អានតួអត្ថបទ
កម្ពុជា

កម្ពុជា-វៀតណាម ពង្រឹង​កិច្ចសហ​​ប្រតិបត្តិការ និង​អភិវឌ្ឍន៍​រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន

សមត្ថកិច្ច និង​អាជ្ញាធរ​បណ្តា​ខេត្ត ជាប់​ព្រំដែន​ប្រទេស​កម្ពុជា និង​វៀតណាម បាន​ជួបប្រជុំ​និយាយ​ពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​នៅតាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ។ កិច្ចប្រជុំ​លើក​ទី​៦ នៅ​ភ្នំពេញ នា​ថ្ងៃ​អង្គារ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​លោក​ឧបនាយក​រដ្ឋមន្ត្រី ផាំ យ៉ាឃៀម ( Pham Gia Khiem ) រដ្ឋមន្ត្រីការបរទេស​វៀតណាម។

កិច្ច​ប្រជុំ​លើក​ទី​ ៦ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍ព្រំដែន កម្ពុជា​-វៀតណាម
កិច្ច​ប្រជុំ​លើក​ទី​ ៦ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍ព្រំដែន កម្ពុជា​-វៀតណាម © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​​រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា វៀតណាម ត្រូវធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ ដោយ​កម្ពុជា និង​វៀតណាម ឆ្លាស់​វេន​គ្នា ធ្វើ​ជា​ម្ចាស់​ផ្ទះ មួយ​ឆ្នាំ​ម្តង។​
​សហប្រធាន​អង្គប្រជុំ​លើក​ទី​៦ នៅ​ថ្ងៃ​ទី​៣​សីហា​នេះ គឺ​ខាង​កម្ពុជា តំណាង​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ ចំណែក​វៀតណាម តំណាង​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ផាំ យ៉ា ឃៀម រដ្ឋមន្ត្រី​ការបរទេស។ សហប្រធាន​ទាំងពីរ បាន​ឡើង​ថ្លែង​បើក និង​បិទ​អង្គប្រជុំ​រយៈពេល​មួយ​ថ្ងៃនេះ ដោយ​មាន​អភិបាល​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ឡើង​ធ្វើ​បទ​អន្តរាគមន៍​ជា​បន្តបន្ទាប់​ពី​កិច្ចសហប្រតិបត្តិការ​រវាង​ខេត្ត​ប្រទេស​ទាំង​ពីរ។ ខាង​ភាគី​កម្ពុជា មាន​អាជ្ញាធរ និង​អភិបាល​ខេត្ត​ជាប់​ព្រំដែន​វៀតណាម រួមមាន ​៖ ខេត្ត​កំពត កែប តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ក្រចេះ មណ្ឌលគិរី និង​ខេត្ត​រតនៈគិរី។​

ការបង្ការ​ទប់ស្កាត់​បទល្មើស សន្តិសុខ​តាម​បណ្តោយ​ព្រំដែន និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ អប់រំ សុខាភិបាល វប្បធម៌ និង​បទ​អន្តរាគមន៍​ពី​ការបោះបង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​នោះ ជា​ពិសេស​មន្ត្រី​ជាន់ខ្ពស់​ប្រទេស​ទាំង​ពីរ បាន​លើក​ឡើង​ពី​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​ទំនិញ​ឆ្លងកាត់​ព្រំដែន។
​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​លើក​ទី​៦ នៅ​ព្រឹក​មិញ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក​ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម ផាំ យ៉ា ឃៀ​ម ដែល​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា នៃ​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​​លើ​គ្រប់​វិស័យ រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម ចាប់តាំងពី​កិច្ចប្រជុំ​លើក​ទី​១ រហូតមក​ដល់​កិច្ចប្រជុំ​លើក​ទី​៦​នេះ។

​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​លើកឡើង​ថា បណ្តា​ក្រសួង ស្ថាប័ន កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​ទាំង​ពីរ បាន​បង្កើន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​គ្នា ប្រកប​ដោយ​លទ្ធផល​ផ្លែផ្កា​លើ​គ្រប់​វិស័យ។ ប្រទេស​ទាំង​ពីរ បាន​សហការ​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការពុះពារ​ឆ្លងកាត់​វិបត្តិ​កល​យុគ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​សកល សំដៅ​កាត់បន្ថយ​នូវ​ហានិភ័យ​ពី​ឥទ្ធិពល​នៃ​វិបត្តិ​នេះ។ ដោយឡែក​ក្នុង​ក្រប​ខណ្ឌ​ពហុភាគី និង​ក្របខណ្ឌ​តំបន់​វិញ កម្ពុជា និង​វៀតណាម តែងតែ​បាន​សហការគ្នា​យ៉ាង​ជិតស្និទ ក្នុង​សកម្មភាព​រួម​ចំណែក​ដល់​ការពង្រឹង​សន្តិភាព សន្តិសុខ និង​គម្រោង​ការ​នានា ដើម្បី​ធានា​ឲ្យមាន​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​សង្គម ប្រកប​ដោយ​ចីរភាព​ក្នុង​តំបន់ ក៏​ដូច​ប្រទេស​ទាំង​ពីរ។​

​អំពី​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​ទំនិញ​ឆ្លងកាត់​ព្រំដែន ត្រូវបាន​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង លើក​ឡើង​ថា ទោះបី​មាន​ការធ្លាក់ចុះ​បន្តិច ក្នុង​អំឡុង​ឆ្នាំ​២០០៩ ដែល​បណ្តាល​មក​ពី​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សកល ក៏​ប៉ុន្តែ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១០​នេះ ទំហំ​នៃ​ការផ្លាស់ប្តូរ​ទំនិញ និង​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន មានការ​ស្ទុះ​ងើប​ឡើងវិញ គួរឲ្យ​មោទនភាព។

នៅ​ឆ្នាំ​២០០៩ ជញ្ជីង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម បាន​ថយ​ចុះ ១៨,៧៨ % បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៨។ ក៏​ប៉ុន្តែ​នៅ​ឆមាស​ទី​១ ដើម​ឆ្នាំ​២០១០ ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម បាន​កើនឡើង ១២៧ % និង​បាន​ជម្រុញ​ឲ្យ​ទឹកប្រាក់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ កើន​ឡើង​ដល់ ២.០០០ លាន​ដុល្លារ ដូច​ការរំពឹង​ទុក​របស់​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ។​

អ្នកវិនិយោគ​វៀតណាម ក៏​បាន​ចុះ​កិច្ចព្រមព្រៀង និង​កិច្ចសន្យា​ពាណិជ្ជកម្ម ដែល​មាន​ទឹកប្រាក់​ប្រមាណ ៦.០០០ លាន​ដុល្លារ​អាមេរិក ដើម្បី​វិនិយោគ​នៅ​កម្ពុជា លើ​វិស័យ​កសិកម្ម​វិស័យ​អគ្គិសនី ការផលិត​ចំណី​អាហារ ការផលិត​ជីរ​កសិកម្ម ដំណាំ​កៅស៊ូ និង​ផ្នែក​សុខភាព។ រហូត​មក​ដល់​ពេល​នេះ វិនិយោគ​វៀតណាម បាន​បោះទុន​ប្រមាណ ៩០០ លាន​ដុល្លារ លើ​មុខ​ជំនួញ​ប្រមាណ ៦៣ គម្រោង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ