អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

លោក​អូបាម៉ា​និង​លោក​ពូទីន​ ក្នុង​ឆ្នាំ​នេះ​ គ្រោង​ជួបគ្នា​យ៉ាងហោចណាស់​ពីរ​លើក​

ដំណឹង​នេះ​ទើប​ប្រកាស​ដោយ​វិមាន​ក្រេមឡាំង បន្ទាប់​ពី​ប្រមុខរដ្ឋ​អាមេរិក​និង រុស្ស៊ី​បាន​សន្ទនា​គ្នា​តាម​ទូរសព្ទ​ ទាំង​លំអិត​ថា​គឺ​លោក​អូបាម៉ា ជា​អ្នក​បាន​ភ្ជាប់​ខ្សែ​ទូរសព្ទ​មក​មេដឹកនាំ​រុស្ស៊ី។ ជា​ការ​កត់សម្គាល់ ប្រធានាធិបតី​រុស្ស៊ី​និង​អាមេរិក បាន​ឯកភាព​គ្នា​ថា “ត្រូវតែ​ខិតខំ​ចៀសវាង កុំ​ឈាន​ជំហាន​ណា​ដែល​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន មកលើ​ទំនាក់ទំនង​ទ្វេភាគី។ ខាង​បញ្ហា​អន្តរជាតិ គូ​ភាគី​សម្រេច​ថា​បន្ត​សហការ​គ្នា ឆ្ពោះ​ទៅ​ដោះស្រាយ​វិបត្តិ​រ៉ាំរ៉ៃ​នៅ​ស៊ីរី។

ប្រធានាធិបតី​រុស្សី លោក​ Vladimir Poutine និង​ប្រធានាធិបតី​អាមេរិក លោក Barack Obama
ប្រធានាធិបតី​រុស្សី លោក​ Vladimir Poutine និង​ប្រធានាធិបតី​អាមេរិក លោក Barack Obama RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

តាម​វិមាន​ក្រេមឡាំង ពេល​សន្ទនាគ្នា​តាម​ទូរសព្ទ​នោះ លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​សមភាគី​រុស្ស៊ី លោក​ពូទីន បាន​សម្រប​យោបល់​គ្នា​ថា ក្នុង​ឆ្នាំ​នេះ រដ្ឋបុរស​ទាំងពីរ​នឹង​ធ្វើ​ជំនួប​នឹងគ្នា​ផ្ទាល់ មិន​តិច​ជាង​២​លើក​ឡើយ គឺថា ៖ លើក​ទី​១-ក្នុង​បរិវេណ​នៃ​ជំនួប​កំពូល​៨​ប្រទេស ដែល​មាន​ឧស្សាហកម្ម​លូត​លាស់​ជាង​គេ ហៅ​ថា G-8 នៅ​ប្រទេស Irlande ខាងជើង ក្នុង​ខែ​មិថុនា។ ហើយ​លើក​ទី​២ គឺក្នុង​ក្របខ័ណ្ឌ​នៃ​ជំនួប​កំពូល​២០​ប្រទេស ដែល​មាន​សេដ្ឋកិច្ច​ហំហួន​ជាង​គេ ហៅ​ថា G-20 ក្នុង​ខែ​កញ្ញា នៅ​ឯ​ក្រុង Saint-Petersbourg ដោយ​មាន​រុស្ស៊ី​ធ្វើជា​ម្ចាស់​ផ្ទះ​ទទួល។

លោក​អូបាម៉ា​និង​លោក​ពូទីន ក្នុង​កិច្ចសន្ទនា​នោះ បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​អន្តរជាតិ​ដែល​ប្រកប​ដោយ​បច្ចុប្បន្នភាព បែបយ៉ាង វិបត្តិ​នៅ​ស៊ីរី កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ និង​កូរ៉េ​ខាងជើង។ 

ស្តីពី​ទំនាក់ទំនង​ទ្វេភាគី រដ្ឋបុរស​រុស្ស៊ី និង​អាមេរិក បាន​ចុះសម្រុង​គ្នា​ថា “មិនត្រូវ​បណ្តោយ ឲ្យ​លេច​ចេញ​មកជា​កត្តា​អវិជ្ជមាន ដែល​ជះ​ចំហាយ​អាក្រក់​មកលើ​ទំនាក់ទំនង​នេះ​ឡើយ”។
ប្រមុខរដ្ឋ​ទាំងពីរ​ក៏​សំដែង​នូវ​ភាព​ត្រៀមខ្លួន ធ្វើការងារ​យ៉ាង​សកម្ម​ឆ្ពោះ​ទៅ​បំផុសបំផុល​សហ​ប្រតិបត្តិការ​ទ្វេភាគី ដែលនាំ​ជា​គុណប្រយោជន៍​ទៅវិញ​ទៅមក លើ​គ្រប់​វិស័យ។

លោក​អូបាម៉ា​និង​លោក​ពូទីន​ឯកភាព​នឹងគ្នា​ថា សហប្រតិបត្តិការ​រវាង​រុស្ស៊ី​និង​អាមេរិក មាន​ន័យ​សំខាន់​ជា​គោលការណ៍ សម្រាប់​ធានា​ឲ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​លោក។

ស្តីពី​ចំណុច​ក្តៅគគុក​នៅស៊ីរី ប្រមុខរដ្ឋ​រុស្ស៊ី​និង​អាមេរិក ព្រមព្រៀង​នឹងគ្នា​ថា​បន្ត​ការ​សហការ​​គ្នា​ឆ្ពោះទៅ​បុក​ទម្លាយ ឲ្យមាន​ច្រកចេញ​រួច​ពី​ស្ថានការណ៍​រ៉ាំរ៉ៃ​នេះ។ ក្នុង​បរិបទ​ដំណោះស្រាយ​នេះ ប្រធានាធិបតី​ទាំងពីរ​សំដែង​ក្តី​សោមនស្សន៍​ចំពោះ​កិច្ចពិគ្រោះ​ផ្លាស់ប្តូរ​យោបល់​ក្នុង​ស្មារតី​ស្ថាបនា​ដែលបាន​ប្រព្រឹត្តទៅ​ក្នុង​សប្តាហ៍​កន្លង​ទៅ នៅ​ក្រុង​ប៊ែរឡាំង រវាង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​និង​អាមេរិក លោក Serguei Lavrov និង​លោក John Kerry ជុំវិញ​បញ្ហា​បំពេញ​តាម​កិច្ចព្រមព្រៀង​ ចុះ​ថ្ងៃ​ទី​៣០ មិថុនា នៅ​ក្រុង​ហ្ស៊ឺណែវ ដែល​ត្រូវ​ធានា​ឲ្យ​មាន “ដំណាក់​អន្តរកាល​នយោបាយ”​ក្នុង​ប្រទេស​ស៊ីរី។

នៅតាម​មុខព្រួញ​នេះ ប្រធានាធិបតី​រុស្ស៊ី និង​អាមេរិក​ ផ្ទុកផ្តាក់​ប្រមុខ​ការទូត​ខ្លួន​ឲ្យ​បន្តតាំង​ទំនាក់ទំនង​នឹង​គ្នា​យ៉ាង​សកម្ម ដើម្បី​បំផុស​មក​ជា​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ តម្រង់​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរី​តាម​ផ្លូវ​នយោបាយ​ការទូត ឲ្យ​ទាល់​តែ​បាន៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ