អានតួអត្ថបទ
កម្ពុជា

ប្រមុខ​ការទូត​អាមេរិក​ ជម្រុញ​ការ​កាត់​ទោស​មេ​ខ្មែរក្រហម​និង​ពិចារណា​លុប​បំណុល​

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ថ្ងៃ​ទី​១​វិច្ឆិកា​នេះ លោកស្រី Hillary Clinton រដ្ឋមន្ត្រី​ការបរទេស​​អាមេរិក បាន​សន្យា​បន្ត​ផ្តល់​ជំនួយ​ដល់​តុលាការ​ខ្មែរក្រហម ដើម្បី​បង្កើន​ល្បឿន​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម។ ចំណែក​បញ្ហា​បំណុល ដែល​កម្ពុជា​ជំពាក់​អាមេរិក ក្នុង​សម័យ​លន់ នល់ ត្រូវ​បាន​លោកស្រី Clinton ប្រកាស​ថា នឹង​បញ្ជូន​អ្នក​ជំនាញការ ដើម្បី​ពិភាក្សា​លើ​ការ​លុប​បំណុល​ជាង ៣០០ លាន​ដុល្លារ​នោះ។ លោកស្រី គ្លីនតុន ក៏​ចង់​ឃើញ​វត្តមាន​របស់​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិមនុស្ស​បន្ត​នៅ​កម្ពុជា​ត​ទៅ​ទៀត។

លោកស្រីប្រមុខការទូតអាមេរិក Hillary Clinton និងលោក​នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន
លោកស្រីប្រមុខការទូតអាមេរិក Hillary Clinton និងលោក​នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

02:52

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរ

លី ម៉េងហួរ

សេចក្តី​ប្រកាស​របស់​ប្រមុខ​ការទូត​អាមេរិក​យ៉ាង​ដូច្នេះ ត្រូវ​បាន​ធ្វើ​ឡើង នៅ​ចំពោះមុខ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ក្នុង​ពេល​លោកស្រី Clinton បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៣០ ដល់​ថ្ងៃ​ទី​១​វិច្ឆិកា ឆ្នាំ​២០១០។

ក្នុង​សន្និសីទ​កាសែត បន្ទាប់​ពី​ជំនួប​ដោយ​បិទទ្វារ​ជាមួយ​នឹង​លោក​ប្រមុខ​ការទូត​កម្ពុជា នៅ​មុន​នេះ​បន្តិច លោកស្រី ហ៊ីលឡារី គ្លីនតុន ( Hillary Clinton ) រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​បញ្ជាក់​ថា រដ្ឋបាល​របស់​លោក អូ​​បា​ម៉ា មាន​ការ​តាំងចិត្ត​យ៉ាង​មុតមាំ ជួយ​ដល់​កម្ពុជា លើ​ដំណើរ​ការ​កាត់ទោស មេ​ដឹកនាំ​ខ្មែរក្រហម ដើម្បី​នាំ​យុត្តិធម៌​ជូន​ប្រជាជន​រងគ្រោះ​កម្ពុជា។ សហរដ្ឋអាមេរិក ក៏​នឹង​បន្ត​ផ្តល់​ជំនួយ​បន្ថែម​ទៀត សម្រាប់​ដំណើរការ​កាត់ទោស​ខ្មែរក្រហម ក្នុង​សំណុំរឿង ០០២ ដែល​មាន​៖ នួន​ជា ខៀវ​សំផន អៀង​សារី និង​អៀង​ធីរិទ្ធ។

លោកស្រី គ្លីន​តុន បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​ចង់​ឃើញ​ដំណើរការ​កាត់ទោស​មេ​ខ្មែរក្រហម​លើ​សំណុំរឿង ០០២ ឲ្យ​បាន​ឆាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

អំពី​ប្រាក់​បំណុល​ប្រមាណ​ជាង ៣០០ លាន​ដុល្លារ ដែល​កម្ពុជា​ជំពាក់​អាមេរិក តាំងពី​របប លន់ នល់ ត្រូវ​បាន​លោក​ស្រី គ្លីនតុន លើក​ឡើង​ថា លោកស្រី​បាន​ពិភាក្សា​បញ្ហា​នេះ​ជាមួយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន និង​លោក​ប្រមុខ​ការទូត ហោ ណាំហុង ដោយ​បាន​ឯកភាព​គ្នា​ថា អាមេរិក​នឹង​បញ្ជូន​អ្នក​ជំនាញ​មួយ​ក្រុម មក​កម្ពុជា ក្នុង​ពេល​ខាង​មុខ ដើម្បី​ពិភាក្សា រក​វិធី​លុបចោល​ប្រាក់​បំណុល​ទាំងនោះ។ នោះ​គឺ​ការ​ប្តូរ​ផ្ទេរ​បំណុល ទៅ​ជា​ការអភិវឌ្ឍន៍​ខាង​វិស័យ​អប់រំ ឬ​ក៏​ជួយ​ដល់​ប្រជាជន តាម​គម្រោង​អភិវឌ្ឍន៍។

ក្រៅពី​នេះ លោកស្រី គ្លីនតុន ក៏​បាន​អត្ថាធិប្បាយ​លើ​សំណួរ​ទាក់ទង​នឹង​ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការបិទ​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិមនុស្ស នៅ​កម្ពុជា ដោយ​លោកស្រី ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា បន្ត​សហប្រតិបត្តិការ​ជាមួយនឹង​អង្គការសហប្រជាជាតិ និង​រក្សា​ទុក​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ព្រមទាំង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ជាដើម។

ចំពោះ​សំណុំរឿង​ដ៏​រស៊ើប​នៃ​ការ​ប្រកាសបិទ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ ផ្នែក​សិទ្ធិមនុស្ស ត្រូវ​បាន​លោក ហោ ណាំហុង គូស​បញ្ជាក់​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​មាន​ការ​សម្រេច​បិទ​ការិយាល័យ​នោះ​នៅ​ឡើយ​ទេ ដោយសារ​អនុស្សរណៈ​យោគយល់​គ្នា MOU ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា មាន​សុពលភាព​រហូត​ដល់​ខែ​មករា ឆ្នាំ​២០១២។
តាម​លោក ហោ ណាំហុង កម្ពុជា​បាន​លើក​ឡើង​ពី​បញ្ហា​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក បាន គីមូន តែ​គ្មាន​ការ​សម្រេច​ណា​មួយ ដើម្បី​បិទ​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​​នោះ នៅ​ឡើយទេ។

លោក​ប្រមុខ​ការទូត​កម្ពុជា ហោ ណាំហុង បាន​បញ្ជាក់​ថា កម្ពុជា​ទទួល​ស្គាល់​បំណុល ដែល​ជំពាក់​អាមេរិក តែ​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ​បំណុល ដោយ​កិច្ចព្រមព្រៀង តាម​លក្ខខណ្ឌ​សង​បំណុល​ខ្លះ ឬ​ក៏​ត្រូវ​ដោះស្រាយ​បំណុល ដោយ​ប្តូរ​ផ្ទេរ​បំណុល​ទាំង​នោះ ទៅ​ជា​ការអភិវឌ្ឍន៍​សម្រាប់​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ