អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

និន្នាការ​ផ្តល់​តម្លៃ​លើ​សំបក​ខាង​ក្រៅ​នាំ​សង្គម​ខ្មែរ​ទៅ​រក​គ្រោះថ្នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ​មនុស្ស​ហាក់​នាំគ្នា​ឲ្យ​តម្លៃ​ទៅ​លើ​រូបភាព​ច្រើន​ជាង​ខ្លឹមសារ។ និន្នាការ​នេះ​កើត​មាន​គ្រប់​ទី​កន្លែង ​និង​គ្រប់​វិស័យ។ ​មិនថា​ក្នុង​វិស័យ​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច ​ឬ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ឡើយ។​ ក្រុម​អ្នក​វិភាគ​សង្គម​ខ្មែរ​បាន​មើល​ឃើញ​ថា​ នៅ​ពេល​ដែល​មនុស្ស​ទូទៅ​ហាក់​ដូចជា​នាំ​គ្នា​ផ្តល់​តម្លៃ​ទៅលើ​តែ​រូបភាព ​តែ​ភ្លេច​គិត​ពី​ខ្លឹមសារ​ សង្គម​អាច​នឹង​បាត់​បង់​និរន្តរភាព ​និង​ភាព​រឹងមាំ​ទៅ​ថ្ងៃ​អនាគត។ នេះ​ជា​បញ្ហា​សំខាន់​ដែល​មិន​អាច​មើល​រំលង​បាន។

គេហដ្ឋាន​​​ស្កឹម​ស្កៃ​ នៅ​ទីក្រុង​ភ្នំពេញ ដែល​​បង្ហាញ​ពី​ភាព​មាន​បាន​របស់​ខ្លួន
គេហដ្ឋាន​​​ស្កឹម​ស្កៃ​ នៅ​ទីក្រុង​ភ្នំពេញ ដែល​​បង្ហាញ​ពី​ភាព​មាន​បាន​របស់​ខ្លួន © RFI
ផ្សាយពាណិជ្ជកម្ម

សង្គម​កម្ពុជា​បច្ចុប្បន្ន​កំពុង​ស្គាល់​ការ​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់​បន្ទាប់​ពី​បាន​ឆ្លង​ផុត​ពី​សម័យ កាល​សង្គ្រាម​មកកាន់​សម័យ​សន្តិភាព​វិញ។ ​ការ​លូតលាស់​ និង​ប្រែ​ប្រួល​របស់​សង្គម​កម្ពុជា​បាន​នាំ​មក​ទាំង​ចំណុច​វិជ្ជមាន ​និង​អវិជ្ជមាន។ ​ពី​សង្គម​មួយ​ដែល​រស់​ក្នុង​របាំង​ប្រពៃណី​តឹង​រ៉ឹង​មក​ជា​សង្គម​ដែល​បើក​ទូលាយ។​ ពី​សង្គម​មួយ​ដែល​អ្នក​នយោបាយ​ផ្តួល​រំលំ​គ្នា​ ដោយ​ប្រើ​អាវុធ​ មក​ជា​សង្គម​ដែល​ប្រើ​ការ​បោះឆ្នោត ​និង​ពី​សង្គម​មួយ​ហែកហួរ​ដោយ​សង្គ្រាម​ស៊ីវិល ​មក​ជា​សង្គម​សន្តិភាព។ ​ទាំង​នេះ​ គឺ​ជា​ការវិវឌ្ឍន៍​ដែល​មាន​លក្ខណៈ​ជ្រាលជ្រៅ ​និង​ហាក់​ដូច​ជា​គួរ​ឲ្យ​មាន​មោទនៈ។ ​ក៏ប៉ុន្តែ ​ការវិវឌ្ឍន៍​មួយ​ចំនួន​បាន​ឈាន​ទៅ​រក​ទិស​អវិជ្ជមាន​ដ៏គ្រោះ​ថ្នាក់។ ​ចំណុច​លេច​ធ្លោ​មួយ​ក្នុង​ចំណោម​នោះ​គឺ​ និន្នាការ​នៃ​ការ​ផ្តល់​តម្លៃ​លើ​រូបភាព​ខាង​ក្រៅ​ច្រើន​ជាង​ខ្លឹមសារ។

 
ជាការពិត ​បម្រែបម្រួល​សង្គម​ពី​សម័យ​កាល​មួយ​ទៅ​មួយ​ គឺ​ជា​ចលនា​ដែល​មិន​អាច​ទប់​បាន ប៉ុន្តែ ​គេពិត​ជា​អាច​តម្រង់​ទិស​វា​បាន​ប្រសិន​ណា​បើ​គេ​បាន​គិត​គូរ​ជា​មុន។ ​នៅ​កម្ពុជា ​និន្នាការ​នៃ​ការ​ផ្តល់​តម្លៃ​មនុស្ស​ដោយ​ផ្អែក​លើ​សម្បក​ក្រៅ​ ហាក់​កំពុង​តែ​ដណ្តើម​ទីតាំង​ឈរ​ជើង​កាន់​តែ​រឹង​មាំ​ឡើង​ជា​លំដាប់​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ​បច្ចុប្បន្ន ​គេហាក់​ដូច​ជា​គោរព​កោត​ខ្លាច​មនុស្ស​ដែល​មាន​ទ្រព្យសម្បត្តិ ​បុណ្យ​ស័ក្តិ​ដែល​គេ​មើល​ឃើញ​ភ្លាមៗ​ជាង​គុណធម៌​របស់​មនុស្ស​ដែល​កប់​នៅ​ក្នុង​ខ្លួន​មិន​អាច​មើល​ឃើញ​ភ្លាមៗ។ ទស្សនៈ​បែប​នេះ​ហាក់​បាន​និង​កំពុង​អូស​ទាញ​មនុស្ស​ឲ្យ​រត់​តាម​កាន់​តែ​ច្រើន​ឡើង។ ​ជាក់ស្តែង​ អ្នក​រៀន​សូត្រ​មួយ​ចំនួន​ចង់​បាន​សញ្ញាបត្រ​មក​បង្អួត​គេ​ ជា​ជាង​ការ​ចង់​បាន​ចំណេះ​ដឹង​ពិត​ប្រាកដ។​ អ្នកមាន​លុយ​ទទួល​បាន​ការ​គោរព​ទោះបី​ជា​លុយ​នោះ​បាន​មក​ពី​ប្រភព​ណា​ក៏ដោយ។ ​ប្រហែល​ជា​រត់​តាម​និន្នាការ​នេះ មន្ត្រី​រាជការ​មួយ​ចំនួន​មាន​រថយន្ត​ទំនើប​ និង​ផ្ទះ​សម្បែង​តម្លៃ​ខ្ពស់​ហួស​ពី​ប្រាក់​ខែ​របស់​ខ្លួន។

នៅ​ក្នុង​ទិដ្ឋភាព​នយោបាយ​វិញ​ក៏​ដូច​គ្នា​ ៖ ទ្រឹស្តី​ប្រជាធិបតេយ្យ​បាន​រីក​ដុះដាល​ដល់​គ្រប់​មជ្ឈដ្ឋាន​ ពោល​គឺ​មនុស្ស​គ្រប់​គ្នា​ហាក់​បាន​ស្គាល់​ពាក្យ​ថា​ប្រជាធិបតេយ្យ ​ ប៉ុន្តែ ​ថា​តើ​គេ​ត្រូវ​អនុវត្ត​បែប​ណា​ដើម្បី​ឲ្យ​ប្រជាធិបតេយ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ​តាម​ន័យ​ពិតប្រាកដ​របស់​វា?​ សំណួរ​នេះ​អាច​ឆ្លុះ​បញ្ចាំង​បាន​អំពី​ភាព​ប្រទាំង​ប្រទើស​នៃ​ការ​អនុវត្តន៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន។ ​ដោយសារ​តែ​មនុស្ស​ហាក់​ឲ្យ​តម្លៃ​ទៅលើ​រូបភាព​សំខាន់​ជាង​ខ្លឹមសារ​នេះ​ហើយ ​បាន​ជា​ ជាញឹកញយ​ អ្នក​នយោបាយ​តែង​បំភ្លេច​ខ្លឹមសារ​ប្រជាធិបតេយ្យ​ដោយ​ផ្តោត​តែ​លើ​រូបភាព​សំបក​ក្រៅ។ ​ទីបំផុត​ប្រជាពលរដ្ឋ​ជា​អ្នក​វង្វេង ​ហើយ​ជា​ញឹកញយ​ពួកគេ​បាន​ក្លាយ​ជា​អ្នក​ទទួល​រងគ្រោះ​ ព្រោះ​ភាព​មិន​ច្បាស់​លាស់​របស់​អ្នក​នយោបាយ។

នៅ​ក្នុង​បរិបទ​សង្គម​ទូទៅ​វិញ​ ការ​ផ្តល់​តម្លៃ​ទៅ​លើ​រូបភាព​សំបក​ក្រៅ​បាន​និង​កំពុង​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​ភ្លេច​សីលធម៌ ​និង​គុណធម៌​របស់​មនុស្ស​ដែល​ជា​ទូទៅ​គេមិន​អាច​មើល​ឃើញ​ភ្លាមៗ​នោះ​ឡើយ​។ ​មនុស្ស​ខ្លះ​មាន​គុណធម៌​ និង​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់ ​ប៉ុន្តែ ​គ្មាន​ទ្រព្យសម្បត្តិ​ហ៊ឺហា​ដូច​គេ​ ក៏​ត្រូវ​គេ​បំភ្លេច​ចោល​មិន​ឲ្យ​តម្លៃ។ ​អ្នក​អង្គុយ​ស្រាវជ្រាវ ​សរសេរ​សៀវភៅ ​ច្រើន​ជា​អ្នក​ដែល​គ្មាន​ទ្រព្យ​ ពី​ព្រោះ​តែ​សង្គម​មិន​ឲ្យ​តម្លៃ​ដល់​ការងារ​របស់​ពួកគេ។

នេះ​ជា​ការ​ស្រុត​ចុះ​នៃ​តម្លៃ​សង្គម​គួរ​ឲ្យ​ព្រួយបារម្ភ ​ហើយ​ផ្នត់​គំនិត​នេះ ​ប្រសិន​បើ​នៅ​តែ​បន្ត​ វា​នឹង​ធ្វើ​ឲ្យ​សង្គម​ជួប​គ្រោះ​ថ្នាក់​ទៅ​ថ្ងៃ​អនាគត។​ គ្រោះ​ថ្នាក់​នៅ​ត្រង់​ថា ​សំបក​ក្រៅ​មិន​បញ្ជាក់​អំពី​តម្លៃ​ពិត​ប្រាកដ​របស់​មនុស្ស​ ឬ​វត្ថុ​អ្វី​មួយ​នោះ​ឡើយ។ ​ការ​ផ្តល់​តម្លៃ​ទៅ​លើ​ទិដ្ឋភាព​ខាង​ក្រៅ ​ងាយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​យល់​ច្រឡំ​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត។ ​ម្យ៉ាងទៀត​ ការ​ឲ្យ​តម្លៃ​តែ​ទៅ​លើ​សម្ភារ​និយម​ដែល​ជា​គ្រឿង​បន្លំ​ភ្នែក​បាន​ធ្វើ​ឲ្យ​រេច​រឹល​ដល់​ការងារ​ជាច្រើន​ដែល​មាន​ប្រយោជន៍​សម្រាប់​សង្គម​ ហើយ​វា​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាក់​ទឹក​ចិត្ត។​ក្នុង​បរិបទ​នេះ ​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​នេះ​ចេញ​ គឺជា​រឿង​ចាំបាច់​មិន​អាច​មើល​រំលង​បាន​ឡើយ​ដើម្បី​សង្គ្រោះ​សង្គម​ខ្មែរ​ចេញ​ពីគ្រោះ​ថ្នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ