អានតួអត្ថបទ
កម្ពុជា

ព្រះមហា​វីរក្សត្រ​គាំទ្រ​លោក​ហ៊ុន សែន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី

សម្តេច​ឪ​នរោត្តម សីហនុ​បាន​ចេញ​ព្រះរាជសារ​មួយ នៅថ្ងៃសុក្រនេះ ដើម្បី​រម្លឹក​ថា ព្រះអង្គ​នៅ​តែ​គាំទ្រ​លោកហ៊ុន សែន ធ្វើជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា។ ហើយ​ថា ជំហរ​បែបនេះ​របស់​ព្រះអង្គ គឺ​នៅតែ​មាន​រហូត​ដល់​ជីវិត​ចុងក្រោយ​របស់​ព្រះអង្គ។ ព្រះរាជសារ​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​មុន​ពេល​ដែល​ព្រះអង្គ និង​លោក​នាយករដ្ឋមន្ត្រី​នឹង​ជួបគ្នា នៅក្នុង​សប្តាហ៍​ក្រោយ នៅក្នុង​ទីក្រុង​ប៉េកាំង។

ព្រះមហា​វីរក្សត្រ​នរោត្តម​ សីហនុ និង​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​
ព្រះមហា​វីរក្សត្រ​នរោត្តម​ សីហនុ និង​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ ©សុវណ្ណារ៉ា (បណ្ណាសារ)
ផ្សាយពាណិជ្ជកម្ម

01:31

សេចក្តី​រាយការណ៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

នៅក្នុង​ព្រះរាជសារ​ដ៏​ខ្លី​មួយ​ដែល​ព្រះអង្គ​សរសេរ​ជា​ភាសា​បារាំង​ចុះ​ថ្ងៃ​ទី​១០​ធ្នូ​នេះ សម្តេចឪ​នរោត្តម សីហនុ​បាន​មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​នៅតែគាំទ្រ​លោក​ហ៊ុន សែន ធ្វើជា​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា។ ហើយ​ថា ជំហរ​បែបនេះ គឺ​ព្រះអង្គ​ធ្លាប់​បាន​បង្ហាញ​ជា​ច្រើនលើក ច្រើនសា​មក​ហើយ។

 
ពី​ទី​ក្រុង​ប៉េកាំង ទី​ដែល​ព្រះអង្គ​គង់​សំរាក​ព្យាបាល​ព្រះរោគ​នោះ ព្រះមហាវីវក្សត្រ​បាន​មាន​ព្រះរាជឱង្កា នៅក្នុង​ព្រះរាជសារ​ដែល​ព្រះអង្គ​សរសេរ​ថា​”ជា​សេចក្តី​ថ្លែងការណ៍​នោះ” ថា ព្រះអង្គ​បាន​និយាយ និង​សរសេរ​ជាច្រើនដង​ហើយ​ថា ព្រះអង្គ​គាំទ្រ​លោក​ហ៊ុន សែន​១០០​ភាគរយ ក្នុង​សមត្ថភាព​លោកហ៊ុន សែន​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។ ហើយថា “ការ​គាំទ្រ​នេះ​នឹង​បន្ត​រហូត​ដល់​ជីវិត​ចុងក្រោយ​របស់​ព្រះអង្គ។ ជំហរ​របស់​ព្រះអង្គ​នឹង​មិន​ផ្លាស់ប្តូរ​ឡើយ"។ ព្រះមហាវីវក្សត្រ​បាន​មាន​ព្រះរាជ​បន្ទូល​បញ្ចប់​ព្រះរាជសារ​ដោយ​ព្រះអង្គ​បាន​សរសេរ​ថា ព្រះអង្គ​បាន​ចូល​និវត្តន៍​ហើយ។ ព្រះអង្គ​មិន​ធ្វើ​នយោបាយ​ទៀតទេ។

នៅក្នុង​សប្តាហ៍​ក្រោយ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​ចូល​គាល់​សម្តេចឪ​នរោត្តម សីហនុ និង​សម្តេចម៉ែ​នៅក្នុង​ព្រះរាជវាំង​ក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ឱកាស​ដែល​លោក​ត្រូវ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ នៅប្រទេសចិន​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃ​ទី​១៧ធ្នូ។ ជា​ទស្សនកិច្ច​ដែលត្រូវបាន​ធ្វើ​ឡើង​តាម​ការអញ្ជើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​វេន ជាបាវ (Wen Jiabao)។

គួរបញ្ជាក់​ថា ព្រះរាជសារ​របស់​សម្តេចឪ​នរោត្តម សីហនុ​ត្រូវ​បាន​ផ្សព្វផ្សាយ​មួយ​ថ្ងៃ​ក្រោយ ពី​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​កា​យាង​និវត្ត​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណឬទ្ធិ​ចូល​មក​ក្នុង​ឆាក​នយោបាយវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ