អានតួអត្ថបទ
កម្ពុជា

ថ្នាក់​ដឹកនាំ​គណបក្ស​សមរង្ស៊ី​ ៥​ រូប​ នៅ​ខេត្ត​ពោធិ៍សាត់​ចុះចូល​គណបក្ស​សិទ្ធិមនុស្ស​

នៅ​​ព្រឹក​​ថ្ងៃ​ទី​​២៣​​សីហា​​នេះ​ថ្នាក់​ដឹកនាំ​​គណបក្ស​​សមរង្ស៊ី​៥​ រូប​ជា​​អនុ​ប្រធាន​​គណបក្ស​​សម​រង្ស៊ី​​ប្រចាំ​​ខេត្ត​​ពោធិ៍សាត់​ ព្រម​ទាំង​​ប្រធាន​និង​​អនុប្រធាន​​គណបក្ស​​សម​រង្ស៊ី​​ប្រចាំ​​ស្រុក​ក្នុង​​ខេត្ត​​ពោធិ៍សាត់ ​បាន​ប្រកាស​​ចាក​ចេញ​​ពី​​គណបក្ស​​សមរង្ស៊ី​ ហើយ​​ចូល​រួម​​ជា​មួយ​​គណបក្ស​​សិទ្ធិ​មនុស្ស។​ សម្រាប់​​មន្ត្រី​​ជាន់​ខ្ពស់​​គ​ណ​បក្ស​​សមរង្ស៊ី ​ការ​ចាកចេញ​​ថ្នាក់​ដឹកនាំ​​គណបក្ស​​ខេត្ត​​ពោធិ៍សាត់​​ទាំង​​៥​​នាក់​​នោះ ​មិន​​ប៉ះ​ពាល់​​ដល់​​គណបក្ស​​សម​រង្ស៊ី​​ទេ ​ព្រោះ​​អ្នក​​ទាំង​នោះ ​ជា​មនុស្ស​​ដែល​​មាន​​ទំនាក់ទំនង​​ជា​មួយ​​មន្ត្រី​​ជាន់​ខ្ពស់​​គណបក្ស​​កាន់​អំណាច​ ហើយ​​ត្រូវ​​គណបក្ស​​សមរង្ស៊ី​ បញ្ឈប់​​ពី​​សមាជិកភាព​ កាល​ពី​​ពេល​​ថ្មីៗ​​នេះ​។​

ថ្នាក់​ដឹកនាំ​គណបក្ស​សមរង្ស៊ី​ ៥​ រូប ​នៅ​ខេត្ត​ពោធិ៍សាត់​ ចុះ​ចូល​គណបក្ស​សិទ្ធិមនុស្ស។​
ថ្នាក់​ដឹកនាំ​គណបក្ស​សមរង្ស៊ី​ ៥​ រូប ​នៅ​ខេត្ត​ពោធិ៍សាត់​ ចុះ​ចូល​គណបក្ស​សិទ្ធិមនុស្ស។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ការបង្ហាញ​មុខ​សមាជិក​ថ្មី​ទាំង ៥ រូប របស់​គណបក្ស​សិទ្ធិមនុស្ស បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​សីហា ឆ្នាំ​២០១១ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សិទ្ធិមនុស្ស នៅ​ទីក្រុង​ភ្នំពេញ​។

លោក ម៉ៅ មុនី​វណ្ណ អនុប្រធាន​គណបក្ស​សិទ្ធិមនុស្ស ដែល​ទើបតែ​ចាកចេញ​ពី​គណបក្ស​សមរង្ស៊ី បាន​ចាត់ទុកថា វត្តមាន​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី ចូល​ក្នុង​គណបក្ស​សិទ្ធិមនុស្ស ជា​បន្តបន្ទាប់ នឹង​ធ្វើឲ្យ​គណបក្ស​លោក​កឹម​សុខា ក្លាយជា​កម្លាំង​ប្រជាធិបតេយ្យ​មួយ​ដ៏​ធំ សម្រាប់​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​សង្គម​ខ្មែរ​នា​ពេលអនាគត​។

​អតីត​តំណាងរាស្ត្រគណបក្សសមរង្ស៊ី ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស កាលពី​ខែ​មីនា លោក ម៉ៅ មុនី​វណ្ណ បញ្ជាក់ថា ការចូលរួម​របស់​ស​កម្ម​ជន និង​អ្នកដឹកនាំ​ថ្នាក់​ខេត្ត និង​ថ្នាក់​ស្រុក​របស់​គណបក្ស​សមរង្ស៊ី ចូល​ក្នុង​គណបក្ស​សិទ្ធិមនុស្ស ជា​ចលនា​រួបរួម នៅ​ថ្នាក់​មូលដ្ឋាន ខណៈ​ដែល​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ស​ម​រង្ស៊ី បាន​បដិសេធ មិន​រួបរួម​ជា​មួយ​គណបក្ស​សិទ្ធិមនុស្ស​។

​លោក ម៉ៅ មុនី​វណ្ណ បាន​បន្ថែមថា នៅ​ពេល​ឆាប់​ខាងមុខ នឹង​មាន​ការប្រកាស​ពី​ការចាកចេញ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម និង​ខេត្ត​តាកែវ ចេញពី​គណបក្ស​សមរង្ស៊ី​រាប់រយ​នាក់ ដើម្បី​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​។

​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី ដែល​ទើបតែ​ផ្តាច់ខ្លួន​ទាំង ៥ នាក់​នោះ រួមមាន​៖
ទី​១-​លោក ឯម វិរៈ អនុប្រធាន​គណបក្ស​ស​ម​រង្ស៊ី ប្រចាំ​ខេត្ត​ពោធិ៍សាត់​។
ទី​២-​លោក អ៊ុង សាវ៉ាត ប្រធាន​គណបក្ស​សម​រង្ស៊ី ប្រចាំ​ស្រុក​បាកាន​។
ទី​៣-​លោក ឡាក់ ចាន់​ជំនិត ប្រធាន​គណបក្ស​សម​រង្ស៊ី ប្រចាំ​ស្រុក​ក្រគរ​។
ទី​៤-​លោក ដា សុ​ផល្លី អនុប្រធាន​គណបក្ស​ស​ម​រង្ស៊ី ប្រចាំ​ក្រុង​ពោធិ៍សាត់ និង
​ទី​៥-​លោក ចាន់ សេម អនុប្រធាន​គណបក្ស​ស​ម​រង្ស៊ី ប្រចាំ​ស្រុក​បាកាន​។​
​អ្នក​ទាំង​៥​នាក់ បានចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​បញ្ជាក់​ថា មូលហេតុ​នៃ​ការចាកចេញ​ពី​គណបក្ស​សមរង្ស៊ី មកពី​ពួកគេ មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​គណបក្ស​សមរង្ស៊ី ដែល​កំពុង​បែកបាក់​ផ្ទៃក្នុង ដោយ​បង្កើត​បក្ស​ក្នុង​បក្ស ជាដើម​។​
​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី នៅ​ខេត្ត​ពោធិ៍សាត់ ក៏បាន​លើកឡើង​ថា នៅ​មាន​អ្នកគាំទ្រ​តាម​មូលដ្ឋាន​ប្រមាណ ៣ ម៉ឺន​នាក់​ទៀត នឹង​ត្រូវ​ផ្ទេរ​ពី​សកម្មជន​គណបក្ស​ស​ម​រង្ស៊ី មក​ជា​អ្នកគាំទ្រ​គណបក្ស​សិទ្ធិមនុស្ស ក្រោយពី​ការប្រកាស នៅ​ថ្ងៃ​ទី​២៣​សីហា ឆ្នាំ​២០១១​។​

ក៏​ប៉ុន្តែ​លោក គឹម​សួរ ភិ​រិទ្ធ អ្នកតំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​រង គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា ការចាកចេញ និង​ចូលរួម​នយោបាយ​របស់​អ្នក​ទាំង​៥ នៅ​ខេត្ត​ពោធិ៍សាត់ ដើម្បីចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស មិនបាន​ធ្វើឲ្យ​រង្គោះរង្គើ​ដល់​គណបក្ស​សមរង្ស៊ី​ទេ ព្រោះ​អ្នក​ទាំងនោះ សុទ្ធតែ​ជា​មនុស្ស​ដែល​មាន​ទំនាក់ទំនង និង​ទទួល​ប្រាក់​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច​។ គណបក្ស​សមរង្ស៊ី ក៏បាន​សម្រេច​លុបឈ្មោះ​ពួកគេ ចេញពី​សមាជិកភាពរ​បស់​គណបក្ស​សមរង្ស៊ី​ផងដែរ​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សមរង្ស៊ី បន្ថែមថា អ្នក​ទាំង​៥ ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អតីត​ប្រធាន​គណបក្ស​សមរង្ស៊ី​ខេត្ត​ពោធិ៍សាត់ គឺ​លោក ហេង ចាន់​ធួន ធ្លាប់​បម្រើ​ការងារ​ឲ្យ​កាន់អំណាច ក្នុង​ការរៀបចំ​បណ្ថាញ ដើម្បី​បំផ្លាញ​រចនាសម្ព័ន្ធ​គណបក្ស​សមរង្ស៊ី នៅ​ខេត្ត​ពោធិ៍សាត់​។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​នេះ បាន​រៀបចំ​អ្នកថ្មី​ជំនួស​រួចរាល់​ហើយ ដើម្បី​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​ការបោះឆ្នោត​ឃុំ​សង្កាត់​នា​ឆ្នាំ​ក្រោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ