អានតួអត្ថបទ
បារាំង

រដ្ឋាភិបាល​gender និង​ចម្រុះ​ជាតិ​សាសន៍​របស់​លោក​Ayrautl

រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​បារាំង​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ពុធ​ទី​១៦​ឧសភា​ម្សិលមិញ​នេះ។ រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​Ayrautl ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​គណរដ្ឋមន្ត្រី​ជា​លើក​ទី​មួយ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ឧសភា​នេះ ស្តែង​ឱ្យ​ឃើញ​នូវ​ឆន្ទៈ​នយោបាយ​របស់​លោក​ប្រធានាធិបតី​François Hollande។

រដ្ឋាភិបាល​បារំាង​ថ្មី​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​Jean-Marc Ayrault
រដ្ឋាភិបាល​បារំាង​ថ្មី​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​Jean-Marc Ayrault
ផ្សាយពាណិជ្ជកម្ម

 

សមាសភាព​នៃ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​Jean-Marc Ayrault ស្តែង​ឱ្យ​ឃើញ​នូវ​ឆន្ទៈ​នយោបាយ​របស់​លោក​ប្រធានាធិបតី​François Hollande។

ទី​មួយ គឺ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​គោរព​ល័ក្ខខ័ណ្ឌ​gender ៖ មាន​រដ្ឋមន្ត្រី​ប្រុស​១៧​នាក់​និង​រដ្ឋមន្ត្រី​ស្រី​១៧​នាក់។ ទី​ពីរ គឺ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ដាក់​បញ្ចូល​ទៅ​ក្នុង​រដ្ឋាភិបាល​សង្គម​និយម​នូវ​កម្លាំង​នៃ​ចលនា​ឆ្វេង​និយម​ដទៃ​ផ្សេង រួម​មាន​ជា​អាទិ៍​បក្ស​បរិស្ថាន តំណាង​ដោយ​លោកស្រី​Cécile Duflot ដែល​ទទួល​បាន​តំណែង​ជា​រដ្ឋមន្ត្រី​លំនៅឋាន និង​បក្ស​ដាច់ខាត​និយម តំណាង​ដោយ​លោក​ស្រី​Christiane Taubira ដែល​ទទួល​បាន​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌។ ទី​បី គឺ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​តែងតាំង​ជា​រដ្ឋមន្ត្រី​អ្នក​នយោបាយ​ស្រករ​ក្រោយ។ ជាក់​ស្តែង ក្នុង​ចំណោម​រដ្ឋមន្ត្រី​ទាំង​៣៤​នាក់ ៣០​នាក់​មិន​ដែល​មាន​បទ​ពិសោធន៍​ខាង​គ្រប់គ្រង​ក្រសួង​សោះ​ឡើយ។ ទី​បួន គឺ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាតិ​សាសន៍​មួយ។ ជាក់​ស្តែង នៅ​ក្នុង​ចំណោម​អ្នក​ដែល​មាន​តំណែង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​ឃើញ​មាន​ជា​អាទិ៍​លោកស្រី​Fleur Pellerin ដែល​ជា​ជនជាតិ​បារាំង​មាន​ដើម​កំណើត​កូរ៉េ ខាងត្បូង និង​ដែល​ទទួល​បាន​តំណែង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​ទទួល​បន្ទុក​ខាង​សហគ្រាស​ខ្នាត​មធ្យម​និង​ខ្នាត​តូច។

អវត្តមាន​ របស់​លោក​ស្រី​Martine Aubry​នៅ​ក្នុង​រដ្ឋាភិបាល​ លោកស្រី​Martine Aubry​ដែល​ជា​អគ្គលេខាធិការ​នៃ​បក្ស​សង្គម​និយម បាន​និង​កំពុង​បន្ត​បំផុស​ឱ្យ​មាន​សំណួរ​ជា​ច្រើន។ ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា លោក​ស្រីMartine Aubry​ដែល​ជា​អ្នក​នយោបាយ​គ្រាក់​ម្នាក់​ចង់​បាន​តំណែង​នាយករដ្ឋមន្ត្រី ហើយ​បាន​សម្រេច​ចិត្ត​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល ក្រោយ​ពី​លោក​ប្រមុខរដ្ឋ​Hollande បាន​តែង​តាំង​លោក​Jean-Marc Ayrault ជា​ប្រមុខ​រដ្ឋាភិបាល។
 

យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាល​នេះ​ជា​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ ដ្បិត​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ ប្រទេស​បារាំង​ត្រូវ​រៀប​ចំ​បោះ​ឆ្នោត​សភា។ សមាសភាព​រដ្ឋាភិបាល​នឹង​ត្រូវ​ផ្លាស់ប្តូរ អាស្រ័យ​ទៅ​តាម​លទ្ធផល​ឆ្នោត ពីព្រោះ​លោក​នាយក​រដ្ឋមន្ត្រី​Jean-Marc​Ayrault បាន​ព្រមាន​ប្រាប់​ជា​មុន​ថា រដ្ឋមន្ត្រី​ណា​ដែល​ចាញ់​ឆ្នោត​សភា នឹង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​រួម​ក្នុង​រដ្ឋាភិបាល​ទេ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ