អានតួអត្ថបទ
កម្ពុជា

ព្រះអង្គម្ចាស់​រណឫទ្ធិ​ប្រកាស​ចូល​ឆាក​នយោបាយ អំពាវនាវ​អោយ​អ្នកគាំទ្រ​រួម​ជាមួយ​ព្រះអង្គ

ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ​បាន​ប្រកាស​ជា​សាធារណៈ​ដោយ​ព្រះអង្គ​ឯង​ កាល​ពី​ចុង​សប្តាហ៍​កន្លងទៅ ថា ​ព្រះអង្គ​ពិតជា​នឹង​ចូល​ក្នុង​ឆាក​នយោបាយ​វិញ។ ព្រះអង្គ​ក៏​បាន​អំពាវនាវ​អោយ​អ្នក​គាំទ្រ​រាជានិយម​ទាំងអស់ រួមទាំង​អ្នក​គាំទ្រ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ផង អោយ​មក​រួបរួម​ជាមួយ​គណបក្ស​របស់​ព្រះអង្គ។ វត្តមាន​របស់​ព្រះអង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ​នៅ​ពេលនេះ​​បង្ហាញ​ថា ទំនងជា​គ្មាន​ទៀត​ឡើយ សម្ព័ន្ធភាព​រវាង​ហ៊្វុនស៊ីនប៉ិច និង​ក្រុម​អ្នក​ស្មោះស្ម័គ្រ​ព្រះអង្គ​ម្ចាស់​រណឫទ្ធិ។

ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ
ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ © ដឺលុច/RFI
ផ្សាយពាណិជ្ជកម្ម

02:04

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ

មិន​ចាំបាច់​រង់ចាំ​ដល់​ថ្ងៃ​សៅរ៍​ទី​១១​ធ្នូ ចាំ​សមាជ​គណបក្ស​ជាតិ​និយម​ប្រកាស​យាង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ​ធ្វើ​ជា​ប្រធាន​គណបក្ស​ដែល​នឹង​ត្រូវ​ផ្លាស់ប្តូរ​ឈ្មោះ​ទៅជា​គណបក្ស​នរោត្តម រណឫទ្ធិ​នោះ​ឡើយ។ ព្រះម្ចាស់​រណឫទ្ធិ​បាន​បញ្ជាក់​ជា​សាធារណៈ​ហើយ​ថា ព្រះអង្គ​នឹង​យាង​ចេញពី​ការ​ចូល​និវត្តន៍ ត្រឡប់​មក​ឆាក​នយោបាយ​វិញ មក​ដឹកនាំ​គណបក្ស​នរោត្តម រណឫទ្ធិ។ ព្រះអង្គម្ចាស់​រណឫទ្ធិ​បាន​ចេញ​ព្រះភក្រ្ត​ជួប​អ្នក​គាំទ្រ​ព្រះអង្គ​នៅក្នុង​ខេត្តកំពង់ចាម​ កាល​ពីចុង​សប្តាហ៍​កន្លងទៅនេះ ដូច​ដែល​ព្រះអង្គ​កំពុង​ធ្វើ​នយោបាយ អ៊ីចឹង។ ព្រះអង្គម្ចាស់​រណឫទ្ធិ​បាន​ប្រៀបធៀប​ការ​វិល​ត្រលប់​របស់​ព្រះអង្គ​ក្នុងនាម​ជា​អតីត​អ្នកនយោបាយ ថា​ដូចជា​ការ​សេពគ្រឿង​ញៀន។

វត្តមាន​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ​នៅ​ពេល​នេះ អាច​ជា​ឧបសគ្គ​នៃ​គម្រោង​ធ្វើ​សម្ព័ន្ធភាព​​រវាង​គណបក្ស​ហ៊្វុនស៊ីនប៉ិច និង​គណបក្ស​ជាតិ​និយម។ កាលពីប៉ុន្មានខែមុននេះ នៅពេល​ដែល​គណបក្ស​ទាំងពីរប្រកាស​រួមបញ្ចូល​គ្នា ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ​បាន​សរសេរ​លិខិត​ទៅ​កាន់​ថ្នាក់ដឹកនាំ​គណបក្ស​ជាតិ​និយម​ដែល​ព្រះអង្គ​ធ្លាប់​ដឹកនាំ ដើម្បី​សម្តែងការ​ព្រួយបារម្ភ​អំពី​ការបាត់បង់​តំណែង​មន្ត្រី​គណបក្ស​មួយ​ចំនួន​ដែល​នៅក្នុង​រដ្ឋសភា ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្តក្រុង ជាពិសេស​អត្តសញ្ញាណ​របស់​គណបក្ស ប្រសិនបើ​គណបក្ស​ទាំងពីរ​រួមបញ្ចូលគ្នា​មែន​នោះ។

កាលពីចុង​សប្តាហ៍​កន្លង​ទៅនេះ នៅក្នុង​ឱកាស​ជួប​ជាមួយ​អ្នក​គាំទ្រ ព្រះអង្គម្ចាស់​រណឫទ្ធិ​ក៏​បាន​ថ្លែង​អំពាវនាវ​ប្រមូល​សមាជិក​គណបក្ស​ហ៊្វុនស៊ីនប៉ិច អោយ​មក​ចូលរួម​ជាមួយ​ព្រះអង្គ​ផងដែរ។ លោក​ប៉ែន សង្ហា អ្នក​នាំពាក្យ​គណបក្ស​ជាតិនិយម​ បាន​អត្ថាធិប្បាយខ្លី​ថា នេះ​ជា​មូលដ្ឋាន​មួយ​ដែល​បង្ហាញ​ផ្លូវដើរ​របស់​អនាគត​គណបក្ស​នរោត្តម រណឫទ្ធិ។

ទាក់ទងនឹង​សកម្មភាព​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ​នេះ លោក​កែវ ពុទ្ធរស្មី​ ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ បាន​ថ្លែង​ប្រាប់វិទ្យុបារាំងអន្តរជាតិថា លោក​នៅ​មិនទាន់​អាច​អត្ថាធិប្បាយ​អ្វី​នៅឡើយ​ទេ​ ចំពោះ​អនាគត​នៃ​សម្ព័ន្ធភាព​នោះ ដោយ​លោក​នៅ​រង់ចាំមើល​គណបក្ស​ជាតិ​និយម​ ដែល​នឹង​ត្រូវ​ផ្លាស់ប្តូរ​ឈ្មោះ​ថ្មី។ លោក​កែវ ពុទ្ធរស្មី​បាន​សួរ​ខ្លួនឯង​ថា មិន​ដឹង​ថា​គណបក្ស​ជាតិ​និយម​ប្តូរ​ឈ្មោះ​ថ្មីហើយ មាន​ជំហរថ្មី​ដែរ​ឬ​យ៉ាងណា​នោះឡើយ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ