អានតួអត្ថបទ
កម្ពុជា

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បង្កើន​ការផ្សព្វផ្សាយ​​ទម្រង់​ប្រកាស​ទ្រព្យសម្បត្តិ

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់ និង​ទម្រង់​ប្រកាស​ទ្រព្យសម្បត្តិ។ ការប្រកាស​ទ្រព្យសម្បត្តិ​នឹង​ត្រូវ​គេ​គ្រោង​ធ្វើ​ឡើង នៅ​ដើម​ឆ្នាំ​២០១១​ខាងមុខ​នេះ។ មន្ត្រី​រាជការ​មាន​ថានៈ​ជាង​១០​ម៉ឺន​នាក់​នឹង​ជាប់​ពាក់ព័ន្ធ ក្នុង​ការ​ប្រកាស​ទ្រព្យសម្បត្តិ។

ទីស្នាក់ការ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ
ទីស្នាក់ការ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

02:19

សេចក្តី​រាយការណ៍​របស់​គី សុខលីម​ពី​ទីក្រុង​ភ្នំពេញ

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​បង្កើន​ល្បឿន​ផ្សព្វផ្សាយ​ទម្រង់​ប្រកាស​ទ្រព្យសម្បត្តិ និង​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ទៅដល់​មន្ត្រី​ពាក់ព័ន្ធ និង​សាធារណជន។

 
បើ​ផ្អែក​លើ​គម្រោង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មន្ត្រី​រាជការ ដែល​មាន​ថានៈ​ចាប់​ពី​ប្រធាន​នាយកដ្ឋាន​ឡើង​ទៅ ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ២០១១​ខាង​មុខ​នេះ។ មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ទ្រព្យសម្បត្តិ​អាច​មាន​ចំនួន​ជាង​១០​ម៉ឺន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា។

លោក កែវ រ៉េមី អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បញ្ជាក់​ប្រាប់ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា បច្ចុប្បន្ន​នេះ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​ធ្វើការ​លើ​បួន​ចំនុច ដើម្បី​ឈាន​ទៅដល់​ការ​ប្រកាស​ទ្រព្យសម្បត្តិ នៅ​ថ្ងៃ​ទី​១​ខែ​១​ឆ្នាំ​២០១១​ខាង​មុខ​នេះ។

កិច្ចការ​ទី​មួយ៖​គឺ​ការ​ប្រកាស​អោយ​យល់ដឹង​ពី​ទម្រង់​នៃ​ការ​ប្រកាស​ទ្រព្យសម្បត្តិ។ ទីពីរ៖ការជ្រើសរើស​ជនបង្គោល​នៅ​តាម​ក្រសួង​នីមួយៗ ដើម្បី​ធ្វើការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ទីបី៖គឺ​ការកសាង​វិបសៃត៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ទី៤​ការ​បន្ត​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ។

រហូត​មក​ដល់​ពេលនេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​បាន​ពី​៥​ទៅ​៦​កន្លែង​ហើយ។ ហើយ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​នេះ​ទៅកាន់​មន្ត្រី​នៅក្នុង​ស្ថាប័ន​ព្រឹទ្ធសភា។

កិច្ចការ​ផ្សព្វផ្សាយ​អោយ​យល់ដឹង​ពី​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ត្រូវ​គេ​ធ្វើ​បន្ត​ទៀត​អោយ​គ្រប​ដណ្ដប់​​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​អនាគត។

លោក កែវ រ៉េមី អ្នក​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បញ្ជាក់​ថា ជំហាន​ដំបូង អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​ធ្វើការ​អប់រំ បង្ការ និង​ទប់ស្កាត់ ប៉ុន្តែ​ជំហាន​បន្ទាប់​យុទ្ធនាការ​បង្ក្រាប​នឹង​ធ្វើ​ឡើង​តែ​ម្តង។ លោក កែវ រ៉ែមី បាន​បន្ត​ទៀត​ថា ការយល់ដឹង​ពី​ច្បាប់​នឹង​ធ្វើ​អោយ​ជន​ដែល​ចង់​ប្រព្រឹត្ត​អំពើ​ពុករលួយ​មានការ​ភ័យខ្លាច។

សូម​បញ្ជាក់​ថា ចាប់តាំង​ពី​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ចូល​ជា​ធរមាន​មក មាន​មនុស្ស​មួយ​ចំនួន​តូច​ហើយ​ទទួល​បាន​ការ​ដាក់​ពិន័យ និង​ទទួល​ទណ្ឌកម្ម។ ជាក់ស្តែង ព្រះរាជអាជ្ញា​ខេត្ត​ពោធិ៍សាត់​កំពុង​រង់ចាំ​ការកាត់ទោស​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ និង​មន្ត្រី​ពន្ធដារ​មួយ​ចំនួន​ផ្សេងទៀត ត្រូវ​បាន​ទទួល​ទណ្ឌកម្ម​រដ្ឋបាល​ដោយសារ​ការ​ទទួល​សំណូក​ក្នុង​ការ​ប្រមូល​ពន្ធ​ផ្លូវ​ពី​ម្ចាស់​យានយន្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ