អានតួអត្ថបទ
កម្ពុជា-នរោត្តម សីហនុ

សម្តេច​ឪ​នរោត្តម​ សីហនុ​ស្នើ​អោយ​រៀប​ចំ​ពិធី​បូជា​ព្រះសព​​ពេល​ព្រះ​អង្គ​សោយ​ទិវង្គត

សម្តេច​​ឪនរោត្តម​​ សីហនុ ​​​បាន​​សរសេរ​​នៅ​​ក្នុង​​ព្រះរាជសារ​​របស់​​​ព្រះអង្គ​​មួយ​​ដើម្បី​​ផ្តាំផ្ញើ​​​អោយ​​​គេ​​​រៀបចំ​​ព្រះរាជ​​ពិធី​​​បូជា​​​ព្រះសព​​​របស់​​​ព្រះអង្គ​​​ក្រោយ​ពេល​​ព្រះអង្គ​​សោយ​​ទិវង្គត។​​​ នេះ​ជា​​​ព្រះរាជសារ​​​​ដ៏​​កម្រ​​មួយ​​​ក្នុង​​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុ​ង​ក្រោយ​នេះ ​បន្ទាប់ពី​ព្រះអង្គ​បាន​ប្រកាស​ថា ព្រះអង្គ​មាន​វ័យជរា​​ហើយ​មិន​អាច​សរសេរ​​ព្រះរាជសារ​​ឆ្លងឆ្លើយ​​ជា​​​មួយ​​អ្នក​​ដែល​​សរសេរ​​ថ្វាយ​​ព្រះអង្គ​ឡើយ។​

សម្តេចឪ នរោត្តម សីហនុ និង​សម្តេច​ម៉ែ
សម្តេចឪ នរោត្តម សីហនុ និង​សម្តេច​ម៉ែ © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ព្រះមហាវីរក្សត្រ​សម្តេច​ឪ​នរោត្តម​ សីហនុ​បាន​ធ្វើ​ព្រះរាជសារ​មួយ​ផ្តាំ​ផ្ញើ​អោយ​មាន​ការ​រៀបចំ​ព្រះរាជពិធី​​បូជាព្រះសពរបស់ព្រះអង្គ ក្រោយពេលដែលព្រះអង្គសោយទិវង្គត។ ព្រះរាជ​បណ្តាំ​នេះត្រូវបានព្រះអង្គសរសេរជាភាសាបារាំង ហើយព្រះរាជខុទ្ទកាល័យ​របស់​ព្រះអង្គ​ផ្ញើ​មក​​អ្នកសារព័ត៌មាន។

ព្រះរាជសារមាន៣ចំណុចដែលព្រះអង្គមានព្រះរាជសំណេរខ្លីៗ។ ទីមួយគឺព្រះអង្គ​បញ្ជាក់​លុប​ចោល​​ព្រះរាជបណ្តាំមុនៗដែលព្រះអង្គធ្លាប់មានព្រះរាជបន្ទូលថា មិនអោយគេបូជា​ព្រះសព​របស់​ព្រះអង្គ។

ទី២ បើយោងតាមព្រះរាជសំណេររបស់ព្រះអង្គ នៅពេលដែលព្រះអង្គសោយទិវង្គត ព្រះអង្គ​ផ្តាំ​​អោយមានការរៀប​ចំពិធីបូជា​ព្រះសពរបស់ព្រះអង្គ​នៅលើវាលមេរុ​ទៅតាម​ប្រពៃណី​សាសនា​ខ្មែរ។

ទី៣ មួយថ្ងៃបន្ទាប់ពីពិធីបូជាព្រះសព សម្តេចឪនរោត្តម សីហនុបានមានព្រះរាជបន្ទូលអោយ​ដឹង​ថា អដ្ឋិធាតុរបស់ព្រះអង្គនឹងត្រូវលាងសម្អាតហើយដាក់នៅក្នុងកោដ្ឋមួយ ជាកោដ្ឋធ្វើអំពី​មាស​​ក៏បាន ឬកោដ្ឋធម្មតាក៏បាន។

កោដ្ឋនោះត្រូវយកទៅតម្កល់នៅក្នុងចេតិយគន្ធបុប្ជានៅក្នុងព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំង។
សម្តេចឪនរោត្តម សីហនុក៏បានមានព្រះរាជឱង្ការបញ្ជាក់ផងដែរថា នៅពេលដែលសម្តេចម៉ែ​សោយ​ទិវង្គតព្រះអង្គសូមអោយគេរៀបចំធ្វើដូចគ្នាដូចករណីរបស់ព្រះអង្គដែរ។
 

គួររម្លឹកថា សម្តេចឪនិងសម្តេចម៉ែ​ បានសម្រេចព្រះទ័យ ហើយបានប្រកាស​ជា​ឱឡារិក​នៅ​ក្នុង​ព្រះរាជពិធីរម្លឹកឆ្នាំទី២០នៃការយាងមាតុភូមិរបស់ព្រះអង្គមកកម្ពុជាថា ព្រះអង្គ​ទាំង​ពីរ​នឹង​ឈប់​យាងចាកចេញទៅទីក្រុងប៉េកាំងដើម្បីទទួលការព្យាបាលព្រះរោគហើយ។​ គឺព្រះអង្គ​នឹង​គង់​ប្រថាប់ជាមួយកូនចៅព្រះអង្គរហូត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ