អានតួអត្ថបទ
កម្ពុជា​

បក្ស​ប្រឆាំង​នឹង​សង្គម​ស៊ីវិល​គ្រោង​ចុះ​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន

មន្ត្រី​គណបក្ស​សម​ រង្ស៊ី ​និងស​ង្គមស៊ីវិល​ បានឲ្យដឹង​នៅថ្ងៃនេះ​ថា ក្រុ​មខ្លួននឹង​ធ្វើដំណើរ​ទៅ​ពិនិត្យ​មើល​ការ​ដាំ​បង្គោល​ព្រំដែន​នៅតាម​ បណ្តោយ​ព្រំដែន​កម្ពុជា​-វៀតណាម​ក្នុង​សបា្តហ៍​ក្រោយ​នេះ។​ ការចុះ​ទៅ​ពិនិត្យ​ដើម្បី​ផ្ទៀងផ្ទាត់​ថា​ការបោះបង្គោល​ព្រំដែន​មិន​រំលោភ​ ចូល​ទឹកដី​កម្ពុជា​ដូច​ដែល​ប្រជាពលរដ្ឋ​មួយ​បាន​លើក​ឡើង​ទេ។

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ©សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម
02:01

សេចក្តី​រាយការណ៍​របស់ នេត្រ ភក្ត្រា ពីទីក្រុង​ភ្នំពេញ

មន្ត្រី​គណបក្ស​ សម​ រង្ស៊ី​ និង​លោក​ រ៉ុង ​ឈុន​ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ​ក្រុម​របស់​ខ្លួន​នឹង​ចុះ​ទៅ​ត្រួត​ពិនិត្យ​ការ​បោះ​តម្រុយ​ និង​បង្គោល​ព្រំដែន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-វៀតណាម​នៅ​សបា្តហ៍​ក្រោយ​នេះ។​ គម្រោង​នៃ​ការ​ចុះ​ទៅ​ត្រួតពិនិត្យ​នេះ​ត្រូវបាន​ធ្វើឡើង ​បន្ទាប់ពី​មាន​ការ​ចោទ​ប្រកាន់​ ពីសំណាក់​ប្រជាពលរដ្ឋ​នៅក្នុង​ទឹកដី​ស្រុក​មេមត់ ​ខេត្ត​កំពង់ចាម​ថា​ ប្រទេស​វៀតណាម​បាន​បង្ខិត​បង្គោល​ព្រំដែន​ចូល​ដី​ចម្ការ​របស់​ពួក​គាត់។​

លោក​ យឹម​ សុវណ្ណ ​តំណាង​រាស្រ្ត​គណបក្ស​ សម​ រង្ស៊ី ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​មន្ត្រី​គណបក្ស​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​តំបន់​ព្រំដែន​កម្ពុជា​-វៀតណាម​ក្រោយ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ។​ លោក​ថ្លែង​ថា​ របាយការណ៍​ដែល​បាន​មកពី​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​នឹង​ត្រូវ​ផ្ញើ​ជូន​ទៅ​រដ្ឋាភិបាល​តាមរយៈ​រដ្ឋសភា​ជាតិ​ដើម្បី​ឲ្យ​មាន​ការដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ ​ប្រសិន​បើ​មាន​ការ​រំលោភ​បំពាន​មែន។ ចំណែក​លោក ​រ៉ុង ​ឈុន ​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ក៏​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ក្រុម​លោក​នឹង​ចុះ​ទៅ​ត្រួតពិនិត្យ​លើ​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-វៀតណាម​ដែរ។

         ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​ជា​ដែន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ ការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដំណើរការ​បោះបង្គោល​ព្រំដែន​ណា​មួយ​ត្រូវ​មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ។​ លោក​ ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​បាន​ថ្លែង​ថា ​អ្នក​ដែល​ចង់​ទៅ​ពិនិត្យ​ការ​បោះ​បង្គោល​ព្រំដែន​ត្រូវ​កំណត់​ខ្លួន​ឲ្យ​ច្បាស់​ថា​ធ្វើ​ដំណើរ​ទៅ​មើល​បង្គោល​ព្រំដែន​ក្នុង​នាម​ជា​អ្នក​នយោបាយ​ ជា​អ្នក​បច្ចេកទេស​ ឬ​ក៏ជា​អ្នកទេសចរ។​ ការ​កំណត់​នេះ​ដើម្បី​ងាយស្រួល​ដល់​អាជ្ញាធរ​ក្នុងការ​រក្សា​សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​ការពារ​សម្បត្តិ​សាធារណៈ។ លោក ​ផៃ ​ស៊ីផាន ​បាន​ព្រមាន​ថា​ ករណី​មាន​ការ​បង្ក​ការ​ខូចខាត​ណា​មួយ​ ដល់​តម្រុយ​ និង​បង្គោល​ព្រំដែន​ ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​ រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់។
        

         ទោះ​បី​យ៉ាង​ណា​ទាំង​លោក​ យឹម ​សុវណ្ណ ​និង​លោក​ រ៉ុង​ ឈុន​ បាន​អះអាង​ថា ​ដំណើរ​ទៅ​ពិនិត្យ​របស់​លោក​នឹង​មិន​រំខាន​ដល់​ការ​បោះ​បង្គោល​ព្រំដែន​ទេ​ ព្រោះ​វា​គ្រាន់តែ​ជា​ការ​ចុះ​ពិនិត្យ​ដោយ​សន្តិវិធី​ប៉ុណ្ណោះ។​ លោក ​រ៉ុង ឈុន ថ្លែង​ថា ក្រុម​លោក​មិនខ្លាច​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​ទេ ​ព្រោះ​មិន​បាន​បម្រើ​ផល​ប្រយោជន៍​នរណា​ម្នាក់​ឡើយ ​ប៉ុន្តែ​ដើម្បី​ផលប្រយោជន៍​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ