អានតួអត្ថបទ
បារាំង-អាមេរិក

អូបាម៉ា-ហូឡង់៖ ​ខុសគ្នា​មែនពិត​ប៉ុន្តែ​អាចចុះ​សម្រុង​នឹងគ្នា​

លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់​អញ្ជើញ​ទៅ​សហរដ្ឋ​អាមេរិក​សម្រាប់​រយៈកាល​បីថ្ងៃ​ ចាប់ពី​ថ្ងៃសុក្រ​ទី១៨​ឧសភា​នេះទៅ​ ​ ដើម្បី​ចូល​រួម​ប្រជុំ​ជំនួប​​កំពូល​G8​និង​ជំនួប​កំពូល​អូតង់។​ នាឱកាសនោះ​ លោក​ប្រធានាធិបតី​បារាំង​នឹង​ត្រូវ​ទទួល​ដោយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ ​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​សេដ្ឋកិច្ច​និង​បញ្ហា​ការទូត​សំខាន់ៗ។

សំណុំរឿង​​សេដ្ឋកិច្ច​​និង​​អន្តរជាតិ​​ជាច្រើន​​នៅរង់ចាំ​​លោក​ប្រធានា​ធិបតី​​បារាំង​​ហ្វ្រង់ស័រ​​ហូឡង់​​
សំណុំរឿង​​សេដ្ឋកិច្ច​​និង​​អន្តរជាតិ​​ជាច្រើន​​នៅរង់ចាំ​​លោក​ប្រធានា​ធិបតី​​បារាំង​​ហ្វ្រង់ស័រ​​ហូឡង់​​ REUTERS/Bertrand Langlois
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ប្រជាជន​អាមេរិក​ លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់​ដែល​ទទួល​ដោយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​នៅ​ថ្ងៃសុក្រ​ទី១៨​ឧសភា​ឆ្នាំ២០១២​នេះ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​គេ​ពុំ​បាន​ស្គាល់​សោះឡើយ។​ គ្រាន់តែ​ លោក​ហ្វ្រង់ស័រ​ហូឡង់​មាន​ស្លាក​ជា​អ្នក​សង្គមនិយម​បាន​ធ្វើឲ្យ​សហរដ្ឋ​អាមេរិក​ដែលជា​ដែនដី​មូលធននិយម​ពិភពលោក​ចាប់​បារម្ភ​រួចទៅហើយ។​ ដោយហេតុថា​ ពាក្យ​ “សង្គមនិយម”​នៅ​អឺរ៉ុប​និង​នៅ​សហរដ្ឋ​អាមេរិក​ពុំមាន​ន័យ​ដូចគ្នា​ឡើយ។​ ពាក្យ​ “សង្គមនិយម”​នៅ​សហរដ្ឋ​អាមេរិក​ គេប្រើ​សម្រាប់តែ​ជេរប្រមាថ​គូប្រជែង​នយោបាយ​របស់​គេ​តែ​ប៉ុណ្ណោះ​ ​ ពុំមានន័យ​ទូលំ​ទូលាយ​និង​វិជ្ជមាន​ដូច​នៅ​អឺរ៉ុបទេ។

 
គួរកត់​សម្គាល់ថា​ ​ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពី​លោក​ហ្វ្រង់ស័រ​ហូឡង់​បាន​ទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​បារាំង​នៅ​ជុំទី២​ ​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​ទូរស័ព្ទ​ភ្លាម​មក​សរសើរ​លោក​ហ្វ្រង់ស័រ​ហូឡង់​ ហើយបាន​អញ្ជើញ​លោក​ហ្វ្រង់ស័រ​ហូឡង់​ឲ្យ​មក​សេតវិមាន​ដើម្បី​ជួប​ពិភាក្សា​និង​ដោះស្រាយ​ជាមួយគ្នា​នូវ​​បញ្ហា​សេដ្ឋកិច្ច​និង​បញ្ហា​អន្តរជាតិ​សំខាន់ៗ។

វិបត្តិ​សេដ្ឋកិច្ច
 
បើ​គេ​ក្រឡេក​មើលតែ​មួយភ្លែត​ គេក៏​យល់​ភ្លាមថា​ លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់​និង​​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​មាន​ការវិភាគ​និង​ទស្សនៈ​យល់ឃើញ​ដូចគ្នា​ ស្ដីពី​ការជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច។​ ចំណង់​ចរចា​ឡើងវិញ​របស់​លោក​ហូឡង់​ ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​អឺរ៉ុប​ស្តីពី​វិន័យ​ថវិកា​ បាន​ធ្វើឲ្យ​អ្នកជំនាញការ​សេដ្ឋកិច្ច​អាមេរិក​ដែលមាន​និន្នាការ​អភិរក្សនិយម​កើតមាន​ក្តីបារម្ភ​យ៉ាងខ្លាំង​ ​ ដោយ​ពួកគេ​ខ្លាច​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អឺរ៉ុប​ធ្លាក់​ចុះ​ដុនដាប​កាន់តែ​ខ្លាំង។

ផ្ទុយទៅវិញ​ ​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​មាន​ទស្សនៈ​យល់ឃើញ​ដូច​លោក​ហូឡង់​ថា​ ​ “ជាការ​ចាំបាច់​គេ​ត្រូវតែ​រិះរក​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ ​ ដែលជា​ប្រភព​នៃ​ការ​បង្កើត​ការងារ​ជូន​ប្រជា​ពលរដ្ឋ។​ ទាំងនេះ​ពិតជា​អាទិភាព​សម្រាប់​អឺរ៉ុប​ក្នុងការ​រិះរក​ដំណោះ​ស្រាយ​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច។

អាហ្វហ្កានីស្ថាន
 
សំណុំរឿង​ដែល​អាច​បង្ក​ឲ្យ​មាន​ភាពតានតឹង​រវាង​ទីក្រុង​ប៉ារីស​និង​ទីក្រុង​វ៉ាស៊ីនតោន​គឺ​បញ្ហា​វត្តមាន​ទាហាន​បារាំង​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន។​ លោក​ហ្វ្រង់ស័រ​ហូឡង់​ធ្លាប់បាន​សន្យា​ហើយ​ នាឱកាស​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​បារាំងថា​ ​ “លោកនឹង​ដកទ័ព​បារាំង​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​ចាប់ពី​ខែធ្នូ​ឆ្នាំ២០១២​ ​ ដែលខុសពី​លោក​អតីត​ប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី​ដែលចង់​ដក​ទ័ព​បារាំង​ចេញ​នៅ​ចុងឆ្នាំ​២០១៣​”។

រីឯ​សហរដ្ឋ​អាមេរិក​វិញ​ គេបារម្ភ​ខ្លាចក្រែង​ការ​ដកទ័ព​បារាំង​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​ អាចនាំ​ឲ្យ​ប្រទេស​ដទៃ​ទៀត​យក​តម្រាប់តាម។​ ក៏​ប៉ុន្តែ​ ប្រទេស​បារាំង​ពុំមែន​ជា​ប្រទេស​ទីមួយ​ដែលបាន​ដកទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​ឯណា។​ មុននេះ​មាន​ប្រទេស​ហូឡង់​ដែល​បាន​ដកទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​នៅ​ឆ្នាំ២០១០​ ​ ប្រទេស​កាណាដា​ក៏​បាន​ដកទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​នៅ​ឆ្នាំ២០១១​រួច​ទៅហើយ។

អូតង់
 
សហរដ្ឋ​អាមេរិក​ក៏​នៅ​រង់ចាំ​មើល​ដែរ​ពី​ជំហរ​របស់​រដ្ឋអំណាច​បារាំង​ថ្មី​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​បារាំង​នៅ​ក្នុង​អង្គការ​បក្ស​សម្ព័ន្ធ​អូតង់។​ លោក​ហ្វ្រង់ស័រ​ហូឡង់​ធ្លាប់បាន​ប្រឆាំង​ទល់នឹង​ការវិល​មក​ចូល​រួម​របស់​បារាំង​នៅក្នុង​ទីបញ្ជាការ​អូតង់។​ ប៉ុន្តែ​ នាឱកាស​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​បារាំង​នៅ​ពេល​ថ្មីៗ​កន្លង​ទៅនេះ​ ​ លោក​ហ្វ្រង់ស័រ​ហូឡង់​ពុំបាន​បញ្ជាក់​បង្ហាញ​ឲ្យ​បាន​ច្បាស់លាស់​ពី​ជំហរ​របស់​លោកឡើយ។​ ក៏​ប៉ុន្តែ​បុគ្គលិក​លក្ខណៈ​របស់​ប្រមុខ​ការទូត​បារាំង​ លោក​ឡូរ៉ង់​ហ្វាប៊ីយូស​ដែលមាន​ទំនោរ​ទៅរក​ដឺហ្គោល​និង​មីតែរ៉ង់​និយម​ក៏ជា​សញ្ញា​ខ្លះៗ​បង្ហាញ​ឲ្យ​ឃើញ​ពី​ជំហរ​របស់​បារាំង​ដែរហើយ។

អ៊ីរ៉ង់​និង​ស៊ីរី
 
សហការី​របស់​លោក​ប្រធានាធិបតី​បារាំង​ដែល​ទើបនឹង​ជាប់ឆ្នោត​នៅ​ពេល​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹង​រួចហើយថា​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ធំៗ​នៃ​ភូមិសាស្ត្រ​នយោបាយ​ ​ ជំហរ​របស់​ប្រទេស​បារាំង​នឹង​ពុំមាន​ការ​ប្តូរប្រែ​អ្វីឡើយ​ ​ ជាពិសេស​ពាក់ព័ន្ធនឹង​ប្រទេស​ស៊ីរី​និង​ប្រទេស​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ