អានតួអត្ថបទ
កម្ពុជា​-អាមេរិក

លោកស្រី ហ៊ីលឡារី គ្លីនតុន បង្ហាញ​មុខ​តាម​ប្រាសាទ​បុរាណ​ខ្មែរ

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក​ស្រី ​ហ៊ីលឡារី ​គ្លីនតុន ​បាន​មក​ដល់​ខេត្ត​សៀមរាប​ហើយ​នៅ​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​សៅរ៍​ទី៣០​តុលា ​ម្សិលមិញ។ ​ដំណើរ​មក​ដល់​របស់​​លោកស្រី​គ្លីនតុន​ស្ថិត​ក្នុង​ការ​ការពារ​សុវត្ថិភាព​ ដ៏​ខ្ពស់​បំផុត។ ប្រមុខ​ការទូត​អាមេរិក​បាន​ផ្តើម​ទស្សនកិច្ច​ជា​លក្ខណៈ​ឯកជន​របស់​ខ្លួន​នៅ ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ដោយ​ការ​ទស្សនា​ប្រាង្គ​ប្រាសាទ​​បុរាណ​ខ្មែរ​ ជាច្រើន​ក្នុង​ខេត្ត​សៀមរាប​។ ​លោកស្រី​នឹង​អញ្ជើញ​មក​ដល់​ភ្នំពេញ​នៅ​​ថ្ងៃ​ចន្ទ​ទី​១​វិច្ឆិកា​ដើម្បី​ ផ្តើម​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា។ ​

លោកស្រី​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក ហ៊ីលឡារី គ្លីនតុន ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ
លោកស្រី​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក ហ៊ីលឡារី គ្លីនតុន ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

02:18

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ

ទីបំផុត​ទៅ​ លោក​​ស្រី ​​ហ៊ីលឡារី​ ​គ្លីនតុន​បាន​មក​ដល់​ខេត្ត​សៀមរាប​ហើយ​នៅ​វេលា​ម៉ោង​១២​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​សៅរ៍​ម្សិល​មិញ​ក្រោម​ការ​ការពារ​សុវត្ថិភាព​​ដ៏​តឹងរ៉ឹង​បំផុត។ ​ក្រុម​អ្នកកាសែត​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​​ឲ្យ​ចូល​យក​ព័ត៌មាន​និង​​ថត​រូបភាព​នៃ​ដំណើរ​មក​ដល់​របស់​លោកស្រី​ទេ​នៅ​យប់​មិញ។

        ប៉ុន្តែ ​ប្រមុខ​ការទូត​អាមេរិក​បាន​បង្ហាញ​មុខ​នៅ​ថ្ងៃ​អាទិត្យ​នេះ​តាម​រយៈ​ដំណើរ​​ទស្សនកិច្ច​ជា​លក្ខណៈ​ឯកជន​នៅ​តាម​ប្រាង្គ​ប្រាសាទ​នានា​ក្នុង​ខេត្ត​សៀមរាប។​ លោក​ស្រី​ហ៊ីលឡារី ​គ្លីនតុន ​បាន​ផ្តើម​ទស្សនា​ប្រាសាទ​បាយ័ន​មុនគេ​នៅ​ពេល​ព្រឹក​​មុន​នឹង​បន្ត​ទស្សនា​ប្រាសាទ​ផ្សេងៗ​ទៀត​និង​ជា​ពិសេស​ប្រាសាទ​អង្គរវត្ត​នៅ​ពេល​រសៀល។ កង​កម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ដើម្បី​ការពារ​​សន្តិសុខ​ជូន​លោកស្រី។

        ដំណើរ​មក​ដល់​របស់​លោកស្រី ​ហ៊ីលឡារី​ គ្លីនតុន ​ក៏​បាន​ផ្អើល​ដល់​ប្រជាពលរដ្ឋ​​ដែល​មាន​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​សៀមរាប​ផង​ដែរ។ ​ក្រុម​អ្នកភូមិ​រាប់រយ​នាក់​បាន​ប៉ុនប៉ង​​ស្ទាក់​ជួប​លោកស្រី​រដ្ឋមន្ត្រី​នៅ​មុខ​ប្រាសាទ​អង្គរធំ​ដើម្បី​រាយការណ៍​អំពី​បញ្ហា​របស់​​ពួកគេ​ឲ្យ​លោក​ស្រី​ជួយ​ដោះស្រាយ ​ ប៉ុន្តែពួក​អ្នកភូមិ​ទាំង​នោះ​ត្រូវ​បាន​រារាំង​និង​​បំបែក​ដោយ​អាជ្ញាធរ​ប៉ូលិស។

        លោកស្រី ​ហ៊ីលឡារី ​គ្លីនតុន ​នឹង​អញ្ជើញ​មក​ដល់​ភ្នំពេញ​នៅ​វេលា​ព្រឹក​ថ្ងៃ​ចន្ទ​​ស្អែក​នេះ​ ដើម្បី​ផ្តើម​ទស្សនកិច្ច​ជាផ្លូវការ​របស់​ខ្លួន។ ​ប្រមុខ​ការទូត​អាមេរិក​នឹង​ជួប​​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​និង​លោក​រដ្ឋមន្ត្រី​ការបរទេស​​ ហោ ​ណាំហុង ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ទ្វេភាគី​និង​បញ្ហា​ក្នុង​តំបន់​មួយ​ចំនួន។ ​លោកស្រី​​ក៏​នឹង​ចូល​គាល់​ព្រះ​មហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី ​ផងដែរ។

        យោង​តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក ​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ក៏​​នឹង​អញ្ជើញ​ទៅ​ទស្សនា​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​និស្សិត​នៅ​ឯ​សាល​សន្និសីទ​ចតុមុខ ​និង​ជួប​ពិភាក្សា​ជាមួយ​​គណបក្ស​ប្រឆាំង​និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ផងដែរ។ ​បក្ស​ប្រឆាំង​និង​​សង្គម​ស៊ីវិល​គ្រោង​នឹង​លើក​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស ​ប្រជាធិបតេយ្យ​​និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

        ប្រធានបទ​ទាក់ទង​នឹង​លោក ​សម ​រង្ស៊ី ​និង​ការ​បិទ​ការិយាល័យ​សិទ្ធិមនុស្ស​​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​របៀប​វារៈ​ដ៏​សំខាន់​​ដែល​បក្ស​ប្រឆាំង​ និង​ក្រុម​​សង្គម​ស៊ីវិល​លើក​ឡើង។ ​ប៉ុន្តែ ​គេ​មិន​ដឹង​ថា​តើ​នឹង​មាន​អ្វី​​ប្រែប្រួល​ឬក៏​អត់​នោះ​ទេ​ នៅ​ក្រោយ​​​ទស្សនកិច្ច​​​របស់​​លោកស្រី​ ហ៊ីលឡារី គ្លីនតុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ