អានតួអត្ថបទ
រុស្ស៊ី

ប្រទេស​រុស្ស៊ី កញ្ជ្រោក​ដោយ​បាតុកម្ម​និង​មិទ្ទិញ

ខ្លាំង​ជាងគេគឺ​នៅ​រដ្ឋធានី​ម៉ូស្គូ​តែម្តងដែល​រសៀល​ថ្ងៃនេះមាន​មិទ្ទិញ​ប្រព្រឹត្ត​ទៅ​នៅ​តាម​ទីលាន​ធំ​ៗ៤កន្លែង។មិទ្ទិញ​ទាំងនេះ​ដែល​ចូលរួម​ដោយ​មនុស្ស​ជាង​១​សែន​នាក់គឺប្រឆាំង​រដ្ឋាភិបាល​ផងគាំទ្រ​រដ្ឋាភិបាល​ផងហើយសុទ្ធ​តែ​បាន​ទទួល​សេចក្តី​អនុញ្ញាតពីអាជ្ញាធរ។វាធ្វើឡើង​ថ្ងៃ​នេះគឺ​នៅ​ចំថ្ងៃចាប់ផ្តើម​ជា​ផ្លូវការការ​ឃោសនា​ដណ្តើម​យក​សំឡេងអ្នកស្រុក​ម្ចាស់ឆ្នោតកាល​ដែល​នៅសល់​មួយខែ​គត់ដល់​ពេល​បោះឆ្នោតរើស​ប្រធានាធិបតីផ្ទាល់។

បាតុកម្ម និង​មិទ្ទិញ​ប្រព្រឹត្ត​ទៅ​នៅ​តាម​ទីលាន​ធំ​ៗ ៤​កន្លែង​នៅ​រដ្ឋធានី​ម៉ូស្គូ
បាតុកម្ម និង​មិទ្ទិញ​ប្រព្រឹត្ត​ទៅ​នៅ​តាម​ទីលាន​ធំ​ៗ ៤​កន្លែង​នៅ​រដ្ឋធានី​ម៉ូស្គូ
ផ្សាយពាណិជ្ជកម្ម

ជា​បឋម គួរ​និយាយថា សូម្បី​តែ​ធាតុអាកាស​កំពុង​ត្រជាក់​ដល់​ប្រមាណ ២០​អង្សា​ក្រោម សូន្យ​ក្តី ក៏​ប៉ូលីស​ចំនួន​សរុប​ទៅ​៩.០០០នាក់ ដែល​ពង្រាយ​សម្រាប់​ធានាសន្តិសុខ ហាម​មិន​ឲ្យ យក បំពង់​ដប​ទឺក​តែ​ក្តៅៗ ចូលក្នុង​ទីលាន​មិទ្ទិញ​ឡើយ ក្រោម​លេស​ថា បង្ការ​ទល់​នឹង​ភេរវកម្ម ជាយថា​ហេតុ។ ចំណែក​មិទ្ទិញ​ផ្ទាល់ មាន​ទម្រង់​ដូច​តទៅ៖

ទី១-គឺ​មិទ្ទិញ​នៃបក្ស​ពួក ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល ក្រោម​ពាក្សស្លោក “ដើម្បី​ការ​បោះឆ្នោត សុចរិត” ដូច​ដែល​គេបាន​ធ្វើយ៉ាង​គគ្រឹកគគ្រេង​អស់​២​លើក កាលពីខែធ្នូ ប្រឆាំង​នឹង​ការ​ក្លែងបន្លំ សន្លឹក​ឆ្នោត នាពេល​បោះឆ្នោត​សភា​កន្លងទៅ។ កា​រទាមទារ​លើកនេះ គឺ​នៅ​ដដែល ឲ្យ រដ្ឋ​អំណាច លុបចោល​លទ្ធផល​បោះឆ្នោត​នោះ ហើយ​ធ្វើការ​បោះឆ្នោត​ថ្មី និង​ឲ្យ​ដោះលែងរាល់ អ្នកទោស​នយោបាយ។ ប៉ុន្តែ​សំខាន់​បំផុត គឺ​គេ​សាមគ្គី​គ្នា ប្រឆាំង​ដាច់ខាត ទល់​នឹង​បេក្ខភាព លោក​នាយក​រដ្ឋមន្ត្រី​ពូទីន ក្នុងការ​បោះឆ្នោត​ថ្ងៃ​មុខ ដោយ​បន្លឺ​ឡើង​នូវ ពាក្យ​ស្លោក​ថា “ គ្មាន សំឡេង​គាំទ្រ ១​សំឡេង​ឡើយ សម្រាប់​ពូទីន ! “។ តាម​ការ​សង្កេត​ឃើញ​នៃ​អាជ្ញាធរ ក្នុង​មិទ្ទិញ​នេះ មាន​មនុស្ស​ចូលរួម​ម្តុំ ២ម៉ឹន​៣ពាន់​នាក់​ប៉ុណ្ណោះ ទល់​នឹង​គម្រោង​ដល់​៥​ម៉ឺននាក់។

ទី២- គឺ​មិទ្ទិញ​គាំទ្រ​រដ្ឋាភិបាល ក្រោម​បាវចនា​ថា “ដើម្បី​អនាគត​ប្រទេស​រុស្ស៊ី “។ ពាក្យ​ស្លោក​បន្លឺ ឡើង​ក្នុង​មិទ្ទិញ​នេះ គឺ​ដូច​តទៅ ៖ “ សមិទ្ធិផល​ដែល​រុស្ស៊ី មាន​សព្វថ្ងៃ គឺ​អាច​បាត់បង់​ទៅ បើ របស់​ដែល​ហៅថា “បដិវត្តន៍​មានពណ៌”ស្រាប់តែ​កើតឡើង​នៅ​រុស្ស៊ី , ដើម្បី​ប្រទេស​រុស្ស៊ី​មាន អានុភាព​ខ្លាំងក្លា , ដើម្បី​អំណាច​ដ៏​រឹងមាំ​នៅរុស្ស៊ី , យើង​មិន​បណ្តោយ ឲ្យ​ប្រទេស​រុស្ស៊ី​បែកខ្ញែក ឡើយ។ មិទ្ទិញ​នេះ ចាត់ចែង​ឡើង ដោយ គណបក្ស” អ្នក​ស្នេហា​មាតុភូម៌” , “សមាគម​អ្នក​ចូល និវត្តន៍” , “ ពួក​យុទ្ធជន​ជើងចាស់​នៃ​សង្គ្រាម​សូវៀត​នៅ អាហ្វហ្កានីស្ថាន ពី​ឆ្នាំ១៩៧៩ ដល់ ១៩៨៩”។ លោក​ពូទីន​ផ្ទាល់​បានថ្លែង​សាមគ្គី ជាមួយ​នឹង​គោលដៅ​ចោទ​ដោយ​មិទ្ទិញ​នេះ។ ជា​កា​កត់សម្គាល់ សហជីព​អ្នកបើក Taxi បាន​ប្រកាស​ដឹក​អ្នក​ដែល​ទៅចូលរួម​ក្នុង​មិទ្ទិញ​នេះ ដោយ​ឥត​យកថ្លៃ​ទេ។ តាម​តួលេខ​មហាផ្ទៃ​ម៉ូស្គូ ចូលរួម​ក្នុង​មិទ្ទិញ​នេះ គឺ​ប្រជាពលរដ្ឋ ដល់ ៩ម៉ឺននាក់។

ទី៣- គឺមិទ្ទិញ ពួកជាតិ​និយម​គាំទ្រ ដល់ បេក្ខជន​បក្សជាតិ​និយម​រុស្ស៊ី លោក Zhirinovski ដែល​ថា “ទឹកដី​រុស្ស៊ី​សម្រាប់​ជាតិ​រុស្ស៊ី” និង​ដែល​សន្យា​ថា បើ​គាត់​ឈ្នោះ​ឆ្នោត​ជា​ប្រធានាធិបតី គាត់​នឹង​លុបចោល ពាក្យ​ថា President ជា​ពាក្យ​បរទេស សម្រាប់​ហៅ​ឋានៈ​ជា​ប្រធានាធិបតី​នៅ រុស្ស៊ី ហើយ​គាត់​នឹង​ជំនួសវា ដោយ​ពាក្យ​ថា “ ប្រមុខ​នៃ​សហព័ន្ធ​រុស្ស៊ី” មាន​ឋានៈ​ស្មើ”ស្តេច Tsar ។

ទី-៤ គឺ​មិទ្ទិញ ពួក”អ្នក​ប្រជាធិបតេយ្យ​ស្អាតស្អំ” ដែល​ដឹកនាំ​ដោយ​លោកស្រី Novodvorskaya ដែលល្បី​ខាង​ការពារ​សិទ្ធិ​មនុស្ស ហើយ​ទិតៀន​គ្មាន​ឈប់​របប​គ្រប់គ្រង​នៅរុ​ស្ស៊ី តាំង​ពី ជំនាន់​សូវៀត​មក។

មិទ្ទិញ​ក្រោម​បាវចនា “ដើម្បី​ការបោះឆ្នោត​សុចរិត” ថ្ងៃនេះ ប្រព្រឹត្តទៅ នៅ​តាមក្រុង​ចំនួន​១០០ នៃ​ប្រទេស​រុស្ស៊ី និង​នៅតាម​៣០​ក្រុង នៃ​១៧​ប្រទេស​បស្ចិម​លោក ធំ​ជាងគេ គឺ​នៅ ប្រទេស អាល្លឺម៉ង់ និង ស.រ.អា.៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ