អានតួអត្ថបទ
កម្ពុជា

គណបក្សសមរង្ស៊ី​ អាច​ដូរ​តំណាងរាស្ត្រ​មួយ​ចំនួន​

នៅ​ថ្ងៃ​អង្គារ​នេះ ​លោក យឹម សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី​ បាន​ប្រកាស​ថា គណបក្ស​ប្រឆាំង​ អាចនឹង​មាន​ការ​ផ្លាស់​ប្តូរ​តំណាងរាស្ត្រ​​ខ្លះ ​ស្របតាម​គោលការណ៍​របស់​គណបក្ស​ ដែល​បាន​កំណត់​ពី​ការ​ធ្វើ​តំណាងរាស្ត្រ​ពាក់​កណ្តាល​អាណត្តិ។ សេចក្តីប្រកាស​នេះ ​បាន​ធ្វើ​ឡើង​ ក្រោយពី​ក្រុម​បេក្ខជន​តំណាងរាស្ត្រ​ដែល​ត្រូវ​ចូល​កាន់​តំណែង​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​សមរង្ស៊ី​ ចំនួន​ ៨​ រូប​ បាន​ធ្វើ​ញត្តិ​ ដាក់​ទៅ​កាន់​លោក​ សមរង្ស៊ី​ កាលពី​ថ្ងៃ​ទី​២២​មករា។​

គណបក្ស សមរង្ស៊ី​ អាច​ដូរ​តំណាងរាស្ត្រ​មួយ​ចំនួន​
គណបក្ស សមរង្ស៊ី​ អាច​ដូរ​តំណាងរាស្ត្រ​មួយ​ចំនួន​ © លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

02:19

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ

លី ម៉េងហួរ

ការ បញ្ជាក់​ពី​លទ្ធភាព ដែល​អាច​ដោះដូរ​តំណាងរាស្ត្រ​មួយ ចំនួន របស់​គណបក្ស​សម​រង្ស៊ី បាន​ធ្វើ ឡើង​ភ្លាមៗ បន្ទាប់ពី​ក្រុម​បេក្ខជន​តំណាងរាស្ត្រ​របស់​បក្ស​ប្រឆាំង បាន​ធ្វើ​ញត្តិ ជម្រុញ​ឲ្យ​លោក សម រង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស កុំ​ឲ្យ​បំភ្លេច​ពាក្យ​សន្យា​នៃ​ការ​ផ្លាស់ប្តូរ​តំណាងរាស្ត្រ នៅ​ពាក់​កណ្តាល​អាណត្តិ។

ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៥​មករា​នេះ លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​​សមរង្ស៊ី បាន​បញ្ជាក់​ដោយ​របៀប​​ស្ទាក់ស្ទើរ​​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចំនួន ១៥ រូប របស់​បក្ស​ប្រឆាំង បាន​ដាក់​ចេញ​នូវ​ដំណោះស្រាយ​សមស្រប​មួយ។ ជា​ដំណោះស្រាយ ដែល​គ្រប់ៗ​គ្នា នឹង​អាច​ទទួល​យក​បាន ដើម្បី​ផ្តល់​នូវ​តួនាទី​សមរម្យ ទៅ​ដល់​បេក្ខជន​អ្នក​តំណាងរាស្ត្រ ​ដែល​មិន​បាន​ជាប់​បោះឆ្នោត កាលពី​ឆ្នាំ​២០០៨។

យ៉ាងណាក៏ដោយ លោក​តំណាងរាស្ត្រ យឹម សុវណ្ណ មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ពី​ការ​ផ្លាស់ប្តូរ​តំណាងរាស្ត្រ​ពាក់​កណ្តាល​អាណត្តិ​របស់​គណបក្ស​សមរង្ស៊ី​នោះ​ឡើយ។ តែ​អាច​មាន​តំណាងរាស្ត្រ​ខ្លះ ត្រូវ​ដោះដូរ​ ហើយ​ដំណោះស្រាយ​រួម​នោះ នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

ចំពោះ​ញត្តិ​តវ៉ា​របស់​ក្រុម​បេក្ខជន​តំណាងរាស្ត្រ ដែល​ទាមទារ​ឲ្យ​មាន​ការអនុវត្ត​គោលការណ៍​ផ្លាស់​ប្តូរ​តំណាងរាស្ត្រ​ពាក់​កណ្តាល​អាណត្តិ​របស់​គណបក្ស​សមរង្ស៊ី ត្រូវ​បាន​លោក យឹម សុវណ្ណ ចាត់ទុកថា ជា​ការសំដែង​មតិ មិនមែន​ជា​ការ​បែកបាក់​ផ្ទៃ​ក្នុង​ឡើយ។ ​សេចក្តី​សំរេច នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សម​រង្ស៊ី កាលពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០០៨ បាន​លើក​ឡើង​ពី​ការ​អនុវត្ត​គោលការណ៍​បែងចែក​ការបំពេញ​ការងារ ជា​អ្នក​តំណាង​រាស្ត្រ​ពាក់កណ្តាល​អាណត្តិ មិនមែន​ធ្វើ​ឡើង​ចំពោះ​​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ទាំង ២៦ រូប​ទេ។ ប៉ុន្តែ​សម្រាប់​តែ​តំណាងរាស្ត្រ​នៅ​មណ្ឌល​បន្ទាយមានជ័យ មណ្ឌល​កំពង់ចាម មណ្ឌល​កំពង់ស្ពឺ មណ្ឌល​កំពង់ធំ មណ្ឌលកណ្តាល មណ្ឌល​ភ្នំពេញ និង​មណ្ឌល​ព្រៃវែង។

តាម​សេចក្តីសំរេច​នោះ បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​បាន​ព្រមព្រៀង អនុវត្ត​គោលការណ៍​បែងចែក​ការបំពេញ​ការងារ​ជា​អ្នកតំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ តាម​លក្ខខណ្ឌ ដោយ​ប្តូរ​ទាំង​បេក្ខជន​លំដាប់​លេខ​រៀង​ទី​១ ប៉ុន្តែ​លើកលែងតែ​លោក សម រង្ស៊ី នៅ​មណ្ឌល​កំពង់ចាម លោក យឹម សុវណ្ណ និង​លោក សុន ឆ័យ នៅ​មណ្ឌល​ភ្នំពេញ។

ចំណែក​លោក​ស្រី ជូឡុង សូមួរ៉ា ភរិយា​របស់​លោក​សម​រង្ស៊ី ដែល​ជាប់ឆ្នោត​តំណាងរាស្ត្រ នៅ​មណ្ឌល​ភ្នំពេញ លំដាប់​លេខ​រៀង​ទី​១ ក៏​ត្រូវ​ផ្លាស់ប្តូរ​ដែរ។ តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ​របស់​គណបក្ស​សមរង្ស៊ី ត្រូវ​ដល់​កំណត់​នៅ​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ