អានតួអត្ថបទ
ស៊ីរី

ក្រុមប្រឹក្សា​សន្តិសុខ​អនុម័ត​បញ្ជូន​អ្នក​សង្កេតការណ៍​ទៅ​ស៊ីរី

នៅទីបំផុត​រុស្ស៊ី​បាន​គាំទ្រ​សេចក្តីសម្រេច​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​ស៊ីរី។ សេចក្តីសម្រេច​នេះ​​ត្រូវ​បាន​ក្រុមប្រឹក្សា​សន្តិសុខ​អនុម័ត កាល​ពី​ថ្ងៃ​សៅរ៍ ម្សិលមិញ។ អ្នកសង្កេតការណ៍​ចំនួន ៦នាក់​ដំបូង នឹង​ទៅដល់​ស៊ីរី នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ក្នុង​ពេល​ដែល​អំពើ​ហិង្សា​នៅ​តែ​បន្តកើតមាន ទោះបី​​បទឈប់បាញ់​​បាន​ចូល​ជាធរមាន កាល​ពីថ្ងៃ​ព្រហស្បតិ៍។

REUTERS/Allison Joyce
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​លេខ​២០៤២ ត្រូវបាន​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​បោះឆ្នោត​​អនុម័ត​ដោយ​សំឡេង​គាំទ្រ​ជា​ឯកច្ឆន្ទ។ ក្នុងនោះ​ក៏មាន​សំឡេង​គាំទ្រ​របស់​​រុស្ស៊ី និង​ចិន​ផងដែរ។

សេចក្តីសម្រេច​នេះ​​​ចែងថា​ ​អ្នក​សង្កេតការណ៍​​ស៊ីវិល​ជា​ជំហាន​ដំបូង​ចំនួន ៣០នាក់ នឹង​ត្រូវ​បញ្ជូន​ទៅ​ពិនិត្យ​មើល​បទ​ឈប់បាញ់​នៅ​ស៊ីរី។ អ្នកសង្កេតការណ៍​ទាំងនេះ​ត្រូវ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការ​បំពេញ​បេសកកម្ម​របស់​ខ្លួន ហើយ​​អាជ្ញាធរស៊ីរី​ជា​អ្នក​ទទួលខុសត្រូវ​រក្សា​សុវត្ថិភាព​អ្នក​សង្កេតការណ៍​ទាំងអស់នេះ។ ក្រុមប្រឹក្សា​សន្តិសុខ​​បាន​ព្រមាន​​​ថា​នឹង​ចាត់វិធានការ​ផ្សេងទៀត ប្រសិនបើ​​ស៊ីរី​មិន​គោរព​តាម​សេចក្តីសម្រេច​នេះ ព្រមទាំង​បាន​ថ្កោលទោស​នូវ​រាល់​ការ​រំលោភ​សិទ្ធិមនុស្ស ពី​គ្រប់ភាគី​ទាំងអស់ នៅ​ស៊ីរី។

រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក​អាសាដ​ បាន​ពន្យល់ថា រុស្ស៊ី​សុខចិត្ត​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​នេះ ពីព្រោះ​​​ថា ការ​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​ត្រួតពិនិត្យ​បទឈប់បាញ់ នៅ​ស៊ីរី គឺ​ជា​រឿង​ចាំបាច់។ ម្យ៉ាងទៀត គេ​សង្កេតឃើញ​ថា លោក​ខាងលិច​បាន​សុខចិត្ត​កែប្រែ​សេចក្តី​ព្រាង​ដើម ដោយ​លុប​ការ​ទាមទារ​ឲ្យ​លោក​អាសាដ​ដកទ័ព និង​អាវុធ​ធុនធ្ងន់​ចេញ​ពី​ទីក្រុង និង​ទីប្រជុំជន ដើម្បី​តម្រូវ​ទៅតាមការ​ទាមទារ​របស់​រុស្ស៊ី។

អ្នកសង្កេតការណ៍​មួយក្រុម​ដំបូង មាន​គ្នា ៦នាក់ នឹង​ត្រូវ​ទៅដល់​ប្រទេស​ស៊ីរី នៅថ្ងៃ​អាទិត្យ​នេះ ហើយ​ជាង ២០នាក់​ផ្សេងទៀត​នឹង​ទៅដល់​នៅថ្ងៃ​បន្តបន្ទាប់។ លោក​បាន គីមូន អគ្គលេខា​ធិការ​អ.ស.ប.​បាន​ប្រកាស​ថា លោក​នឹង​រៀបចំ​សំណើ​លម្អិត​មួយ នៅ​ថ្ងៃ​ទី១៨ មេសា​ខាងមុខ ដើម្បី​បង្កើន​ចំនួន​អ្នកសង្កេតការណ៍​ដល់ ២៥០​នាក់ ស្រប​ទៅ​តាមគម្រោង​របស់​លោក​កូហ្វ៊ី អាណាន់។ ក៏ប៉ុន្តែ ការ​បង្កើន​ចំនួន​អ្នកសង្កេតការណ៍​នេះ​អាច​ធ្វើ​ទៅបាន លុះត្រា​តែ​បទឈប់បាញ់​​​នៅ​ស៊ីរី​ត្រូវ​បាន​អនុវត្ត​ពី​គ្រប់ភាគី ហើយ​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​មួយ​ថ្មី​ទៀត នៅ​ក្រុមប្រឹក្សា​សន្តិសុខ។

គួររម្លឹកឡើងវិញ​ថា កន្លងមក សម្ព័ន្ធ​អារ៉ាប់​ក៏​​ធ្លាប់​បាន​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​ស៊ីរី​ដែរ ប៉ុន្តែ បេសកកម្ម​នោះ​ត្រូវ​ទទួល​បរាជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ