នេះ សហរដ្ឋអាមេរិក​កំពុង​តែ​ទន្ទឹង​ចាំ​យ៉ាងអន្ទះសា នូវការសំរេច​បោះឆ្នោត​របស់​សភានៅថ្ងៃ​ចន្ទទី​៩កញ្ញា​នេះ។ នៅសប្តាហ៍​ក្រោយ​នេះដែរ លោកអូបាម៉ា​នឹង​ធ្វើការ​ឃោសនា​ដ៏ធំមួយ​​​ ដើម្បី​បញ្ចុះបញ្ចូល​សមាជិកសភា។ ប្រធានាធិបតី​អាមេរិក​បញ្ជាក់​បន្ថែមថា អាមេរិក​មិន​អាច​បិទភ្នែក​នៅចំពោះមុខ​រូបភាពនានា​​នៅស៊ីរី​បាន​នោះទេ។ ​

កាលពី​ថ្ងៃ​សុក្រ​ នៅ​ប្រទេស​រុស្ស៊ី ក្នុង​ជំនួប​​កំពូល​នៃប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ចំនួន២០ ដែល​ហៅកាត់ថា G២០ នោះ ប្រទេស​ជាច្រើន​បាន​បញ្ចុះបញ្ចូល​លោកអូបាម៉ា​អោយ​ចៀសវាង​អន្តរាគមន៍​យោធា។ តែ​ប្រធានាធិបតី​អាមេរិក​បាន​​បដិសេធ​ដាច់អហង្ការ​មិន​ប្តូរ​​ជំហរ​​ខ្លួន​នោះទេ។

យោងតាម​លោកអូបាម៉ា​ អាជ្ញាធរ​ស៊ីរី​ជាអ្នកទទួលខុសត្រូវ​ក្នុង​ការ​​​​​វាយប្រហារ​ដោយ​អាវុធគីមី​ កាលពី​ថ្ងៃ​២១​សីហាកន្លងទៅ នៅជាយក្រុង​ដាម៉ាស។ ការវាយប្រហារ​នៅថ្ងៃ​២១សីហានោះ​ បានសម្លាប់​មនុស្ស​ប្រហែលជា​ជាង​១៤០០នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ