អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី​ជា​មហា​អំណាច​ពិភពលោក​ដែល​កំពុង​រលុប​ទៅ

នេះជា​ចំណងជើង​នៃ​របាយការណ៍ ចេញផ្សាយ​នៅ​ថ្ងៃ​ម្សិលមិញ ដោយ​ពួកអ្នកប្រាជ្ញ “វិជ្ជាស្ថាន​ក្រុង​ប៊ែរឡាំង​ខាង​បញ្ហា​បណ្តាជន និង​អភិវឌ្ឍន៍”។ ស្របនឹង​របាយការណ៍​នេះ ចំនួន អ្នកស្រុក​ក្នុង​ប្រទេស​រុស្ស៊ី នឹង​រួញខើច​ទៅ ដោយ​ចង្វាក់​លឿន​ជាង ការប៉ាន់ស្មាន​នៃ ព្យាករណ៍ ដ៏​សែន​ទុទិ្ទដ្ឋនិយម​ទៅផង។

ស្រ្តី​រុស្ស៊ី​កើត​កូន​ដែល​គេ​នាំ​គ្នា​ចាត់ទុក​ជា​កូនង៉ែត​ទី ៧ពាន់​លាន​ រស់នៅ​លើ​ផែនដី
ស្រ្តី​រុស្ស៊ី​កើត​កូន​ដែល​គេ​នាំ​គ្នា​ចាត់ទុក​ជា​កូនង៉ែត​ទី ៧ពាន់​លាន​ រស់នៅ​លើ​ផែនដី ©Reuters
ផ្សាយពាណិជ្ជកម្ម

 

តាម​ទិន្នន័យ​ពួកអ្នកប្រាជ្ញ​ទាំង​នោះ ទៅទល់​ឆ្នាំ២០៣០ បណ្តាជន​រុស្ស៊ី នឹង​ថយ​ចំនួន​អស់ ១៥​លាន​នាក់។ ទៅទល់​ឆ្នាំ២០៥០ សូម្បី​បើ​មាន​ចរន្ត​ជនអន្តោប្រវេសន៍​ក្តី ក៏​ប្រទេស​រុស្ស៊ី នឹង​មាន​បណ្តាជន​ធ្លាក់ចុះ​ចំនួន​អស់ ២០%​ទៀត លុះ​នៅសល់​តែ ១១៦​លាននាក់ រួច​ជាប់ត្រឹម​តែ លេខ ១៤​ប៉ុណ្ណោះ ខាង​ចំនួន​បណ្តាជន នៅក្នុង​លោក។

ព្រម​ជាមួយនេះ ចុះថយ​ច្រើន​មែនទែន គឺ​ចំនួន​អ្នក​ដែលមាន​សមត្ថភាព​ធ្វើការ ដែលជា​បង្អែក​នៃ​សេដ្ឋកិច្ច​តែម្តង។ ទៅទល់ ឆ្នាំ​២០៣០ នៅ​រុស្ស៊ី នឹង​មាន​ចំនួន​ចុះទាប គឺ​មនុស្ស​វ័យក្មេង ការី ការិនី​ប្រកប​ដោយ​សុខភាព​ល្អ។ ប៉ុន្តែ បែរ​ទៅ​ជា​មាន​ចំនួន​កើនឡើង គឺ​មនុស្ស​ចាស់​ជរា។

របាយការណ៍​វិជ្ជាស្ថាន​ក្រុងប៊ែរឡាំង បំភ្លឺ​អំពី​មូលហេតុ​ចម្បង នៃ​ការបាត់បង់​បណ្តាជន​នៅរុស្ស៊ី គឺ​មក​ពី​អត្រាមរណៈ​ដ៏​ខ្ពស់ ក្នុង​ចំណោម​បុរស​ដែល​សកម្ម ក្នុង​សេដ្ឋកិច្ច ប៉ុន្តែ ដែល​យីយា ដោយ​រោគបេះដូង ព្រម​ទាំង​ជម្ងឺ​ថ្លើម បែបយ៉ាង​មក​ពី​ការនិយម​ហូបសុរា​ច្រើនជ្រុល។

ចំណែក​លោកស្រី រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​រុស្ស៊ី Tatiana Golikova ថ្លែង​ថ្ងៃនេះ ក្នុងសភា​ឌូម៉ា បាន​លើក​ឡើង​ថា បណ្តាជន​រុស្ស៊ី​កំពុង​មាន​កំណើន កើន​ឡើង​ទេតើ រួចគិត​ពី​ដើមឆ្នាំ​នេះមក កំណើន​ធម្មជាតិ​នេះ គឺ​ក្នុង​ចំនួន ១ម៉ឺន ៥ពាន់នាក់។

ដោយឡែក ពួកអ្នកប្រាជ្ញ​របស់​អង្គការ​សហប្រជាជាតិ បាន​តាក់តែង​ឡើង ”ផែនទី​នៃ​ការស្លាប់ ផុតពូជ​ទៅ​របស់​មនុស្សជាតិ”។ ស្រប​នឹង​ផែនទី​នេះ រុស្ស៊ី​ស្ថិត​ក្នុង​ចំណោម ១០​ប្រទេស​ដែល​រលុប​បាត់ទៅ​មុនគេ។ និយាយឲ្យចំ បណ្តាជន​រុស្ស៊ី​នឹង​ផុតពូជ​ទៅ គឺ​ក្នុង​ឆ្នាំ២៨៨៨ បាន​ន័យ​ថា ក្នុង​៨០០ឆ្នាំ​ទៀត។

បច្ចុប្បន្ន ប្រទេសរុស្ស៊ី​ដែលមាន​ដែនដី​ធំ​ជាងគេ ប៉ុន្តែ​ខាងចំនួន​បណ្តាជន​វិញ ដែល​មាន​តែ ១៤២ លាននាក់ គឺជាប់ត្រឹម​លេខ ៩​ប៉ុណ្ណោះ ដោយ​ស្ថិតនៅ​ឆ្ងាយ​ពី​ក្រោយ ៣​ប្រទេស​នាំមុខ​គេ ពោល គឺ​ ចិន​ដែល​មាន ១.៣០០លាននាក់ ឥណ្ឌា ១.២០០លាននាក់ និង ស.រ.អា.ដែល​មាន ៣១០លាននាក់។

“នយោបាយ​ប្រជាសាស្ត្រ” ដែល​រដ្ឋាភិបាល​រុស្ស៊ី បាន​តាក់តែង​ឡើង សម្រាប់​ឆ្នាំ ២០១១-២០១៥ គឺ សំដៅ​ទ្រទ្រង់​ចំនួន​បណ្តាជន​ប្រទេស ឲ្យ​នៅក្នុង​ចំនួន ១៤២​លាននាក់​ដដែល ដោយ​ក្នុងពេល ជាមួយគ្នា បង្កើន​ឲ្យ​បាន​១ឆ្នាំ អាយុ​មធ្យម​របស់​ពលរដ្ឋ​ប្រទេស ពី ៦៩ ដល់ ៧០ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ