អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

បទ​​ឈប់បាញ់​នៅ​ស៊ីរី​ ជាទូទៅ​ត្រូវ​គេ​គោរព​តាម​ទោះបី​មាន​ការ​បង្កហេតុ​ខ្លះ​ក្តី​

នេះ​ជា​យោបល់​យល់​ឃើញ​របស់​ទីក្រុង​ម៉ូស្គូ​ដែល​តែង​កាន់​ជើង​រដ្ឋាភិបាល​ស៊ីរី។​ យោបល់​នេះ ​ត្រូវ​បាន​បញ្ចេញ​ព្រឹក​ថ្ងៃ​សុក្រ​២០មេសា​នេះ​ ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ការទូត​រុស្ស៊ី។​

O ministro das Relações Exteriores da Rússia, Sergei Lavrov.
O ministro das Relações Exteriores da Rússia, Sergei Lavrov. REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

 

ថ្លែងព្រឹកមិញ អ្នកនាំពាក្យផ្លូវការក្រសួងការបរទេសរុស្ស៊ី លោក Alexandre Loukachevitch គូសបញ្ជាក់ថា ធាតុពិត នៃបញ្ហា ដែលចោទនៅស៊ីរីបច្ចុប្បន្ននេះ គឺថាឬមួយ ឥឡូវ​ជា​ដំណាក់​កាល​ឆ្លងទៅកាន់សំវាទរវាងភាគីបដិបក្ខនៅស៊ីរីផ្ទាល់ ក្នុងនាមស្រុះស្រួលជាតិ ដោយសន្តិវិធី ឫមួយ ប្រទេសស៊ីរី នឹងរអិលខ្លួន ទៅក្នុងសង្គ្រាមស៊ីវិលតែម្តង។ ដូច្នេះ ភាគី​និមួយ​ៗ​ ដែល​ជាប់​ក្នុងទំនាស់នៅស៊ីរី ត្រូវតែធ្វើជម្រើសខានមិនបាន។ មកពីមូលហេតុនេះ បានជាឥឡូវ ភារកិច្ច​ធំចម្បង គឺត្រូវតែពង្រឹង របបឈប់បាញ់។

តាមអ្នកការទូតរុស្ស៊ី ទីក្រុងម៉ូស្គូទទូចឲ្យ “ចាំបាច់ត្រូវតែពង្រឹងចំណុចគោលនេះ” នៃផែនការ លោក Kofi Annan ក្នុងឋានៈ ជាបេសកជនពិសេសរបស់ អ.ស.ប.និង “សម្ព័ន្ធអារ៉ាប” ខាង​រាវ​រកដំណោះស្រាយតាមផ្លូវ នយោបាយ និងការទូត ឲ្យវិបត្តិរ៉ាំរ៉ៃអស់ជាង១ឆ្នាំហើយនៅស៊ីរី ដែល​ក្នុង អំឡុងពេលនេះ តាមយោបល់រុស្ស៊ី ដោយមកពី​ប្រតិបត្តិការ​បង្ក្រាប​ពីខាង​អាជ្ញាធរ​ទៅ​លើរលកប្រឆាំង ក៏ដូចជាមកពី អំពើបង្កហេតុពីខាងពួកប្រឆាំង គឺមានមនុស្ស​ធ្លាក់ខ្លួន​ស្លាប់អស់ប្រមាណ ១១.០០០នាក់ទៅហើយ។

អ្នកការទូតរុស្ស៊ី សង្កត់ធ្ងន់ថា ការដែលបទឈប់បាញ់នៅស៊ីរី ជាទូទៅត្រូវគេបំពេញតាម គឺ ជាជោគជ័យមួយនៃផែនការនោះឯង ពុំនោះសោតទេ គឺអាចអូសទាញស្ថានការណ៍ ឲ្យស្រុត ចុះអាក្រក់ ទាំងហែហមជាថ្មី ទៅដោយអំពើហិង្សា គ្មានទីបញ្ចប់។

ក្នុងផ្ទៃនេះ តាមការសង្កេតឃើញនៃ សាខារបស់”អង្គការការពារសិទ្ធិមនុស្ស” ដែលប្រចាំ​នៅ​ស៊ីរី​ គ្រាន់តែក្នុងរយៈពេល៨ថ្ងៃ កន្លងទៅ បន្ទាប់ពីផែនការលោក Kofi Annan ចូលជា​ធរមាន​មក​ ដោយម​ក ពីការរំលោភបំពានគ្មានលោះថ្ងៃណាឡើយ លើបទឈប់បាញ់នៃផែនការនេះ គឺមាន បណ្តាជនស៊ីវិល ក្ស័យជីវិតយ៉ាងហោចណាស់ អស់១៣០នាក់ទៀត។

ការទូតរុស្ស៊ី ក៏កត់សម្គាល់ថា ទីក្រុងម៉ូស្គូ ទទួលយកដោយសោមនស្សន៍ ដំណឹងដែលថា ថ្ងៃ​១៩​មេសាម្សិលមិញ ថ្នាក់ដឹកនាំស៊ិរី បានចុះកិច្ចព្រមព្រៀង ជាមួយពួកអ្នកសង្កេតការណ៍ មួយ​ក្រុម​ដំបូងរបស់អ.ស.ប. ស្តីអំពីរបៀបរបប សម្រាប់គេបំពេញបេសកកម្មគេ នៅលើដែនដី ប្រទេសស៊ីរី។ រុស្ស៊ី នឹងមានអ្នកសង្កេតការណ៍ខ្លួន ចំនួនដល់ទៅ៤នាក់ សម្រាប់ប្រចាំក្នុង បេសកកម្មអន្តរជាតិនោះ ដែលនឹងមានគ្នា រហូតដល់៣០០នាក់។

ទាក់ទងនឹងបេសកកម្មនេះ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov បានថ្លែងនៅក្រុង Bruxelles ម្សិលមិញថា ម៉ូស្គូ មិនអនុញ្ញាតឲ្យ “ក្រុមប្រទេស ដែលលើកខ្លួនឯង ជាមិត្ត​របស់​ស៊ីរី” ប៉ុន្តែដែលតាមធាតុពិត គឺគាំទ្រតែពួកប្រឆាំងនៅស៊ីរី ឲ្យដើរតូជំនួស ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.ឡើយខាងសន្និដ្ឋានអំពីការងារខាងបំពេញតាមផែនការសន្តិភាពរបស់លោក Kofi- Annan៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ