អានតួអត្ថបទ
កម្ពុជា​

សំណុំ​រឿង​ពុករលួយ ក្នុង​ជួរ​ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន ត្រូវ​បាន​បើក​កកាយ

នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ប្រកាស​នូវ​លទ្ធផល​នៃ​ការស៊ើប​អង្កេត និង​ការ​ចាប់​ខ្លួន​មេប៉ូលិស ក្នុង​សំណុំ​រឿង​ពុក​រលួយ និង​ការ​ជួញ​ដូរ​ថ្នាំ​ញៀន នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន របស់​ក្រសួង​មហាផ្ទៃ។ តាម​លទ្ធផល​ស៊ើប​អង្កេត ក្រុម​ប៉ូលិស​របស់​ឧត្តមសេនីយ៍​ផ្កាយ​បី មឹក ដារ៉ា បាន​កែប្រែ​កំណត់​ហេតុ​ចម្លើយ​ជន​ល្មើស នៅ​ពេល​ចុះ​បង្ក្រាប​សំណុំ​រឿង​គ្រឿង​ញៀន ដើម្បី​ដោះ​លែង​ឈ្មួញ​គ្រឿងញៀន ជា​ថ្នូរ​នឹង​លុយ​រាប់​ម៉ឺន​ដុល្លារ។ រី​ឯ​ករណី​ខ្លះ​ទៀត ជន​ជាប់ចោទ​ជា​មេប៉ូលិស​ទាំង​នោះ បាន​រឹបអូស​យក​គ្រឿងញៀន ដើម្បី​លក់ដូរ ក្រោម​ស្លាក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន របស់​ប៉ូលិស​ក្រសួង​មហាផ្ទៃ។

លោក​ ឱម យ៉ិនទៀង បង្ហាញ​របាយការណ៍​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​ ជួញ​គ្រឿង​ញៀន​។ រូបថត​ថ្ងៃ​ទី ២១​ មករា ២០១០
លោក​ ឱម យ៉ិនទៀង បង្ហាញ​របាយការណ៍​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​ ជួញ​គ្រឿង​ញៀន​។ រូបថត​ថ្ងៃ​ទី ២១​ មករា ២០១០ © ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម
02:25

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

ក្នុង​សន្និសីទ​កាសែត នៅ​មុន​នេះ​បន្តិច លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​កាន់​សំណុំ​រឿងប៉ូលិស​ស៊ី​សំណូក តាម​រយៈ​ការបង្ក្រាប​គ្រឿងញៀន បាន​ប្រកាស​នូវ​លទ្ធផល​នៃ​ការស៊ើប​អង្កេត ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​នាយប៉ូលិស ៤ រូប បញ្ជូន​ទៅ​តុលាការ ដើម្បី​កាត់ទោស។

ជា​លទ្ធផល ដែល​លោក ឱម យ៉ិនទៀង លើក​ឡើង​ថា សំណុំ​រឿង​ដ៏​ធំ​មួយ​នេះ បាន​កើត​ឡើង​តាំងពី​ឆ្នាំ​២០០៧ ហើយ​ទើប​តែ​បំបែក​កាល​សប្តាហ៍​មុន។​
​លោក​ឧត្តមសេនីយ៍​ផ្កាយ​បី មឹក ដា​រ៉ា អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន របស់​ក្រសួង​មហាផ្ទៃ គឺជា​មេខ្លោង ដែល​បាន​បង្កើត​បណ្តាញ​ជួញដូរ​គ្រឿងញៀន​យ៉ាង​ធំ ដោយ​ប្រើប្រាស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​របស់​ក្រសួង​មហាផ្ទៃ ជា​ទីកន្លែង​ចាត់​តាំង។

នាយប៉ូលិស​ទាំង​៤​រូប ត្រូវ​ដក​ហូត​តំណែង និង​ចាប់​ខ្លួន ជា​បន្តបន្ទាប់ ចាប់​តាំងពី​ថ្ងៃ​ទី​៧​មករា។ លោក​ឧត្តមសេនីយ៍​ផ្កាយ​បី មឹក ដា​រ៉ា លោក ជា ឡេង និង​លោក ឈៀង សុន អតីត​ស្នង​ការ​រងប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ និង​ជួញដូរ​គ្រឿងញៀន ដោយ​មាន​អង្គការ​ចាត់តាំង។ អ្នក​ទាំង​បី ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​មួយ​ជីវិត។ រីឯ​លោក​ឧត្តមសេនីយ៍​ផ្កាយ​មួយ ហ៊ុន ហ៊ាន អតីត​ស្នងការប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ ដែល​អាច​ប្រឈម​នឹង​ការផ្តន្ទា​ទោស​ពី ៥ ទៅ ១០ ឆ្នាំ។ នាយប៉ូលិស​ទាំង ៤ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿងញៀន​ដ៏​ធំ​មួយ នៅ​ខេត្ត​បន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ។​

លោក ឱម យិន ទៀង បាន​គូស​បញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ មឹក ដារ៉ា និង​គូកន បាន​ប្រឌិត​ភស្តុតាង និង​បន្លំ​ឯកសារ​ជាច្រើន ដើម្បី​ដោះ​លែង​ជន​ល្មើស ទាក់ទង​នឹង​ការបង្ក្រាប​គ្រឿងញៀន ជា​ថ្នូរ​នឹង​ប្រាក់​សំណូក​រាប់​ម៉ឺន​ដុល្លារ។ ពេល​ខ្លះ ក្រុមប៉ូលិស​នេះ បាន​លាក់ទុក​គ្រឿងញៀន ដែល​ចាប់​បាន ដើម្បី​ឲ្យ​កូនចៅ​របស់​ខ្លួន​លក់​បន្ត។
 

ក្នុង​សំណុំ​រឿង​ដ៏​រសើប​នេះ លោក ឱម យ៉ិនទៀង បាន​បន្ថែម​ថា តុលាការ​បាន​អនុញ្ញាត​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​លោក បើក​ការស៊ើប​អង្កេត​បន្ត ប៉ុន្តែ​លោក​អះអាង​ថា គ្មាន​អ្នក​ធំ​ជាង​លោក មឹក ដារ៉ា ជាប់​ពាក់​ពន្ធ័​ក្នុង​សំណុំ​រឿង​នេះ​ទេ។ រីឯ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​មិញ ក៏​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ដក​ខ្លួន​ចេញ​ជា​បន្ទាន់​ពី​អំពើ​ពុករលួយ ការជួញដូរ​គ្រឿងញៀន ការ​រំលោភ​ដីធ្លី និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ