អានតួអត្ថបទ
កម្ពុជា

ប្រវត្តិ​របស់​អៀង សារី ភាគទី២

ដូចដែល​លោក​អ្នកស្តាប់​បាន​ជ្រាប​រួច​មកហើយ កាលពី​សប្តាហ៍​មុន ថា អៀង សារី គឺជា​មនុស្ស​ស្និទ្ធនឹង ប៉ុល ពត បំផុត។ អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងពីររូប​នេះ​បាន​ស្គាល់ និង​រាប់អាន​គ្នា​ជា​មិត្តភ័ក្តិ​យ៉ាង​ជិតស្និទ្ធ តាំងពី​ឆ្នាំ១៩៤៧ មុនពេល​ពួក​គេ​ចេញ​ទៅរៀន​នៅ​ប្រទេស​បារាំង​ម្ល៉េះ។ អៀង សារី តែងតែ​ទៅណា​មកណា​ជាប់​ជាមួយ ប៉ុល ពត ជានិច្ច។ ពេល ប៉ុល ពត ឡើង​ធ្វើជា​លេខា​បក្ស​កុម្មុយនស្ត អៀង សារី ឡើងជា​មេដឹកនាំ​លំដាប់​ទីបី​ក្នុង​បក្ស។ ពេល ប៉ុល ពត ឡើងធ្វើ​ជា​នាយករដ្ឋមន្រ្តី អៀង សារី ក៏​ឡើងជា​ឧបនាយករដ្ឋមន្រ្តី។ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ អៀង សារី បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ប្រមូល​កៀងគរ​បញ្ញវន្ត​ខ្មែរ​ពីបរទេស​យកទៅ​ សម្លាប់។

អៀង សារី នៅក្នុង​បន្ទប់​សវនាការ​របស់​តុលាកា​រទទួល​បន្ទុក​ជំនុំជម្រះ​មេដឹកនាំ​ខ្មែរក្រហម
អៀង សារី នៅក្នុង​បន្ទប់​សវនាការ​របស់​តុលាកា​រទទួល​បន្ទុក​ជំនុំជម្រះ​មេដឹកនាំ​ខ្មែរក្រហម ©Reuters
ផ្សាយពាណិជ្ជកម្ម

 

នៅក្រោយ​រដ្ឋប្រហារ​ឆ្នាំ១៩៧០ អៀង សារី ត្រូវបាន​តែងតាំង​ឲ្យ​ធ្វើជា​ប្រេសិត​ពិសេស​ទទួលបន្ទុក​ផ្នែក​ទំនាក់ទំនង​រវាង​សមរភូមិមុខ​នៅ​កម្ពុជា និង​សម្តេច នរោត្តម សីហនុ ប្រមុខ​រាជរដ្ឋាភិបាល​រួបរួមជាតិ ដែល​មាន​ស្នាក់ការ​នៅ​ទីក្រុង​ប៉េកាំង។ ក៏ប៉ុន្តែ យោងតាម​លោកស្រី Elizabeth Becker តួនាទី​ពិត​របស់ អៀង សារី នៅពេលនោះ គឺ​ឃ្លាំមើល​សកម្មភាព​របស់​សម្តេច នរោត្តម សីហនុ។
 
នៅពេល​ដែល​កងទ័ព​ខ្មែរក្រហម​ដណ្តើម​កាន់កាប់​ទីក្រុង​ភ្នំពេញ នៅថ្ងៃទី​១៧ មេសា ១៩៧៥ អៀង សារី កំពុង​ស្ថិតនៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ មួយសប្តាហ៍​ក្រោយមក ទើប​អៀង សារី ធ្វើដំណើរ​ពី​ហាណូយ​មកដល់​ភ្នំពេញ។ អៀង សារី ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស នៃ​រាជរដ្ឋាភិបាល​រួបរួមជាតិ​កម្ពុជា ជំនួស សារិន ឆាក។ ក្រោយពី​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​បង្កើតឡើង​ នៅ​ឆ្នាំ១៩៧៦ អៀង សារី បាន​ក្លាយជា​ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស។ អៀង សារី គឺជា​មនុស្ស​តែ​ម្នាក់គត់ ដែល ប៉ុល ពត មាន​ទំនុកចិត្ត​ឲ្យ​ធ្វើជា​តំណាង​បដិវត្តន៍​នៃ​កម្ពុជា​ប្រជាធិបតេយ្យ នៅលើ​ឆាក​អន្តរជាតិ។
 
យោងតាម​សក្ខីកម្ម​នៃ​បញ្ញវន្ត​ខ្មែរ​មួយចំនួន ដែលបាន​រួចជីវិត​ពី​របប​ខ្មែរក្រហម​ ដូចជា​លោក ពិន យ៉ាថៃ និង អ៊ុង ធុងហឿង ជាដើម អៀង សារី ក្នុង​ឋានៈ​ជា​រដ្ឋមន្រ្តី​ការបរទេស គឺជា​អ្នក​បញ្ចុះបញ្ចូល​បញ្ញវន្ត​ខ្មែរ ដែល​កំពុង​នៅ​ក្រៅ​ប្រទេស ជាពិសេស នៅ​ប្រទេស​បារាំង ឲ្យ​វិលត្រឡប់​ចូលមក​កម្ពុជា​វិញ ដើម្បី​ជួយ​កសាង​ប្រទេស។ បញ្ញវន្ត​ខ្មែរ វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​តាម​ការ​បញ្ចុះបញ្ចូល​នេះ ភាគច្រើន​សុទ្ធតែ​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់ចោល។
 
នៅក្នុងពេល​ដែល​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ត្រូវបាន​ពួក​ខ្មែរក្រហម​ជម្លៀស​ចេញពី​ទីក្រុង​ឲ្យ​ទៅ​ធ្វើ​ស្រែ​ចម្ការ ពង្រាត់​ប្រពន្ធ​ពីប្តី កូន​ពី​ឳពុកម្តាយ ឲ្យទៅនៅ​តាម​កងចល័ត ឬ​តាម​សហករណ៍​ផ្សេងៗគ្នា ក្រុមគ្រួសារ​របស់ អៀង សារី បែរជា​រស់នៅ​ជួបជុំគ្នា ក្នុង​ភូមិគ្រឹះ​ដ៏ស្កឹមស្កៃ​ក្នុង​ទីក្រុង​ភ្នំពេញ មានទឹក មានភ្លើង មាន​អ្នក​បើកឡាន មាន​អង្គរក្ស និង​អ្នកបម្រើ​ឆ្វេងស្តាំ​ទៅវិញ។
 
យោងតាម​លោកស្រី Elizabeth Becker កូនៗ​របស់ អៀង សារី ដែល​រៀន​មិនទាំង​បាន​សញ្ញាបត្រ​អ្វី​ធំដុំ​ផងនោះ សុទ្ធតែ​បាន​ធ្វើជា​កម្មាភិបាល​ខ្មែរក្រហម ដូចជា កូនស្រីច្បង​ធ្វើជា​គ្រូពេទ្យ កូនស្រី​ពីរទៀត​ធ្វើជា​ឱសថការី និង​កូនប្រុស​ធ្វើជា​អ្នក​បើក​យន្តហោះ។ នេះឬ​ ជា​សង្គម​ស្មើភាព គ្មាន​អ្នកមាន គ្មាន​អ្នកក្រ គ្មាន​អ្នក​ជិះជាន់​គេ និង​គ្មានអ្នក​ដែល​ត្រូវគេ​ជិះជាន់ ដែល​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​តែងតែ​ប្រកាសក្តែងៗ​នោះ?
 
ក្រោយពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​ដួលរលំ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ អៀង សារី ក៏ដូចជា​មេដឹកនាំ​ខ្មែរក្រហម​ផ្សេងៗទៀត​ដែរ បាន​ទៅ​បង្កើត​ចលនាតស៊ូ​ប្រដាប់អាវុធ នៅតាម​បណ្តាយ​ព្រំដែន​ខ្មែរ-ថៃ ដើម្បី​ប្រឆាំង​នឹង​វត្តមាន​កងទ័ព​វៀតណាម និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។
 
ក្នុងចំណោម​មេដឹកនាំ​ខ្មែរក្រហម​ទាំងអស់ អៀង សារី គឺជា​មនុស្ស​តែម្នាក់គត់​ដែល​ត្រូវបាន​តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា កាត់ទោស​ជាមួយ ប៉ុល ពត ពីបទ​ប្រល័យ​ពូជសាសន៍។
 
ចាប់ពី​ឆ្នាំ១៩៧៩​មក អៀង សារី លែងសូវ​ចេញមុខ​ចេញមាត់​តំណាង​ខ្មែរក្រហម​ដូចមុន​ទៀតហើយ ដោយ​ទុក​នាទី​ជា​អ្នកនាំពាក្យ​ឲ្យ ខៀវ សំផន ជា​អ្នក​ទទួលខុសត្រូវ​វិញ។
 
នៅឆ្នាំ១៩៩៦ អៀង សារី បាន​ផ្តាច់ខ្លួន​ចេញពី​ក្រុមឧទ្ទាម​ខ្មែរក្រហម ហើយ​ចុះចូល​ជាមួយ​រដ្ឋាភិបាល។​ ក្នុងពេល​ជាមួយគ្នា​នោះ អៀង សារី បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ចោទប្រកាន់ សាឡុត ស ហៅ ប៉ុល ពត ដែល​ត្រូវជា​បងថ្លៃ និង​ធ្លាប់ជា​មិត្តភ័ក្តិ​ចិត្តមួយ​ថ្លើមមួយ​របស់ខ្លួន​នោះ ថា​ជា​មនុស្ស​ផ្តាច់ការ។ អៀង សារី បាន​លើកឡើង​ទៀត​ថា ក្នុង​រយៈពេល​ដែល​ខ្មែរក្រហម​កាន់អំណាច ប៉ុល ពត គឺ​ជា​អ្នក​សម្រេច​រាល់​កិច្ចការ​អ្វីៗ​ទាំងអស់ រួមទាំង​ការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង ការ​កាប់សម្លាប់​បញ្ញវន្តខ្មែរ ដោយ​ចោទថា​ជា​ភ្នាក់ងារ​ចារកិច្ច​បរទេស និង​ការ​កម្ចាត់​ បោសសម្អាត​បក្ស​កុម្មុយនិស្ត​កម្ពុជា។
 
អៀង សារី បាន​បញ្ជាក់​ថា ដោយមកពី​មើលឃើញ​​ការ​ដឹកនាំ​បែបផ្តាច់ការ​របស់​ ប៉ុល ពត​ នេះ​ហើយ ទើប​គាត់​សម្រេចចិត្ត​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ក៏ប៉ុន្តែ បើ ប៉ុល ពត គឺជា​មនុស្ស​តែម្នាក់​ដែល​ដឹកនាំ​បែប​ផ្តាច់ការ សម្លាប់​មនុស្ស ក្នុង​ចន្លោះ​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ ហើយ អៀង សារី ជា​អ្នក​ប្រឆាំង​នឹង​ការ​សម្លាប់​មនុស្ស​ពិតមែន ហេតុអ្វី​បានជា​ក្រោយពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួលរលំ នៅឆ្នាំ​១៩៧៩ អៀង សារី នៅតែ​បន្ត​ធ្វើជា​មេដឹកនាំ​ខ្មែរក្រហម​តទៅទៀត? ហេតុអ្វី​បានជា​ត្រូវ​រង់ចាំ​រហូតដល់​ទៅជិត​២០ឆ្នាំ ទើប អៀង សារី ចេញមុខ​មក​ថ្កោលទោស​ ប៉ុល ពត បែបនេះ? ការទម្លាក់កំហុស​ដាក់គ្នា​ទៅវិញទៅមក ជាពិសេស​ ទៅលើ​ ប៉ុល ពត ដែល​បាន​ស្លាប់បាត់​ទៅហើយ​នោះ គឺជា​ទម្លាប់​ទៅហើយ របស់​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដែល​នៅ​រស់រាន​មានជីវិត ហើយ​ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​កាត់ទោស​ពី​សំណាក់​តុលាការ​ខ្មែរក្រហម។
 
ជាថ្នូរនឹង​ការ​ចុះចូល​ជាមួយ​រដ្ឋាភិបាល អៀង សារី ត្រូវបាន​ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ លើកលែងទោស​ឲ្យ​រួចផុត​ពី​ទោស​ប្រហារ​ជីវិត ដែល​តុលាការ​ប្រជាជន​បដិវត្តន៍ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​កាត់ទោស កាលពី​ខែ​សីហា ឆ្នាំ១៩៧៩។ ពីពេលនោះមក អៀង សារី បាន​រស់នៅ​សោយសុខ នៅ​ក្រុងប៉ៃ​លិន ដែល​កូនប្រុស​របស់​គាត់​ធ្វើជា​អភិបាលរង​ក្រុង។ បន្ទាប់មក អៀង សារី និង​ប្រពន្ធ អៀង ធីរិទ្ធ បាន​មក​រស់នៅ ក្នុង​វីឡា​ដ៏ស្កឹមស្កៃ​មួយ នៅក្នុង​ក្រុង​ភ្នំពេញ ដោយ​មាន​ទាំង​អង្គរក្ស​យាម​ឆ្វេងស្តាំ​ផង។
 
នៅថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ២០០៧ អៀង សារី និង អៀង ធីរិទ្ធ ជាភរិយា​ត្រូវ​បាន​អង្គជំនុំជម្រះ​វិសាមញ្ញ​នៃ​តុលាការ​កម្ពុជា ទទួលបន្ទុក​ជំនុំជម្រះ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ចេញដីកា​ចាប់ខ្លួន ពី​ភូមិគ្រឹះ​របស់​គាត់ នៅ​ទីក្រុង​ភ្នំពេញ។ អៀង សារី ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្រ្គាម ហើយ​ត្រូវបាន​តុលាការ​ចេញដីកា​ឃុំខ្លួន​បណ្តោះអាសន្ន​រហូតមកទល់​ពេលនេះ ដោយរង់​សវនាការ​ជំនុំជម្រះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ