អានតួអត្ថបទ
សមុទ្រចិនខាងត្បូង

ហាណូយ​​បដិសេធ​​ការតវ៉ា​​របស់​​ប៉េកាំង​​

ទីក្រុង​ហាណូយ​ ​ បាន​បោះឆ្នោត​គាំទ្រ​ច្បាប់​ដែល​ទាមទារ​អធិបតេយ្យ​លើ​ដែនសមុទ្រ​ឋិត​នៅ​ទីប្រជុំកោះ​ Paracels ​និង​Spratleys ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​ ហើយបាន​បដិសេធ​ច្រានចោល​ការតវ៉ា​ប្រឆាំង​របស់​ទីក្រុង​ប៉េកាំង។​ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​វៀតណាម។ 

លោកនាយករដ្ឋមន្ត្រី​វៀតណាម​ Nguyễn Tấn Dũng
លោកនាយករដ្ឋមន្ត្រី​វៀតណាម​ Nguyễn Tấn Dũng REUTERS
ផ្សាយពាណិជ្ជកម្ម

 

សភា​វៀតណាម​បាន​អនុម័ត​នៅ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​នូវ​ច្បាប់​មួយ​ស្តីពី​សមុទ្រ​ ​ ដោយបាន​ដាក់​ ទីប្រជុំកោះ​ Paracels ​និង​Spratleys ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​ ឲ្យឋិត​នៅក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​វៀតណាម។​ មិន​បង្អង់​ឲ្យខាត​ពេលវេលា​ឡើយ​ ​ ទីក្រុង​ប៉េកាំង​បាន​កោះហៅ​ភ្លាម​
ឯកអគ្គរដ្ឋទូត​វៀតណាម​ដើម្បី​សម្ដែង​បង្ហាញ​ការប្រឆាំង​របស់​ប្រទេសចិន។

ប្រទេសចិន​ ​ ប្រទេស​វៀតណាម​ ​ នឹង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​ឈ្លោះ​ដណ្តើម​ចង់បាន​ទីប្រជុំកោះ​ Paracels ​និង​Spratleys ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​ ដែលល្បីថា​សម្បូណ៌​ទៅដោយ​សម្បត្តិ​ធម្មជាតិ​មានដូចជា​ប្រេងកាត​ឬ​វត្ថុធាតុរ៉ែ​ ​ ហើយ​ទីប្រជុំកោះ​ទាំងនេះ​ក៏​ឋិត​នៅលើ​ផ្លូវ​នាវាចរ​សមុទ្រ​ដ៏​សំខាន់​ផងទៀត។

តាមរយៈ​សេចក្តី​ថ្លែងការណ៍​ផ្សាយ​ឲ្យដឹង​នៅ​ល្ងាច​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ ​ អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​វៀតណាម​បាន​ថ្លែងថា​ “ប្រទេស​វៀតណាម​បដិសេធ​ច្រានចោល​យ៉ាង​ដាច់ខាត​ការចោទ​ប្រកាន់​ពុំ​សមហេតុផល​របស់​ប្រទេសចិន”។

ទីក្រុង​ហាណូយ​បាន​រំលឹក​ប្រាប់ទៀតថា​ ​ “ច្បាប់​សមុទ្រ​វៀតណាម​នេះ​ផ្អែកលើ​មូលដ្ឋាន​គតិយុត្ត​មួយ​ដ៏​ត្រឹមត្រូវ​ ​ ហើយមានទាំង​ភស្តុតាង​ប្រវត្តិសាស្ត្រ​បញ្ជាក់​បង្ហាញ​ពី​អធិបតេយ្យ​របស់​ប្រទេស​វៀតណាម​លើ​ទីប្រជុំកោះ​ទាំងនេះ​ផងទៀត។

មិនតែ​ប៉ុណ្ណោះ​ ​ ទីក្រុង​ហាណូយ​បាន​ទាំង​ធ្វើការ​ប្រឆាំង​ទល់នឹង​សេចក្តី​សម្រេចចិត្ត​របស់​ទីក្រុង​ប៉េកាំង​ដែលបាន​លើក​តម្កើង​លក្ខន្តិកៈ​រដ្ឋបាល​របស់​ទីប្រជុំកោះ​ទាំងនោះ​ពី​ លក្ខន្តិកៈ​ជា​ស្រុក​សាមញ្ញ​មកជា​ “ទីក្រុង​សានស្ហា”។

ហើយបើ​យោងតាម​សារព័ត៌មាន​វៀតណាម​ Thanh Nien ​ដែលបាន​ផ្សាយ​ឲ្យដឹង​នៅ​ថ្ងៃសុក្រ​នេះថា​ ​ ច្បាប់​សមុទ្រ​វៀតណាម​នេះ​ បាន​ទទួល​ការអនុម័ត​គាំទ្រ​៤៩៥សំឡេង​លើ​៤៩៦សំឡេង​នៅក្នុង​សភា​វៀតណាម។​ ច្បាប់នេះ​នឹង​ចូល​ជាធរមាន​នៅ​ខែមករា​ឆ្នាំ២០១៣។

សូមបញ្ជាក់ថា​ ​ ទីប្រជុំកោះ​ Spratleys ​ឋិត​នៅក្រោម​ការ​ទាមទារ​ចង់បាន​ដោយ​ប្រទេស​ហ្វីលីពីន​ ​ ព្រុយណេ​ ​ ម៉ាឡេស៊ី​ ​ និង​តៃវ៉ាន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ