អានតួអត្ថបទ
ស៊ីរី

អ្នកសង្កេតការណ៍​អង្គការ​សហប្រជាជាតិ​ចាក​ចេញ​ពី​ស៊ីរី​ដោយ​ជូរចត់

ក្រុម​អ្នក​សង្កេត​ការណ៍​​អង្គការ​សហប្រជាជាតិ​ បាន​ចាប់​ផ្តើម​ចាក​ចេញ​ពី​ប្រទេស​ស៊ីរី​បណ្តើរៗ​ហើយ។ អាណត្តិ​នៃ​ការ​បំពេញ​បេសកកម្ម​សង្កេត​ការណ៍​ ត្រូវ​ផុត​ឱសានវាទ​នៅ​ថ្ងៃ​អាទិត្យ​ទី ១៩​សីហា ឆ្នាំ​២០១២ វេលា​ម៉ោង​១២​អាធ្រាត្រ។ ប្រមុខ​ដឹកនាំ​ក្រុម​មួក​ខៀវ​ បាន​ចោទ​ប្រកាន់​ទាំង​សង​ខាង ទាំង​ខាងរដ្ឋាភិបាល​ក្រុង​ដាម៉ាស និង​ទាំង​ខាង​ពួក​បះបោរ​ថា សុទ្ធ​តែ​បាន​សម្លាប់​ជន​ស៊ីវិល។

លោក Babacar Gaye ប្រមុខ​ដឹកនាំ​ក្រុម​អ្នក​សង្កេតការណ៍​ អ.ស.ប. នៅ​ស៊ីរី
លោក Babacar Gaye ប្រមុខ​ដឹកនាំ​ក្រុម​អ្នក​សង្កេតការណ៍​ អ.ស.ប. នៅ​ស៊ីរី REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ជា​ការ​ចាក​ចេញ​ដ៏​ជូរ​ចត់​ណាស់ សម្រាប់​ក្រុម​អ្នក​សង្កេតការណ៍​អង្គការ​សហប្រជាជាតិ នៅស៊ីរី ! ក្នុង​រយៈ​ពេល​បួន​ខែ​ វត្តមាន​របស់​ក្រុម​មួក​ខៀវ​នេះ បាន​ត្រឹម​ឈរ​មើល​ឃើញ​ ប្រទេស​ជាតិមួយ​ទាំង​មូល​ធ្លាក់​ផ្លុង​​ចូល​ក្នុង​ជ្រោះ​នៃ​សង្គ្រាម​ស៊ីវិល ដោយ​មាន​ការ​ប្រយុទ្ធ​គ្នា​ កាន់​តែ​សាហាវឡើងៗ​ជា​រៀង​រាល់​ថ្ងៃ។

 
នៅ​ក្នុង​សន្និសីទ​កាសែត​ចុង​ក្រោយ​ ប្រមុខ​ដឹកនាំ​ក្រុម​អ្នក​សង្កេតការណ៍​ លោក​ឧត្តមសេនីយ៍ Babacar Gaye បានសម្គាល់​​ឱ្យ​ដឹង​ថា​ តាំង​ពី​ខែ​មិថុនា​មក​ គូ​​បដិបក្ខ​ទាំង​ពីរ សុទ្ធ​តែ​បាន​បង្កើន​ទង្វើ​ហិង្សា ហើយ​ទាំង​កង​កម្លាំង​រដ្ឋាភិបាលស៊ីរី និង​ទាំង​ក្រុម​ឧទ្ទាម​អ្នក​បះបោរ មិន​ដែល​គោរព​ឡើយ​ច្បាប់ ឬ​ស្គាល់​អ្វី​ជា​សិទ្ធិមនុស្សធម៌ ដែល​តម្រូវ​ឱ្យ​ការ​ពារ​ជីវិត​ជន​ស៊ីវិលនោះ​ទេ។

ក្នុង​ស្ថានការណ៍​បែបនេះ ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ យល់​ថា រក្សា​វត្តមាន​ក្រុម​អ្នក​សង្កេតការណ៍​គ្មាន​អាវុធ​នៅ​នឹង​ដៃ ពិត​ជា​​​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ ទើប​សម្រេច​ត្រូវ​តែ​បិទ​បញ្ចប់​ត្រឹម​ណេះ។ ម្យ៉ាង​ក្រុម​មួក​ខៀវ​ទាំងអស់​នេះ តាំង​ពី​ដើម​បេសកម្មមក ​​នៅ​តែ​ក្នុង​សណ្ឋាគារ។

អង្គការ​សហប្រជាជាតិ​រក្សា​ទុក​តំណាង​របស់​ខ្លួន​តែ​ប្រមាណ​ជាង​២០​នាក់ ឱ្យ​ប្រចាំ​ការ​នៅ​ក្នុង​ក្រុង​ដាម៉ាស។ អន្តរការី​ពិសេស​ថ្មី លោក Lakhdar Brahimi នឹង​ត្រូវ​អញ្ជើញ​ទៅ​កាន់​ទីក្រុង​ញូវយ៉ក​សប្តាហ៍​ក្រោយ​ ដើម្បី​ស្នើ​ដំណោះស្រាយ​ថ្មី​ ធ្វើ​យ៉ាងណា​នាំ​ភាគី​រដ្ឋាភិបាល និង​ក្រុម​អ្នក​បះបោរ​ឱ្យ​ចូល​តុ​ចរចា។ ការ​ចរចា​ដែល​ពួក​អ្នក​ប្រឆាំង​មិន​បាន​ត្រៀម​ទទួល​យក​សោះ។ ពួក​គេ​ត្រូវ​ការ​តែ​ម្យ៉ាង​ គឺ​ទម្លាក់​របប​ដឹកនាំ​លោក​ បាស្ហារ អាលអាសាទ ហើយ​ដើម្បី​សម្រេច​បំណង​នេះ​បាន ពួក​ឧទ្ទាម​បាន​ទាមទារ​ឱ្យ​បង្កើត​តំបន់​ហោះហើរ​ហាម​ឃាត់ ប៉ុន្តែ​រុស្ស៊ី​ប្រឆាំង​ដាច់​ខាតចំណុច​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ