អានតួអត្ថបទ
កម្ពុជា

សហជីព​អំពាវនាវ​កុំអោយ​ឡើង​ថ្លៃឈ្នួល​ផ្ទះ​ចំពោះ​កម្មករ​

សហភាព​សហជីព​កម្ពុជា​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ ​នៅ​ថ្ងៃចន្ទ​នេះ​ អំពាវនាវ​ដល់ម្ចាស់​ផ្ទះជួល​សម្រាប់​កម្មករ​កាត់ដេរទាំងអស់ ​កុំ​អោយ​ដំឡើង​​ថ្លៃជួល​ផ្ទះ។ ការ​អំពាវនេះ​ត្រូវបាន​ធ្វើ​ឡើង​ខណៈ​សហភាព​សហជីព​កម្ពុជា​ទទួល​បាន​ព័ត៌មាន​ថា ម្ចាស់​ផ្ទះ​មួយ​ចំនួនបាន​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ នៅពេល​ដែល​កម្មករ​ទទួល​បាន​ការ​តម្លើង​ប្រាក់​ឈ្នួល​នោះ។

កម្មករ​​នៅ​កម្ពុជា​
កម្មករ​​នៅ​កម្ពុជា​ RFI
ផ្សាយពាណិជ្ជកម្ម

សហភាព​សហជីព​កម្ពុជា​បាន​អំពាវនាវ​អោយ​ម្ចាស់ផ្ទះ​ដែល​មាន​បន្ទប់ជួល​អោយ​កម្មករ​ កម្មការិនី​កាត់ដេរ កុំ​ដំឡើង​ថ្លៃ​ឈ្នួល​ខ្ពស់​ពេក បើទោះជា​កម្មករ កម្មការិនី​បាន​ទទួល​ការ​ដំឡើង​ប្រាក់​ឈ្នួល​ក៏​ដោយ។ នៅ​ក្នុង​សេចក្តីអំពាវនាវ​​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ នៅ​ថ្ងៃ​ទី​៦​ឧសភា​នេះ លោក​រ៉ុង ឈុន​អះអាង​ថា ការ​ដំឡើង​ប្រាក់ឈ្នួល​ជួល​បន្ទប់​ស្នាក់នៅ​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ជីវភាព​របស់​កម្មករ កម្មការិនី​ជា​ដដែល​ ខណៈ​ការ​ដំឡើង​ប្រាក់ខែ​គោល​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។

សេចក្តី​អំពាវនាវ​របស់​របស់​សហភាព​សហជី​កម្ពុជា​ធ្វើ​ឡើង​​នៅ​ពេល​ដែល​សហជីព​មួយ​នេះ​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួលជួល​បន្ទប់​ស្នាក់នៅ​របស់​ម្ចាស់​ផ្ទះ​មួយ​ចំនួន។ លោក​រ៉ុង ឈុន​បាន​អះអាង​ថា ម្ចាស់​ផ្ទះ​មួយ​ចំនួន​ដែល​ធ្លាប់ជួល​បន្ទប់​អោយ​កម្មករ​ក្នុង​តម្លៃ​ ១៥​ដុល្លារ ​ក្នុង​មួយខែ បាន​ដំឡើង​ដល់​២០​ដុល្លារ។ រី​ឯ​អ្នក​ដែល​ធ្លាប់​បាន​យក​ថ្លៃឈ្នួល​២០​ដុល្លារ​ ក៏​ដំឡើង​ដល់​២៥​ដុល្លារ ជាដើម។

ប្រធាន​សម័្ពន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​លោក​ អាត់ ធន់​ បាន​យល់​ស្រប​ថា មាន​ករណី​ម្ចាស់​ផ្ទះ​មួយ​ចំនួន​ធំ​ដំឡើង​ប្រាក់​ឈ្នួល​ជួល​បន្ទប់​ស្នាក់នៅ​របស់​កម្មករ​មែន។ លោក​អាត់ ធន់​អត្ថាធិប្បាយ​ថា ប្រសិន​បើ​ម្ចាស់​ផ្ទះ​ដំឡើង​ប្រាក់​ឈ្នួ​ល​ដដែល ប្រាក់ខែ​គោល​ដែល​ត្រូវបាន​សម្រេច​ដំឡើង​អោយ​កម្មករ កម្មការិនី​នោះ គឺ​យក​អោយទៅ​ម្ចាស់​ផ្ទះ​ជួល​ទៅវិញទេ។

ទោះយ៉ាងណា​ក៏ដោយ ចំពោះ​លោក ​អាត់ ធន់ ក្រៅ​ពី​ការ​យោគយល់​របស់​ម្ចាស់​ផ្ទះ​ជួល​ហើយ រាជរដ្ឋាភិបាល​គួរ​តែ​ប្រឹងប្រែង​បញ្ចុះ​តម្លៃ​ទំនិញ​ទីផ្សារ​អោយ​ខាង​តែ​បាន។

គួរ​បញ្ជាក់​ថា​ចាប់​ពី​ខែ​ឧសភានេះ​ទៅ បន្ទាប់ពី​មានការ​ចរចារ​ទាមទារ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​​របស់​កម្មករ កម្មការិនី​ក្នុង​វិស័យ​វាយនភណ្ឌ កម្មករ ​កម្មការិនី​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​៧៥​ដុល្លារ និង​ប្រាក់​សុខភាព​៥​ដុល្លារទៀត។ មុននេះ​ ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ កម្មការិនី​មាន​តែ​៦១​ដុល្លារ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ប្រាក់​ថែទាំសុខភាព​៥​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ