អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឯករាជភាព​របស់ គ.ជ.ប ជា​គន្លឹះ​ដោះស្រាយ​វិបត្តិ​បោះឆ្នោត​នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​នយោបាយ​ដែល​មាន​សំឡេង​ភាគតិច​ក្នុង​សភា​ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ទាក់ទិន​នឹង​ការ​បោះឆ្នោត​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ ដើម្បី​ដាក់​សម្ពាធ​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​មាន​ឯករាជភាព។ ​យន្តការ​ដែល​មាន​តួនាទី​ជា​អាជ្ញាកណ្តាល​សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​មួយ​នេះ​បាន​ទទួល​រង​ការ​រិះគន់​ថា​«លម្អៀង»​ទៅ​រក​គណបក្ស​កាន់​អំណាច។ ​នេះ​ជា​ប្រភព​នៃ​វិបត្តិ​សម្រាប់​ការ​បោះឆ្នោត​នៅ​កម្ពុជា។​ ដូច្នេះ ការ​ធ្វើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឯករាជ្យ​ គឺ​ជា​ច្រក​តែ​មួយ​គត់​ដើម្បី​ចេញ​ពី​វិបត្តិ​នេះ។

©គ.ជ.ប
ផ្សាយពាណិជ្ជកម្ម

សមាសភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា ​គ.ជ.ប ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល ​និង​តំណាង​គណបក្ស​នយោបាយ​ដែល​មាន​សំឡេង​ភាគតិច​ក្នុង​សភា ចាត់ទុក​ជា​ហេតុផល​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ជំនឿ​ចិត្ត​នៅ​ពេល​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​ម្តងៗ។​

ក្នុង​ហេតុ​ផល​នេះ ​គណបក្ស​នយោបាយ​ចំនួន​៤​ដែល​មាន​សំឡេង​ភាគតិច​នៅ​ក្នុង​សភា​គឺ ​គណបក្ស​សមរង្ស៊ី​- ហ្វ៊ុនស៊ិនប៉ិច​- សិទ្ធិមនុស្ស ​និង​គណបក្ស​នរោត្តម រណឫទ្ធិ ​ព្រមទាំង ​អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​អ្នកសង្កេតការណ៍​បោះឆ្នោត ​ដូចជា ​ខុមហ្វ្រែល ​និង​នីកហ្វិច​ ជាដើម​ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​មួយ​នៅ​ក្នុង​សប្តាហ៍​នេះ​ដើម្បី​សុំ​កែប្រែ​សមាសភាព​ គ.ជ.ប ​ថ្នាក់​មូលដ្ឋាន។

សេចក្តី​ប្រកាស ​បញ្ជាក់​ថា ​នៅ​កម្ពុជា ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​មិន​ត្រូវ​បាន​ធានា ​អំពី​អព្យាក្រឹតភាព ​និង​ឯករាជភាព​នៅ​ឡើយ។ ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ប្រកួត​ប្រជែង ​បាត់​បង់​ទំនុកចិត្ត​យ៉ាង​ជ្រាលជ្រៅ។ ​ដូច្នេះ​ដើម្បី​ឲ្យ​ការបោះ​ឆ្នោត​មួយ​ប្រកប​ទៅ​ដោយ​បរិយាកាស​ជឿ​ទុកចិត្ត​ពី​សំណាក់​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ប្រកួត​ប្រជែង​ ដ៏​ដូចជា​បង្កើន​តម្លាភាព ​និង​កាត់បន្ថយ​បណ្តឹង​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់​ត្រូវតែ​ជា​ស្ថាប័ន​មាន​អព្យាក្រឹត ​និង​ឯករាជ្យ។ អ្វី​ដែល​គណបក្ស​នយោបាយ​ទាំង៤ ​និង​សង្គមស៊ីវិល​ចង់​បាន​នៅ​ពេល​នេះ​ គឺ​ស្ថាប័ន​ គ.ជ.ប ​គ្រប់​លំដាប់​ថា្នក់​ត្រូវ​មាន​សមាសភាព​ចម្រុះ​ មក​គ្រប់​គណបក្ស​នយោបាយ​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ​ឬ​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់​ពេល​បច្ចុប្បន្ន។

ជាការ​ពិត​ណាស់ ​ឯករាជភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត ​ត្រូវ​បាន​គណបក្ស​ប្រឆាំង ​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​រិះគន់​តាំងពី​យូរយារ​ណាស់​មក​ហើយ។ ​ចំណោទ​នៅ​ត្រង់​ថា សមាសភាព​ភាគច្រើន​លើសលប់​នៃ​យន្តការ​ដែល​មាន​តួនាទី​ធ្វើ​ជា​អាជ្ញាកណ្តាល​ត្រូវ​បាន​ជ្រើស​តាំង​ចេញ​ពី​គណបក្ស​កាន់​អំណាច។ ​នេះ​ជា​ចំណុច​សង្ស័យ​ដែល​នាំ​ឲ្យ​អ្នក​ចាញ់​មិន​​អស់​ចិត្ត​បើ​ទោះបី​ជា​ស្ថាប័ន​នេះ​បាន​ខិតខំ​បង្ហាញ​ពី​អព្យាក្រឹតភាព​យ៉ាង​ណា​ក៏​ដោយ​ចុះ។

នៅ​ពេល​ដែល​គូ​ប្រជែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​មន្ទិល​ក្នុង​ចិត្ត​បែប​នេះ ​ពួកគេ​ប្រាកដ​ជា​ចាត់​ទុក​ការ​ចាញ់​របស់​ខ្លួន​ថា​ជា​រឿង​អយុត្តិធម៌​ដោយ​សារ​តែ​អាជ្ញា​កណ្តាល​លម្អៀង។​ ដើម្បី​បំបាត់​ចោល​ក្តី​មន្ទិល​នេះ ​មាន​មតិ​ជាច្រើន​បាន​ផ្តល់​យោបល់ ​និង​រូបមន្ត​មួយ​ចំនួន​ដើម្បី​ឲ្យ ​គ.ជ.ប ​មាន​ឯករាជភាព។ ​រូបមន្ត​ទាំង​នោះ​មាន​ដូចជា​ សមាសភាព​របស់​ គ.ជ.ប ​ត្រូវ​តែ​ជា​មនុស្ស​ឯករាជ្យ ​មិនមែន​ជ្រើសរើស​ចេញ​ពី​បក្ស​នយោបាយ។ ​ប៉ុន្តែ​ រូបមន្ត​នេះ​មិន​អាច​ចេញ​រួច​ឡើយ។ ​ចំណោទ​នៅ​ត្រង់​ថា តើ​បុគ្គល​ណា​ដែល​ជា​មនុស្ស​ឯករាជ្យ​ ហើយ​ដែល​ទាំង​អស់​គ្នា​អាច​ទទួល​យក​បាន?

ដោយសារ​រូបមន្ត​ខាង​លើ​មិន​អាច​ចេញ​រួច ​រូបមន្ត​ទី​២​ត្រូវ​បាន​គេ​ជ្រើសរើស​ និង​បាន​អនុវត្ត​រួច​ហើយ​នោះ​គឺ ​សមាសភាព ​គ.ជ.ប ​ថ្នាក់​ជាតិ​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​៥​នាក់​ គណបក្ស ​សម រង្ស៊ី​២​នាក់​ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​២​នាក់​ដែល​សរុប​ទាំង​អស់​៩​នាក់។​ ឥឡូវ​នេះ​ អ្នកពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ចង់​ឲ្យ​មាន​ភាព​ចម្រុះ​បែប​នេះ​នៅ​ថ្នាក់​មូលដ្ឋាន​ថែម​ទៀត។

សម្រាប់​ក្រុម​អ្នកវិភាគ​នយោបាយ​ប្រទេស​កម្ពុជា ​ការ​នាំ​គ្នា​ស្វះស្វែង​រក​ការ​កែលម្អ​ស្ថាប័ន​ គ.ជ.ប ​គឺ​ជា​រឿង​ត្រឹមត្រូវ​នៅ​ក្នុង​បរិបទ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ​ត្រឹម​ត្រូវ​ដោយ​ហេតុថា ​កន្លង​ទៅ​ចំណោទ​បញ្ហា​ទាំង​ឡាយ​សុទ្ធតែ​ផ្តើម​ចេញ​ពី​ការ​មិន​ទុក​ចិត្ត​ទៅ​លើ​ឯករាជភាព​របស់​ស្ថាប័ន​រៀបចំ​បោះឆ្នោត​នេះ​ឯង។ ​ក្នុងន័យ​នេះ ​សំណើ​​របស់​បក្សនយោបាយ​និង​សង្គម​ស៊ីវិល​ខាងលើ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ មានលក្ខណៈ​សមហេតុ​ផល​ ដែល​គណបក្ស​កាន់​អំណាច​គួរ​ពិចារណា​ ដើម្បី​ឲ្យ​ការបោះឆ្នោត​នៅ​កម្ពុជា​អាច​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ជឿ​ទុកចិត្ត ​និង​កាត់​បន្ថយ​ជម្លោះ​ពេល​បោះ​ឆ្នោត។

គោលដៅ​ដែល​កម្ពុជា​ត្រូវ​សម្រេច​ឲ្យ​បាន​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​របស់​ខ្លួន​គឺ ​ក្រោយ​ការ​បោះឆ្នោត​ អ្នកចាញ់​អស់​ចិត្ត​ និង​ទទួល​ស្គាល់​លទ្ធផល​ដោយ​គ្មាន​លេស​តវ៉ា។ ​ចំណុច​គន្លឹះ​ដើម្បី​សម្រេច​នេះ​ គឺ​គ្មាន​អ្វី​ក្រៅ​ពី​«ឯករាជភាព»​របស់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នៅ​ចំពោះ​មុខ​អ្នក​ប្រកួត​និង​អ្នក​តាមដាន​នោះ​ឡើយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ