អានតួអត្ថបទ
កូរ៉េខាងជើង-ស.រ.អា.

អាមេរិក​​ផ្អាក​ជំនួយ​ដោយ​​ព្យុងយ៉ាង​ប្រុងប្រៀប​បង្ហោះ​កាំជ្រួច​មីស៊ីល​​

កូរ៉េ​​ខាង​​ជើង​ បាន​​ចាប់​​ផ្តើម​​ចាក់​​បំពេញ​​ធុង​​ប្រេង​ឥន្ធនៈ​​សម្រាប់​​ការ​​បាញ់​​បង្ហោះ​​កាំជ្រួច​​របស់​ខ្លួន​​ដែល​​ប្រហែលជា​នឹង​​​ប្រព្រឹត្តិ​​ទៅ​​​នៅ​​ពាក់​កណ្តាល​​ខែ​​មេសា​​ខាង​​មុខ​ បើ​​ទោះបី​​ជា​មាន​​ការ​​អំពាវនាវ​ ពី​​សហគមន៍​​អន្តរជាតិ​​ឲ្យ​​​បោះបង់​​ចោល​នូវ​​គម្រោង​​នេះ​ក្តី។​ ទង្វើ​នេះ ​ជំរុញ​ឲ្យ​ស.រ.អា.​លើក​​ផ្អាក​​​ជំនួយ​​ស្បៀង​​អាហារ​​របស់​ខ្លួន​​ដល់​​កូរ៉េ​​ខាង​​ជើង​​ដែរ។​

លោកប្រមុខដឹក​នាំកូរ៉េ​ខាងជើងនៅព្យុងយ៉ាងគីម យុងអ៊ុន​​
លោកប្រមុខដឹក​នាំកូរ៉េ​ខាងជើងនៅព្យុងយ៉ាងគីម យុងអ៊ុន​​ REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

កូរ៉េ​ខាង​ជើង​នឹង​ធ្វើការ​បង្ហោះ​កាំជ្រួច​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ គឺ​ប្រហែល​ជានៅ​ថ្ងៃ​១២​ឬ​១៣​មេសា​ខាង​មុខ-នេះ បើយោង​តាម​ប្រភព​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​​ផ្តល់​ឲ្យ​ដល់​សារព័ត៌មាន​ជប៉ុន ​Tokyo Shimbun ​ដែលចេញ​ផ្សាយ​នៅថ្ងៃ​ព្រហ្បតិ៍​២៩​មីនា​នេះ។ នៅ​ទីក្រុង​សេអ៊ូល​ ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង ពុំ​ចង់​​ធ្វើ​អត្ថាធិប្បាយ​អ្វី​ណាមួយឡើយ។

នៅសហរដ្ឋអាមេរិក វ៉ាស៊ីនតោន នៅយប់ថ្ងៃពុធម្សិលមិញ​​បាន​ប្រកាសប្រាប់ថា អាមេរិក ​​ផ្អាក​​ឈប់​ដឹក​ជំនួយ​ស្បៀង​អាហារ​ទៅ​ឲ្យ​កូរ៉េ​ខាង​ជើង​ទៀត​ហើយ ដោយហេតុ​តែ​កូរ៉េ​ខាង​ជើង​​​ប្រុង​ប្រៀប​​បាញ់បង្ហោះកាំជ្រួចរបស់ខ្លួន-នេះ​ជា​ការ​ថ្លែង​បញ្ចាក់​របស់​លោកPeter Lavoy លេខា​ធិការ​​​​រង​នៃ​ក្រសួង​ការពារជាតិ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ នៅ​ចំពោះ​មុខ​បណ្តា​​ អ្នក​តំណាង​​​រាស្ត្រអាមេរិកាំង។

លោក Peter Lavoy ​បានលើកឡើងទៀតថា កិច្ចព្រមព្រៀង​រវាងព្យុងយ៉ាងនិងអាមេរិក គឺ​បាន​ហាមយ៉ាងច្បាស់ មិនឲ្យ​កូរ៉េខាងជើង ធ្វើការបាញ់បង្ហោះ​កាំជ្រួច​មីស៊ីលឡើយ​ហើយ​​​​បាន​គូស​បញ្ចាក់​ប្រាប់ដែរថា បើ​កូរ៉េ​ខាងជើង ធ្វើ​ការ​បាញ់បង្ហោះ​នូវផ្កាយ​រណប​ណា​មួយ​នោះ ក៏​អាមេរិក​​ចាត់ទុក​ដូចជាការបាញ់បង្ហោះ​កាំជ្រួចមីស៊ីលដែរ​​ ពីព្រោះ​គេប្រើ​បច្ចេក​វិទ្យា​ដូច​តែគ្នា។

នៅព្យុងយ៉ាង ទីភ្នាក់ងារផ្លូវការកូរ៉េខាងជើង KCNA​ បានអះអាងប្រាប់ថា ផ្កាយ​រណប​ដែល​កូរ៉េ​នឹង​បាញ់បង្ហោះនោះ អនុញ្ញាត​ឲ្យកូរ៉េខាងជើង អាច វាយតម្លៃបានល្អប្រសើរជាងមុន ​នូវ​ការ​ដាំ​ដុះ​​និង​ការព្យាករបានល្អប្រសើរខាង​ផ្នែក​ឧត្តុនិយម។

គួររំលឹកថា ស.រ.អា.បានសន្យាជួយ​ជា​ស្បៀង​អាហារ​ដល់​កូរ៉េ​ខាងជើងចំនួន២៤​ម៉ឺន​តោន​ បន្ទាប់​​​​ពី​ព្យុងយ៉ាង​ បា​នសន្យាជាមួយវ៉ាស៊ីនតោនថាខ្លួន​លើកផ្អាក​ការបាញ់​សាក​ល្បង​កាំជ្រួច​​នុយក្លេអ៊ែរ​បស់​ខ្លួន​មួយរយៈ និង​​សកម្មភាពចំរើនធាតុ​អ៊ុយរ៉ានីញូម​ដើម្បី​ប្តូរ​ជាមួយ​​ស្បៀង​អាហារ​​​អាមេរិក។ ប៉ុន្តែ អាមេរិក បាន​ដាក់លក្ខខណ្ខត្រួតពិនិត្យយ៉ាងម័ទធ្យ័ត​បំផុតដើម្បី​ចៀស​វាងកុំ​ឲ្យជំនួយរបស់ខ្លួន ធ្លាក់​ទៅ​លើ​ដៃ​កងទ័ព​កូរ៉េ​ខាងជើង។

កូរ៉េ​ខាង​ជើងដែល ត្រូវរង​គ្រោះ​អត់ឃ្លាន​​ជា​យូរ​ឆ្នាំមក​​ហើយ​ជាពិសេសនៅ​ជំនាន់ពាក់​កណ្តាល​ទស្សវត្សរ៍​ឆ្នាំ​៩០ បាន​បណ្តាល​ឲ្យស្លាប់​ប្រជាជនកូរ៉េខាងជើង​រាប់រយ​ពាន់នាក់-នេះបើយោង​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ