អានតួអត្ថបទ
រុស្ស៊ី

ធាតុអាកាស​ក្តៅហួតហែង​យ៉ាងយូរ​បានញ៉ាំង​ឲ្យ អត្រា​មរណៈកើនឡើង​

ជា​លើក​ទី​១​ដែល​រដ្ឋាភិបាល​រុស្ស៊ី​ទទួល​ស្គាល់​តួលេខ​ទើប​ចេញ​ផ្សាយ​ ដោយ​”ទីភ្នាក់ងារ​ខាងស្ថិតិ​សហព័ន្ធ​រុស្ស៊ី”​ ហៅ​កាត់ថា​ RosStat ស្តី​អំពី​អត្រា​មរណៈ​ក្នុង​មួយ​ខែកក្កដា​កន្លងទៅ​ ដែល​បាន​ស្ទុះឡើង​ដល់​ទៅ​ជាង​ពាក់​កណ្តាល​នៅ​រដ្ឋធានី​ម៉ូស្គូ ​និង​បាន​កើនឡើង​៨,៦% នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​បើ​ប្រៀប​ទៅនឹង​ខែកក្កដា​ឆ្នាំ​ទៅមិញ​ គឺដោយ​មកពី​ធាតុអាកាស​ក្តៅ​ហួតហែង​យ៉ាងយូរ​មិន​ធ្លាប់មាន​ដូច។ 

​រដ្ឋធានី​ម៉ូស្គូនៅខែកក្កដា​​មាន​ធាតុអាកាស​ក្តៅ​ហួតហែង​ខ្លាំង​ដែលបង្ក​ឲ្យ​មាន​អគ្គីភ័យ​ជិតទីក្រុងនិង​អ្នកស្លាប់​កើន​ឡើង ៤.៨២៤នាក់​
​រដ្ឋធានី​ម៉ូស្គូនៅខែកក្កដា​​មាន​ធាតុអាកាស​ក្តៅ​ហួតហែង​ខ្លាំង​ដែលបង្ក​ឲ្យ​មាន​អគ្គីភ័យ​ជិតទីក្រុងនិង​អ្នកស្លាប់​កើន​ឡើង ៤.៨២៤នាក់​ © Alexandre Billette/RFI
ផ្សាយពាណិជ្ជកម្ម

02:26

សេចក្តីរាយការណ៍របស់​ កែវ ឆាយា

កែវ ឆាយា

ស្រប​នឹង​ស្ថិតិ​នេះ​កំណើន​មរណៈ​ខ្ពស់​មែនទែន​ ដល់​ទៅ​ ៥០,៧% ត្រូវ​បាន​កត់ត្រា​ឃើញ​នៅ​រដ្ឋធានី​ម៉ូស្គូ គឺ​ថា បើ​ក្នុង​ខែកក្កដា​ឆ្នាំមុន មាន​បណ្តាជន​ក្រុង​បាន​ទទួល​អនិច្ចកម្ម ​៩.៥១៤នាក់​ នោះ​ក្នុង​ខែ​កក្កដា​ឆ្នាំនេះ ​គឺវាត់​ដល់​១៤.៣៤០នាក់​ បាន​ន័យថា​ចំនួន​ អ្នកស្លាប់​កើន​ឡើង ​៤.៨២៤នាក់​ឯណោះ។

 
អំពី​តួលេខ​សំរាប់​សំគាល់​អត្រា​មរណៈ​ទូទាំង​ប្រទេស​រុស្ស៊ី​វិញ ទីភ្នាក់ងារ​ស្ថិតិ​រុស្ស៊ី RosStat ​ចង្អុល​ឲ្យ​ឃើញថា​ វា​មាន​កំរិត​កើន​ឡើង​៨,៦% គិត​ជា​ចំនួន​មនុស្ស​ស្លាប់​ដែល​កើន​ឡើងនោះ​ គឺ ១៤.៤៧៤​នាក់​ ពោលគឺថា បើ​ក្នុង​ខែកក្កដា​ឆ្នាំមុន​ មាន​ស្លាប់ ​១៥៣.៨២៨នាក់ នោះ​ក្នុង​ខែ​កក្កដា​ឆ្នាំនេះ​ ចំនួន​អ្នកស្លាប់​ឡើងដល់ ​១៦៨.៣០២ នាក់។ ​ការ​ដែល​ស្ថិតិ​រុស្ស៊ី​លើក​យក​មក​និយាយ ​គឺ​តួលេខ​នៃប្រជាពលរដ្ឋ​ដែល​អភ័ព្វស្លាប់​ទៅ​ក្នុង​ខែកក្កដា​នោះ​ ព្រោះ​ខែ​នោះឯង​បាន​ទៅ​ជា​ខែ​មហាក្តៅ​នៅរុស្ស៊ី ​ដែល​តាម​សេចក្តី​សន្និដ្ឋាន​នៃ​ក្រសួង​សុខាភិបាល​ពិតជា​បានជះ​ផល​ប៉ះពាល់​យ៉ាង​អាក្រក់​ជាពិសេស​ទៅលើ​អាការៈ​សុខភាព​មនុស្ស​វ័យចាស់​ជរា​និង​អ្នក​ដែល​ទន់ខ្សោយ​ស្រាប់​មក​ពីជម្ងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ។​ ទន្ទឹម​នេះ​ កំណើន​ម្លឹងៗ​នៃ​អត្រា​មរណៈ​ក៏ស​ឲ្យ​ឃើញ​ពី​អវត្តមាន​នៃ​វិធានការ​ការពារ​សុខភាព​ពលរដ្ឋ​ដែល​គប្បី​ចាត់​ឲ្យ​បាន​សម​ស្រប​នឹង​ស្ថានការណ៍​អាសន្ននោះ។

ប៉ុន្តែ​ស្ថិតិ​រុស្ស៊ី​ឥត​លាត​ត្រដាង​ឲ្យ​ឃើញ​ទេ​ចំនួន​អ្នក​ស្លាប់​ត្រង់ៗ​ដោយ​មក​ពី​ធាតុ​អាកាស​ក្តៅ​ខ្លាំង​យ៉ាង​យូរ​អស់​ពីរ​ខែ​ជាប់​ ដែល​បាន​គ្រប​ដណ្តប់​លើ​ភូម៌ភាគ​ខាង​លិច​នៃ​ប្រទេស​រុស្ស៊ី​អស់​២ខែ​ជាប់​ពី​កណ្តាល​ខែ​មិថុនា​ដល់​កណ្តាល​ខែសីហា។

ទិន្នន័យ​ដែល​មាន​ឥត​គន់​គិត​អំពី​ខែសីហា​ឯណា​ខែកាល​ដែល​ធាតុ​អាកាស​ក្តៅ​ហួត​ហែង​បាន​បង្ក​ជា​អគ្គិភ័យ​ឆេះ​ព្រៃ​និង​ចំការ​ធ្យូង​ថ្មឆៅ ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ទាល់តែ​ផ្សែង​ពុល​របស់វា​ ហុយ​​មក​គ្រប​ដណ្តប់​ពេញ​លើ​រដ្ឋធានី​ម៉ូស្គូ ​លុះ​ញ៉ាំងឲ្យ​អត្រា​មរណៈ​ក្នុង​ក្រុង​នេះ កើន​ឡើង​ជា​២ ជា​៣ដង​ នេះបើ​តាម​ពត៌មាន​ចេញ​ដោយ​Departement​ សុខាភិបាល​ក្រុងម៉ូស្គូ ​ប៉ុន្តែ​ដូច​ជា​សព្វ​មួយដង​អ៊ីចឹង ​គឺមិន​លំអិត​ឲ្យ​ឃើញ​តួលេខ​ជាក់ស្តែង​ឡើយ។

ក្រៅពី​រដ្ឋធានី​ម៉ូស្គូ​ក្នុង​ខេត្ត​ចំនួន​១៤​នៅប៉ែក​ខាងលិច​និង​ភូម៌ភាគ​កណ្តាល​នៃ​ប្រទេស​រុស្ស៊ី​ដែល​ឆាប​ឆេះ​ដោយ​អគ្គិភ័យ​អត្រា​មរណៈ​នា​ខែ​កក្កដា​កន្លង​ទៅ​បាន​កើន​ឡើង​ក្នុង​រង្វង់​ពី​
១៧​​ទៅ​២០%៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ