អានតួអត្ថបទ
ថៃ

នាយក​រដ្ឋមន្ត្រី​ថៃ​រង​សម្ពាធ​ថ្មី​ក្រោយ​ការ​រុះរើ​រដ្ឋាភិបាល

ការ​រុះ​រើ​គណៈរដ្ឋមន្ត្រី​ថៃ​ម្សិល​មិញ បាន​បង្ក​បង្កើត​ជា​សង្គ្រាម​ប៉ាកកា យ៉ាង​ផុស​ផុល​បំផុត​ និង​ក្លាយ​ជា​ប្រធានបទ​ចម្បង​ នៅ​ទំព័រ​មុខ​កាសែត​ជាតិ ថ្ងៃ​នេះ​តែ​ម្តង ដើម្បី​វាយ​ប្រហារ​ លោកស្រី​យីងឡាក់ ដែល​បើតាម​បក្ស​ប្រឆាំង បាន​​​តែង​តាំង​​មន្ត្រី​មិន​ស្អាត​ស្អំ​ ក្នុង​ជួរ​រដ្ឋាភិបាល។ ​ ​ម្នាក់មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋ​អាមេរិក និងម្នាក់​ទៀត​ធ្លាប់​ជាប់​សង្ស័យ​ថាជា​ភេរវជន។

លោក ណាតាវុធ សៃកឿ ប្រមុខ​ក្រុម​ចលនា​អាវ​ក្រហម​ម្នាក់ ទើប​ត្រូវ​បាន​តែង​តាំង​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម
លោក ណាតាវុធ សៃកឿ ប្រមុខ​ក្រុម​ចលនា​អាវ​ក្រហម​ម្នាក់ ទើប​ត្រូវ​បាន​តែង​តាំង​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម © Reuters
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ទាំង​អស់​សុទ្ធ​តែ​ង​តាំង​ឡើង​​ដោយ​មាន​ការគាំទ្រ​ពី​រដ្ឋធម្មនុញ្ញ ! នេះ​ជា​ប្រសាសន៍​ការពារ​ខ្លួន​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត់។

 
ប៉ុន្តែ​សម្រាប់​បក្ស​ប្រឆាំង​ ទោះ​បី​ជា​រដ្ឋធម្មនុញ្ញ​មិន​បាន​ហាម​ឃាត់​ក៏​ដោយ​ ក៏​រដ្ឋាភិបាល​នីមួយៗ​ត្រូវ​ចេះ​មាន​សតិសម្បជញ្ជៈ មិន​គួរ​ណា​តែង​តាំង​មនុស្ស​មាន​ជាប់​រឿង​អាស្រូវ​ និង​គាំទ្រ​អំពើ​ពុក​រលួយ​ ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​ប្រទេស​ទេ។

ការរិះគន់​​​នេះ ធ្វើ​ឡើង​បន្ទាប់​ពី មាន​ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី ដោយ​ម្សិលមិញ លោកស្រី​​នាយក​រដ្ឋមន្ត្រី​ បាន​តែង​តាំង​ មេដឹកនាំ​ចលនា​អាវ​ក្រហម​ម្នាក់ ជា​អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្មនិង​សហប្រតិបត្តិការ និង​ស្ត្រី​ពាណិជ្ជករ​ម្នាក់​ ជា​រដ្ឋមន្ត្រី​​អម​​នាយក​រដ្ឋមន្ត្រី។

ណាតាវុធ សៃកឿ អនុ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ទើប​តែង​តាំង​ថ្មីថ្មោង​ ធ្លាប់​​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ពេល​បាតុកម្មកណ្តាល​ក្រុង​បាងកក​ កាលពី​ឆ្នាំ​២០១០​ ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អាភិស៊ីត បន្ទាប់​មក​ត្រូវ​ជាប់​ពន្ធនាគារ​៩ខែ​ពី​បទ​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវនិយម។

ចំណែក​រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រីថ្មី​វិញ តាំង​ពី​ឆ្នាំ​២០០៨​មក​ លោកស្រី​ណាលីនី តាវីសាំង​ បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​​របស់​សហរដ្ឋ​អាមេរិក​ - ជា​មនុស្ស​ជំនិត​ ​​រកស៊ី​ជួញដូរ​ត្បូង​ថ្ម​មាន​តម្លៃ​ជាមួយ​នឹង​ប្រធានាធិបតី​ហ្ស៊ីមបាវ៉េ លោក រ៉ូប៊ែរ មូហ្កាបេ។ លោក​ មូហ្កាបេ និង​សាច់ញាតិ​ដែលជាប់​ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប តាំង​ពី​ឆ្នាំ​២០០២​មក ពីបទ​ប្រព្រឹត្ត​អំពើ​រំលោភសិទ្ធិ​មនុស្ស​ ប្រើ​អំណាច​ផ្តាច់ការ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ