អានតួអត្ថបទ
កម្ពុជា

សកម្មជន​ថៃ​អាវ​លឿង​ផ្សាយ​ព័ត៌មាន​ញុះញង់​អោយ​ធ្វើ​ភេរវកម្ម​

ក្រសួង​​ការពារ​​ជាតិ​​កម្ពុជា​ ​​បាន​​ធ្វើ​​សេចក្តី​ថ្លែងការណ៍​​បន្ទាន់​​មួយ​ ច្រាន​ចោល​​ព័ត៌មាន​​របស់​​សកម្ម​ជន​​អាវ​​លឿង​​ថៃ​​ដែល​​និយាយ​​ថា ​ក្រុម​​លោក​​ថាក់ស៊ីន​​បាន​​ជួល​​ទាហាន​​ខ្មែរ​​៥០០០​​នាក់​​ដើម្បី​​ជួយ​​ប្អូន​ស្រី​​ជា​​នាយក​​រដ្ឋមន្ត្រី​​និង​​​ក្រុម​​លោក​​ថាក់ស៊ីន​ ក្នុង​​ករណី​​មាន​​រដ្ឋប្រហារ។​ ក្រសួង​​ការពារ​​ជាតិ​​កម្ពុជា​​ស្នើ​​អោយ​​អាជ្ញាធរ​​ថៃ​​ចាត់​​វិធានការ​​លើ​​ការ​​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​​អុជ​អាល​ របស់​​ក្រុម​​អាវ​លឿង​​ថៃ​​នេះ។

ពួកអាវលឿង​ពេល​កាន់កាប់​ព្រលាន​យន្តហោះ​បាងកក កាល​ពី​ឆ្នាំ​២០០៨
ពួកអាវលឿង​ពេល​កាន់កាប់​ព្រលាន​យន្តហោះ​បាងកក កាល​ពី​ឆ្នាំ​២០០៨ ©AFP
ផ្សាយពាណិជ្ជកម្ម

កម្ពុជា​បាន​ស្នើ​អោយ​អាជ្ញាធរ​ថៃ​ចាត់​វិធានការ​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​របស់​ក្រុម​ថៃ​អាវលឿង​ដែល​កម្ពុជា​ចាត់ទុកថា​ជា​ព័ត៌មាន​ប្រឌិត ញុះញង់ ហើយ​មាន​ចរិត​ចង់​បង្ក​អោយ​មាន​ភេរវកម្ម។ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ការពារ​ជាតិ​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ច្រានចោល​ការ​អត្ថា​ធិប្បាយរបស់​លោក​ស៊ុមគៀត ផុងផៃប៊ូន​ដែល​ជា​សកម្មជន​ថៃ​អាវលឿង។

សកម្មជន​អាវ​លឿង​ថៃ​រូបនេះ​ដែល​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​សារព័ត៌មាន អ៊ីនថឺនែត ASTV manager online​ថា ខ្លួន​បាន​ដឹង​ថា ក្រុម​លោក​ថាក់ស៊ីន​បាន​ជួល​ទាហាន​ខ្មែរ​៥០០០នាក់​នៅ​តាម​បណ្តោយ​ព្រំដែន​វៀតណាម​កម្ពុជា​ទុក​សំរាប់​ជួយ​ប្អូនស្រី និង​ក្រុម​លោក​ថាក់ស៊ីន ក្នុង​ករណី​មាន​រដ្ឋប្រហារ​សាជាថ្មី​នៅក្នុង​ប្រទេស​ថៃ។

សម្រាប់​កម្ពុជា ការ​ផ្សាយ​ព័ត៌មាន​ប្រឌិត​បែប​នេះ វា​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ជិតខាង​ទាំងពីរ​ដែល​កម្ពុជា​ផ្តល់​តម្លៃ​ខ្ពស់ ហើយ​ថា​វា​ក៏​បាន​ប៉ះពាល់​ទៅ​ដល់​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ក្នុង​ក្របខ័ណ្ឌ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ថៃ​ផងដែរ។

ម្ល៉ោះ​ហើយ​កម្ពុជា​បាន​ស្នើ​អោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ​ចាត់​វិធានការ​ចំពោះ​លោក​ស៊ុម​គៀត​ ផុងផៃប៊ូន។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​សរសេរ​ប្រាប់​ថៃ​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បែបនេះ​ក៏​អាច​ចាត់ទុកថា​ជា​ទិសដៅ​និង​ជា​សកម្មភាព​ប៉ុនប៉ង​ខាង​ភេរវកម្ម​ក្នុង​បំណង​អាក្រក់​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ស្ថិរភាព​និង​សន្តិសុខ​ក្នុង​តំបន់ ជា​ពិសេស ក្នុង​ខណៈ​ដែល​កម្ពុជា​កំពុង​ត្រៀមខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អាស៊ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ