អានតួអត្ថបទ
កូរ៉េខាងជើង-ចិន

គីម ជុងអ៊ីល ទៅ​ជួប​ថ្នាក់​ដឹកនាំ​ចិន​ជា​លើក​ទីពីរ ក្នុង​រយៈ​ពេល​តែ​បួន​ខែ

គីម ជុងអ៊ីល (Kim Jong-Il) អគ្គមគ្គទេសក៍​កូរ៉េ​ខាង​ជើង​ប្រហែល​ជា​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ចិន ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​សីហា​នេះ ដោយ​ជិះ​រថភ្លើង​ពិសេស​ដែល​បាញ់​មិន​ធ្លុះ ដូច​ពេល​មុនៗ​ដែរ។ ដំណឹង​នេះ​ចេញ​មក​ពី​ប្រភព​ប្រធានាធិបតី​កូរ៉​ខាង​ត្បូង ទោះ​បីជា​មិន​ទាន់​មាន​ការ​បញ្ជាក់​អះអាង​ជា​ផ្លូវការ​ពី​ខាង​ប្រទេស​ចិន​ក៏ ​ដោយ។ តើ​ហេតុអ្វី​បាន​ជា​ក្នុង​រយៈ​ពេល​តែ​បួន​ខែ​ប៉ុណ្ណោះ បុរស​ខ្លាំង​នៃ​របប​កុម្មុយនិស្ត​ព្យុងយ៉ាង (Pyongyang) ទៅ​ធ្វើ​ទស្សនកិច្ច​ដល់​ទៅ​ពីរ​ដង​នៅ​ប្រទេស​ចិន?

រូប​ថត​លោក គីម ជុង​អ៊ីល (កណ្តាល) ដែល​កាសែត​ផ្លូវការ​កូរ៉េ​ខាង​ជើង​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ
រូប​ថត​លោក គីម ជុង​អ៊ីល (កណ្តាល) ដែល​កាសែត​ផ្លូវការ​កូរ៉េ​ខាង​ជើង​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ © Reuters
ផ្សាយពាណិជ្ជកម្ម

05:50

បទ​អន្តរាគមន៍​របស់ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

ព័ត៌មាន​ទាំង​អម្បាលម៉ាន​ដែល​ទទួល​បាន​នៅ​ថ្ងៃ​ទី​២៦​សីហា​នេះ បាន​ឲ្យ​ដឹង​ថា​លើក​នេះ គីម ជុងអ៊ីល បាន​នាំ​កូន​ពៅ​របស់​គាត់​ឈ្មោះ គីម ជុងអ៊ុន (Kim Jong-Un) ទៅ​ជាមួយ​ផង។

គួរ​និយាយ​ថា តាម​គម្រោង​ការ​ស្នង​តំណែង​ដែល​ គីម ជុងអ៊ីល បាន​តុប​តែង និង​ដែល​រដ្ឋសភា​ជាតិ​កូរ៉េ​ខាងជើង​រួម​ប្រជុំ​គ្នា​ជា​វិសាមញ្ញ​បាន​ឲ្យ​សច្ចាប័ន​កាលពី​ខែ​មិថុនា​កន្លង​ទៅ​នេះ គឺ គីម ជុង អ៊ុន នេះ​ហើយ​ដែល​នឹង​ត្រូវ​ឡើង​មក​គ្រប់គ្រង​ប្រទេស​ជំនួស គីម ជុងអ៊ីល នា​ពេល​ខាង​មុខ។

ម្ល៉ោះ​ហើយ ការ​នាំ​កូន​ប្រុស​រូប​នេះ​ ដែល​ជា​អនាគត​អគ្គមគ្គទេសក៍ ទៅ​ជួប​ថ្នាក់​ដឹក​នាំ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​រៀម​ច្បង​របស់​កូរ៉េ​ខាងជើង អាច​ជា​គោលដៅ​សំខាន់​ជាង​គេ​មួយ​នៃ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​លើក​នេះ​របស់ គីម ជុងអ៊ីល។ គួរ​រំឭក​ឡើង​វិញ​ថា គីម ជុងអ៊ីល មាន​ជម្ងឺ​ប្រចាំ​កាយ ជា​ហេតុ​ជំរុញ​ឲ្យ​ក្រុម​អ្នក​សង្កេត​ការណ៍​អះអាង​ថា ការ​ស្នង​តំណែង​នៅ​ទីក្រុង​ព្យុងយ៉ាង អាច​នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​យូរ​នៅ​ឆ្នាំ​២០១២។

ភាព​តាន​តឹង​រវាង​កូរ៉េ​ខាង​ជើង​ និង​ចិន​បាន​កើន​ឡើង​ខ្លាំង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ក៏ប៉ុន្តែ​ទំនាក់ទំនង​មិន​ល្អ​រវាង​ប្រទេស​ទាំងពីរ បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ គឺ​តាំង​ពី​ពេល​ដែល​កូរ៉េ​ខាង​ជើង​បាន​ពិសោធ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី​មួយ​ម្ល៉េះ។ ម្យ៉ាង គឺ​មក​អំពី​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដែល​ប្រទេស​ចិន​ជា​អ្នក​ចេញ​មុខ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង តាម​រយៈ​កិច្ច​ចរចា​ប្រាំ​មួយ​ប្រទេស ក្នុង​នោះ​រួម​មាន សហរដ្ឋ​អាមេរិក ចិន​ខ្លួន​ឯង រុស្ស៊ី ជប៉ុន និង កូរ៉េ​ទាំងពីរ។

តែនៅទីបំផុត ចិន​ត្រូវ​អាម៉ាស់​មុខ​មិន​តិច​ទេ ពីព្រោះ​កូរ៉េ​ខាង​ជើង​បាន​ពិសោធ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​ដល់​ទៅ​ពីរ​ដង នៅ​ឆ្នាំ​២០០៦ និង​នៅ​ឆ្នាំ​២០០៩ រួច​ហើយ​បាន​ទាំង​ដើរ​ចេញ​ពី​តុ​ចរចា​ប្រាំ​មួយ​ភាគី​នៅ​ខែ​មេសា​ឆ្នាំ​២០០៩​ទៅ​ទៀត។

តាម​ពិត ថ្នាក់​ដឹកនាំ​ចិន​មិន​ចង់​ឲ្យ​កូរ៉េ​ខាង​ជើង​មាន​អាវុធ​នុយក្លេអ៊ែរ​ទេ ពីព្រោះ​ប្រការ​នេះ នឹង​អាច​ញ៉ាំង​ឲ្យ​ជប៉ុន ឬ​ក៏​កូរ៉េ​ខាងត្បូង ចង់​បាន​អាវុធ​នុយក្លេអ៊ែរ​ដែរ។ រី​ឯ​ គីម ជុងអ៊ីល វិញ ដែល​គិត​ពី​ប្រយោជន៍​របស់​ប្រទេស​យល់​ឃើញ​ផ្សេង យល់​ឃើញ​ថា កូរ៉េ​ខាង​ជើង​ចាំបាច់ ត្រូវ​តែ​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ ដើម្បី​កុំ​ឲ្យ​សត្រូវ ជា​ពិសេស​សហរដ្ឋ​អាមេរិក មក​រំលំ​របប​កុម្មុយនិស្ត​របស់​ខ្លួន​បាន។

ដោយ​ឡែក អ្វី​ដែល​បាន​និង​កំពុង​បន្ត​ធ្វើ​ឲ្យ​ចិន​ឈឺ​ក្បាល​និង​ក្រពុល​មុខ​ខ្លាំង គឺ​ព្រឹត្តិការណ៍​បាញ់​ពន្លិច​នាវា​ចម្បាំង​មួយ​គ្រឿង​របស់​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ទី​២៦​មីនា ប្រាំ​ខែ​មុន​នេះ។ ពីព្រោះ​ទោះ​ជា​មាន​ការ​ប្រកែក​ដោះសា​ពី​ខាង​ទីក្រុង​ព្យុងយ៉ាង យ៉ាង​ណា​ក៏​ដោយ ក៏​ការ​ស៊ើប​អង្កេត​បង្ហាញ​ថា​នាវា​ដែល​លិច​ និង​ដែល​បណ្តាល​ឲ្យ​មាន​ស្លាប់​នាវិក​កូរ៉េ​ខាង​ត្បូង ៤៦​នាក់ ត្រូវ​បាន​បាញ់​កម្ទេច​ដោយ​នាវា​មុជ​ទឹក​របស់​កូរ៉េ​ខាង​ជើង។​

កូរ៉េខាងជើងធ្វើឲ្យចិនក្រពុលមុខកាន់តែខ្លាំង

នៅ​ក្នុង​វិបត្តិ​កូរ៉េ​ខាង​ជើង ចិន​ក្រពុល​មុខ​កាន់​តែ​ខ្លាំង ពីព្រោះ ត្រូវ​បន្ត​ដើរ​តួនាទី​ជា​ប្រទេស​មិត្ត​របស់​ទីក្រុង​ព្យុងយ៉ាង​ផង និង​ត្រូវ​ដើរ​តួនាទី​ជា​អាជ្ញា​កណ្តាល​ផង។

ការ​បន្ត​ធ្វើ​ជា​មិត្ត​របស់​កូរ៉េ​ខាង​ជើង​ជា​ការ​មួយ​ចាំបាច់ សម្រាប់​ថ្នាក់​ដឹកនាំ​ចិន។ ម្យ៉ាង​គឺ​មក​ពី​មូលហេតុ​ប្រវត្តិ​សាស្រ្ត ដែល​ចង​យ៉ាង​ជាប់​របប​កុម្មុយនិស្ត​ប៉េកាំង​ និង​របប​កុម្មុយនិស្ត​ព្យុងយ៉ាង។ ម្យ៉ាង​ទៀត គឺ​មក​អំពី​ចិន​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​កូរ៉េ​ខាងជើង​យល់​ដឹង​ថា បើ​សិន​ជា​របប​ព្យុងយ៉ាង​មាន​បញ្ហា ដោយ​ហេតុ​តែ​វិបត្តិ​សេដ្ឋកិច្ច ឬ​ក៏​អស្ថិរភាព​នយោបាយ​ធ្ងន់ធ្ងរ ប្រជាជន​កូរ៉េ​ខាង​ជើង​រាប់​លាន​នាក់​នឹង​ច្បាស់​ជា​ភៀស​ខ្លួន​ចូល​មក​ក្នុង​ទឹក​ដី​ប្រទេស​ចិន​មិន​ខាន​ឡើយ។ អ៊ីចឹង​ហើយ​បាន​ជា ថ្នាក់​ដឹកនាំ​ចិន​ត្រូវ​បង្ខំ​ចិត្ត​បន្ត​ផ្តល់​ជំនួយ​ដល់​កូរ៉េ​ខាង​ជើង និង​បន្ត​ការពារ​ថ្នាក់​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង​ត​ទៅ​ទៀត។

ទន្ទឹម​ជាមួយ​គ្នា​នេះ ចិន​ដែល​កំពុង​ក្លាយ​ជា​មហាអំណាច​ពិភព​លោក ក៏​ត្រូវ​តែ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ដែរ មិន​អាច​ចេះ​តែ​អង្គុយ​ការពារ​កូរ៉េ​ខាង​ជើង​អ៊ីចឹង​ទៅ​កើត​ទេ ជាពិសេស​ក្រោយ​ពេល​ដែល​នាវា​មុជ​ទឹក​នៃ​ប្រទេស​នេះ​បាន​​បាញ់​ពន្លិច​នាវា​ចម្បាំង កូរ៉េ​ខាង​ត្បូង ដូច​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ។

មិន​តែ​ប៉ុណ្ណោះ ដោយ​ហេតុ​តែ​មាន​ការ​ឈ្លាន​ពាន​ពី​សំណាក់​កូរ៉េ​ខាង​ជើង​ទៅ​លើ​កូរ៉េ​ខាង​ត្បូង​អ៊ីចឹង​ហើយ បាន​ជា​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ សហរដ្ឋ​អាមេរិក​និង កូរ៉េ​ខាង​ត្បូង បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ម្តុំ​សមុទ្រ​លឿង។ សមយុទ្ធ​នេះ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ចម្ងាយ​ប្រមាណ​តែ​៥០០គ.ម ពី​ទីក្រុង​ប៉េកាំង​តែ​ប៉ុណ្ណោះ មិន​អាច​ធ្វើ​ឲ្យ​ចិន​សប្បាយ​ចិត្ត​ទេ។

យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពី​ការ​លិច​នាវា​កូរ៉េ​ខាង​ត្បូង​បាន​ប៉ុន្មាន​សប្តាហ៍ គីម ជុងអ៊ីល បាន​ទៅ​ប្រទេស​ចិន​រួច​ម្តង​ហើយ កាលណោះ​គឺ​នៅ​ខែ​ឧសភា។ បី​ខែ​ក្រោយ​មក អគ្គមគ្គទេសក៍​កូរ៉េ​ខាង​ជើង ក៏​ប្រហែល​ជា​មាន​ព័ត៌មាន​ថ្មី​ជុំ​វិញ​រឿងរ៉ាវ​នេះ ដើម្បី​ពន្យល់​ថ្នាក់​ដឹក​នាំ​ចិន។ ក្រុម​អ្នក​សង្កេត​ការណ៍​ខ្លះ​បញ្ចេញ​មតិ​ថា​ គីម ជុងអ៊ីល ប្រហែល​មិនមែន​ជា​ដើម​ចម​នៃ​ព្រឹត្តិការណ៍​បាញ់​ពន្លិច​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​ទេ តែ​ជា​អ្នក​ទទួល​ថ្ម​បាក់​ទៅ​វិញ​ទេ។

ទស្សនៈ​បែប​នេះ​អាច​ជា​ការ​ពិត​ដែរ ពីព្រោះ​មក​ទល់​ពេល​នេះ ពួក​អ្នក​វិភាគ​មិន​យល់​សោះ ថា​ហេតុអ្វី​បាន​ជា គីម ជុងអ៊ីល បាន​បញ្ជា​ឲ្យ​បាញ់​ពន្លិច​នាវា​កូរ៉េ​ខាង​ត្បូង​បែប​នេះ។ ពួកគេ​ថែម​ទាំង​ធ្វើ​អត្ថាធិប្បាយ​ថា រឿង​រ៉ាវ​នេះ​អាច​ជា​ផល​វិបាក​ដែល​ហូរ​ចេញ​ពី​ការ​ដណ្តើម​អំណាច​គ្នា​នៅ​ទីក្រុង​ព្យុងយ៉ាង​ផង​ក៏​មិន​ដឹង ជួនចំ​ពេល​មួយ​ដែល​សករាជ​គ្រប់គ្រង​រដ្ឋ​របស់​ គីម ជុងអ៊ីល អាច​ឈាន​ដល់​ទី​បញ្ចប់​នៅ​ពេល​ខាង​មុខ៕    

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ