អានតួអត្ថបទ
បារាំង

បេក្ខជន​​ប្រធានាធិបតី​ហ្វ្រង់ស័រ​ហូឡង់​បង្ហាញ​ផែនការ​សំខាន់ៗ​របស់​ខ្លួន​សម្រាប់​ប្រទេស​បារាំង​

ក្រោយពី​មាន​ជំនួប​មីទីង​ដ៏​សែន​ជោគជ័យ​របស់លោក​នៅ​ទីក្រុង​ Bourget​ កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​ ​ បេក្ខជន​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់បង្ហាញ​ឲ្យ​ឃើញ​នៅ​ថ្ងៃព្រហស្បតិ៍​ទី២៦​មករា​ឆ្នាំ២០១២​នេះ​ ​ នូវ​ផែនការ​សំខាន់ៗ​របស់ខ្លួន​ដើម្បី​ជួយ​លើក​តម្កើង​ប្រទេស​និង​ផ្តល់​យុត្តិធម៌​ជូន​ប្រជាជន​បារាំង​ដែល​សារព័ត៌មាន​ Le Parisien ​បាន​ទទួល​សិទ្ធិ​ផ្តាច់មុខ​ក្នុងការ​ផ្សព្វផ្សាយ​ឯកសារ​ដ៏​សំខាន់នេះ។​ ហើយនៅ​យប់​ថ្ងៃ​ព្រហស្បតិ៍នេះ​ ​ បេក្ខជន​ប្រធានាធិបតី​ហ្វ្រង់ស័រ​ហូឡង់នៃ​បក្ស​សង្គមនិយម​នឹង​ត្រូវ​ធ្វើការ​តស៊ូ​មតិ​មួយ​នៅ​ទូរទស្សន៍​ France 2​ជាមួយ​លោក​អតីត​នាយករដ្ឋមន្ត្រី​អាឡាំង​ហ្ស៊ូប៉េ។

បេក្ខជន​​ប្រធានាធិបតី​​ហ្វ្រង់ស័រ​ហូឡង់​ដ៍​​នៃ​​បក្ស​សង្គមនិយម​​បារាំង​​នៅថ្ងៃទី​២៦មករា​​ឆ្នាំ២០១២​
បេក្ខជន​​ប្រធានាធិបតី​​ហ្វ្រង់ស័រ​ហូឡង់​ដ៍​​នៃ​​បក្ស​សង្គមនិយម​​បារាំង​​នៅថ្ងៃទី​២៦មករា​​ឆ្នាំ២០១២​ AFP PHOTO PATRICK KOVARIK
ផ្សាយពាណិជ្ជកម្ម

 ដោយហេតុតែ​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​ ​ ផែនការ​របស់​បេក្ខជន​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់​ដែល​មកពី​បក្ស​សង្គមនិយម​ពុំមាន​កម្មវិធី​ឬ​វិធានការ​អ្វី​ដែល​ធ្វើឲ្យ​គេ​កើតមាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំងឡើយ។​ ជាពិសេស​ក្នុង​ខណៈពេល​ដែល​ចំនួន​អ្នកឥត​ការងារធ្វើ​ចេះតែ​កើនឡើង​ពុំ​ឈប់ឈរ​ ​ ហើយ​បរិមាណ​នៃ​ប្រាក់បំណុល​បាន​កើនឡើង​ដល់​កម្រិត​កំពូល។​ បេក្ខជន​ប្រធានាធិបតី​ហ្វ្រង់ស័រ​ហូឡង់​នៅតែ​បន្ត​ធ្វើសំណើ​ដែល​ខ្លួន​បាន​ស្នើ​នាឱកាស​ប្រកួត​ប្រជែង​វគ្គបឋម​រវាង​បេក្ខជន​ប្រធានាធិបតី​នៃ​បក្ស​សង្គមនិយម​កាលពី​សរទរដូវ​កន្លងទៅ ​ ​បាន​សេចក្តីថា​ ប្រយុទ្ធ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ឧុនភាព​សូន្យ​នៅឆ្នាំ២០១៧។

 
ដើម្បី​សម្រេច​ឲ្យបាន​នូវ​មហិច្ឆតានេះ​ ​ បេក្ខជន​ប្រធានាធិបតី​ហ្វ្រង់ស័រ​ហូឡង់​បាន​បញ្ចេញ​បង្ហាញ៦០សំណើ​របស់​ខ្លួន​។​ ផែនការ​ទាំងនេះ​នឹង​ត្រូវ​ចំណាយ​អស់ប្រាក់​ប្រមាណ​ ២០ពាន់លាន​អឺរ៉ូ​។​ ផែនការ​សំខាន់ៗ​ទាំងនោះ​មាន​ជាអាទិ៍​៖​ ​ បង្កើត​ការងារ​ប្រមាណ​៦ម៉ឺន​កន្លែង​ក្នុងរយៈកាល​៥ឆ្នាំ​នៅ​ក្នុង​ក្រសួង​អប់រំជាតិ។​ បង្កើត​ “ការងារ​អនាគត”​ប្រមាណ​១៥ម៉ឺនកន្លែង​សម្រាប់​យុវជន​។​ លុបចោល​ “ជម្រក​រួចពន្ធដារ”​ ជាច្រើន​ដែល​នឹង​អាចធ្វើឲ្យ​រដ្ឋ​រកបាន​ប្រាក់​ចំណូល​បន្ថែម​ប្រមាណ​២៩ពាន់លាន​អឺរ៉ូ។​ ការដាក់​ពន្ធ​យ៉ាងធ្ងន់​ទៅលើ​ធនាគារ​។​ ធ្វើការ​ការគាំទ្រ​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ដែល​ជា​ប្រភព​នៃ​ការ​បង្កើត​ការងារ​ជូន​ប្រជាជន​បារាំង។

ក្រៅពីនេះ​ ​ បេក្ខជន​ប្រធានាធិបតី​ហ្វ្រង់ស័រ​ហូឡង់​បាន​សន្យា​ថា​ នឹង​ផ្តល់​សិទ្ធិ​ជូន​ជន បរទេស​ដែល​រស់នៅលើ​ទឹកដី​បារាំង​ក្នុង​ការ​ចូលរួម​ធ្វើការ​បោះឆ្នោត​តំបន់។​ បង្កើត​ការងារ​ប្រមាណ​៥ ០០០កន្លែង​បន្ថែម​ទៀត​នៅក្នុង​ជួរ​នគរបាល​និង​ក្នុង​ក្រសួង​យុត្តិធម៌​ ​ ដើម្បី​ជួយ​ពង្រឹង​សន្តិសុខ​។​ ដំឡើង​បរិមាណ​នៃ​ប្រាក់ជំនួយ​បវេសនកាល​២៥%​នៅខែ​កញ្ញា​ខាងមុខ នេះ។​ ធ្វើការ​កែទម្រង់​ក្នុង​វិស័យ​ពន្ធដារ។​ សំណើ​ទាំងប៉ុន្មាន​ខាងលើនេះ​ ​ ធ្លាប់បាន​បង្កបង្កើត​ឲ្យ​មាន​ការ​តស៊ូ​មតិ​នយោបាយ​យ៉ាងសែន​ពុះ​កញ្ជ្រោល​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ។

នៅ​ក្នុង​វិស័យ​លំនៅឋាន​វិញ​ ​ លោក​ ហ្វ្រង់ស័រ​ហូឡង់​គ្រោង​បង្កើត​ឲ្យមាន​លំនៅដ្ឋាន​ប្រមាណ​២លាន៥សែន​ជូន​ប្រជាជន​ក្រីក្រ​និង​ជូន​និស្សិត​នៅក្នុង​អាណត្តិ​ប្រធានាធិបតី​៥ឆ្នាំ​របស់​លោក។

នៅក្នុង​វិស័យ​ពន្ធដារ​ ​ ​ បេក្ខជន​ប្រធានាធិបតី​ហ្វ្រង់ស័រ​ហូឡង់​បាន​សន្យា​ថា​ ​ នឹង​ដាក់ពន្ធ​ទៅលើ​ប្រាក់ចំណូល​បាន​មកពី​សកម្មភាព​ហិរញ្ញវត្ថុ​នៃ​ប្រាល់មូលធន​ ​ ដូចគ្នា​នឹង​ប្រាក់ចំណូល​ដែលបាន​មកពី​ការប្រកប​ការងារ​ដោយ​កម្លាំង​ញើសឈាម​អ៊ីចឹងដែរ។​ ហើយ​អ្នកដែល​មាន​ប្រាក់ចំណូល​លើសពី​១៥០ ០០០​អឺរ៉ូ​ក្នុង១ឆ្នាំ​ ​ នឹងត្រូវ​បង់ពន្ធ​ជូនរដ្ឋ​៤៥%។

ពាក់ព័ន្ធ​នឹង​វិស័យ​សមភាព​ ​ បេក្ខជន​ប្រធានាធិបតី​ហ្វ្រង់ស័រ​ហូឡង់​នៃ​បក្ស​សង្គមនិយម​បារាំង​ដែលតែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រកាន់​រើសអើង​បាន​សន្យាថា​ ​ នឹង​ផ្តល់​សិទ្ធិ​រៀប​អាពាហ៍​ពិពាហ៍​ពេញច្បាប់​ជូន​ជនដែល​ស្រឡាញ់​ភេទដូចគ្នា​ ​ ហើយនិង​មានសិទ្ធិ​សុំ​កូន​យកមក​ចិញ្ចឹម​ដូច​គេឯង​រាល់គ្នា​ផងដែរ។​ ហើយ​សហគ្រាស​ឬ​សេវា​សាធារណៈ​ណា​ដែល​ពុំគោរព​កូតា​ quotas ​យក​ជនពិការ​ឲ្យបាន​៦%​ចួល​ធ្វើការ​ ​ នឹងត្រូវ​ទទួល​ពិន័យ​តាម​ច្បាប់​ធរមាន​។​ ជាទីបញ្ចប់​ ​ លោក​ហ្វ្រង់ស័រ​ហូឡង់​បាន​ប្រកាស​បញ្ជាក់​ទៀត​ថា​​ “​លោកនឹង​ប្រយុទ្ធ​ការពារ​សិទ្ធិ​សមភាព​រវាង​បុរស​និង​ស្ត្រី​ក្នុងការ​ប្រកប​ការងារ​ ឲ្យមាន​ប្រាក់​បៀវត្សរ៍​ស្មើគ្នា​ពុំ​ត្រូវ​ធ្វើការ​រើសអើង​ឡើយ។​ សហគ្រាសណា​ដែល​ពុំ​គោរព​ច្បាប់​ ​ នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​តាមច្បាប់”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ