អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទម្លាប់​នៃ​ការ​ប្រើប្រាស់​ឥទ្ធិពល​អ្នកធំ​ដើម្បី​រក​ប្រយោជន៍ !

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា ឥទ្ធិពល​របស់​អ្នកធំ​តែង​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់​ដើម្បី​រក​ប្រយោជន៍​ផ្ទាល់ខ្លួន។ ដោយសារ​អាជ្ញាធរ​មូល​ដ្ឋា​ន​ខ្លាច​អំណាច​អ្នកធំ ពួកគេ​មិន​ហ៊ាន​ចាត់​វិធានការ​ប្រឆាំង​នឹង​អំពើ​ល្មើស​ក្រោម​ស្លាក​ឈ្មោះ​អ្នកមាន​អំណាច​នោះ​ឡើយ។ ទង្វើ​ដែល​កើត​មាន​ជាញឹកញាប់​នេះ​ប៉ះពាល់​ដល់​ប្រយោជន៍​ពលរដ្ឋ​ក្រីក្រ​ជា​ច្រើន។ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្តី​បន្ទោស​ជា​សាធារណៈ​ចំពោះ​មន្ត្រី​ដែល​បាន​យក​ឈ្មោះ​លោក និង​ភរិយា​ទៅ​ប្រើប្រាស់​ដើម្បី​ទទួល​កម្មសិទ្ធិ​ដីធ្លី។ តើ​ហេតុអ្វី​បាន​ជា​ឥទ្ធិពល​អ្នកមាន​អំណាច​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​យ៉ាង​ដូច្នេះ ?

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា មាន​មន្ត្រី​មួយ​ចំនួន​បាន​យក​ឈ្មោះ​របស់​លោក និង​ភរិយា​ទៅ​ប្រើ​ដើម្បី​ទទួលបាន​កម្មសិទ្ធិ​ដីធ្លី​ខុស​ច្បាប់​មួយ​ចំនួន។ ប្រមុខ​រដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​ថា ដី​ទាំង​ឡាយ​ណា​ដែល​មាន​ឈ្មោះ​របស់​លោក ឬ​ភរិយា​របស់​លោក​ត្រូវ​តែ​កាត់​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់។ នេះ​គឺ​ជា​ការ​ចេញ​បទបញ្ជា​ជា​ថ្មី​ម្តងទៀត​របស់​ប្រមុខ​រដ្ឋាភិបាល​ប្រឆាំង​នឹង​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​ចូល​ចិត្ត​យក​ឈ្មោះ​អ្នក​មាន​អំណាច​ទៅ​ប្រើ​ប្រាស់​ដើម្បី​ស្វែង​រក​ប្រយោជន៍​ផ្ទាល់ខ្លួន។

នៅ​កម្ពុជា អំណាច និង​ឥទ្ធិពល​របស់​អ្នកធំ​បាន​ផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​ជន​ឆ្លៀតឱកាស​មួយ​ចំនួន។ ជន​ទាំងនោះ​ជា​ទូទៅ​ជា​អ្នកធ្វើការ​នៅ​ក្បែរ​អ្នកធំ ឬ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកមានអំណាច​ដោយផ្ទាល់ ឬ​គ្រួសារ​អ្នក​មាន​អំណាច។ បញ្ហា​នេះ​មិនមែន​ជា​រឿង​ថ្មី និង​ក៏​មិនមែន​ជា​រឿង​អាថ៌កំបាំង​ដែរ​ពោល​គឺ​មាន​បញ្ហា​ជាច្រើន​ណាស់​ដែល​បាន និង​កំពុង​កើត​ឡើង ជា​ពិសេស​រឿង​ដែល​មាន​ប្រយោជន៍​ក្រាស់ក្រែល សុទ្ធ​តែ​មាន​ការ​លូកដៃ​ដោយ​ផ្ទាល់​ពី​អ្នកមាន​អំណាច ឬ​ពី​អ្នក​ដែល​និយម​ប្រើប្រាស់​ឥទ្ធិពល​អ្នកមាន​អំណាច។

ជាទូទៅ បញ្ហា​ទាំងឡាយ​នោះ​ពិបាក​នឹង​ដោះស្រាយ​ដោយសារ​តែ​អាជ្ញាធរ ឬ​មន្ត្រី​អនុវត្ត​ច្បាប់​ខ្លាច​ឥទ្ធិពល​អ្នកធំ។ ដូច្នេះ ជំនួស​ឲ្យ​វិធានការ​ប្រឆាំង​ជនល្មើស មន្ត្រី​អាជ្ញាធរ ​ឬ​មន្ត្រី​អ្នកអនុវត្ត​ច្បាប់​មួយចំនួន​បែ​រជា «លុះ​ក្នុង​ភយាគតិ» ពោល​គឺ​ការ​លម្អៀង​ និង​ឃុបឃិត​ដោយ​ការខ្លាច​អំណាច​បុណ្យស័ក្តិ ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ទៅវិ​ញ។ ទម្លាប់​នេះ​បាន​បង្កើត​ជា​ប្រព័ន្ធ​​ឃុបឃិត​គ្នា​ដ៏​ស្មុគស្មាញ​ប្រៀប​ដូច​ជា​សំឡ​កំពឹស និង​ជា​ប្រភព​នៃ​អយុត្តិធម៌​សង្គម។ ប៉ុន្តែ ស្ថានការណ៍​ហាក់​បាន​ស្ងប់ស្ងាត់​មួយ​កម្រិត បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​បទបញ្ជា​ជា​ញឹកញាប់​ឲ្យ​ចាត់​វិធានការ​ដោយ​មិន​លើកលែង​ចំពោះ​អ្នកមាន​អំណាច​ ឬ​អ្នកប្រើប្រាស់​ឥទ្ធិពល​អ្នកធំ​ដើម្បី​រក​ប្រយោជន៍​ផ្ទាល់ខ្លួន។

ជា​លទ្ធផល​ជាក់ស្តែង​មាន មន្ត្រី​តុលាការ មន្ត្រីប៉ូលិស ឬ​មន្ត្រី​ស៊ីវិល​ធំៗ​មួយចំនួន​ត្រូវ​បាន​ចាប់​បញ្ជូនទៅ​តុលាការ​ជា​បន្តបន្ទាប់។ យ៉ាង​ណា​ក៏​ដោយ ទម្លាប់​ប្រើ​អំណាច​ ឬ​ប្រើប្រាស់​ឥទ្ធិពល​អ្នកមានអំណាច នៅ​មិនទាន់​ត្រូវ​បាន​គាស់​រំលើង​ទាំងស្រុង​នៅ​ឡើយ​ទេ។ អ្នកធំ​ខ្លះ ឬ​ជន​ឆ្លៀតឱកាស​មួយចំនួន​នៅ​តែ​បន្ត​ប្រើប្រាស់​ឥទ្ធិពល​អំណាច​ដើម្បី​រក​ផលប្រយោជន៍​តែ​ដដែល គ្រាន់​តែ​មាន​រូបភាព​ស្ងប់ស្ងាត់​ជាង​មុន​តែប៉ុណ្ណោះ។ តើ​ហេតុអ្វី​បានជា​ឥទ្ធិពល​អ្នកធំ​ត្រូវ​បាន​គេ​ប្រើប្រាស់​រក​ប្រយោជន៍​ផ្ទាល់ខ្លួន​បាន​យ៉ាង​ដូច្នេះ ?

សម្រាប់​ក្រសែភ្នែក​ក្រុម​អ្នកវិភាគ​សង្គម​កម្ពុជា បញ្ហា​នេះ​បាន​កើតឡើង​ដោយសារ​តែ​សង្គម​ខ្មែរ​ច្រើន​តែ​ផ្តល់​តម្លៃ​ខ្លាំង​ពេក​ដល់​អំណាច​បុណ្យស័ក្តិ​របស់​អ្នកធំ ទោះ​ជា​អំណាច​នោះ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ក្នុង​ផ្លូវខុស​ក៏ដោយ។ ផ្នត់​គំនិត​បែប​នេះ​ហើយ​ដែល​ជា​អំណោយផល​ដល់​ជន​ឆ្លៀតឱកាស​ទាំងនោះ​ឆ្លៀត​ប្រើប្រាស់​ឥទ្ធិពល​អ្នកធំ​ដើម្បី​រក​ប្រយោជន៍​បាន​យ៉ាង​ស្រួល។ អ្នក​រងគ្រោះ​ក្នុង​រឿង​ទាំង​នោះ​ គឺ​ជា​អ្នកក្រីក្រ គ្មាន​ខ្នងបង្អែក ហើយ​បញ្ហា​នេះ​ក៏​បាន​បង្ក​ផលប៉ះពាល់​ធំធេង​ដែរ​ដល់​ប្រជាប្រិយភាព​គណបក្ស​កាន់អំណាច។

ដើម្បី​គាស់​រំលើង​វប្បធម៌​អាក្រក់​នេះ វិធានការ​ពីរ​ត្រូវគេ​មើល​ឃើញ​ថា​ចាំ​បាច់​ដែល​ត្រូវ​អនុវត្ត​ទន្ទឹម​គ្នា។ ទី១៖ គឺ​វិធានការ​ផ្លូវច្បាប់​ដូច​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន និង​កំពុង​ចាត់​ប្រឆាំង​មន្ត្រី​ខិលខូច​ទាំង​នោះ ជា​ការងារ​ដែល​ត្រូវ​បន្ត​ធ្វើ។ ទី២៖គឺ​ការ​លាង​ជម្រះ​ផ្នត់គំនិត​ចាស់​គំរឹល​ដែល​អ្នកតូច​ត្រូវ​ខ្លាច​អំណាច​អ្នកធំ ហើយ​មនុស្ស​ខ្មែរ​ត្រូវ​បែរ​មក​ចាប់​យក​ទស្សនៈ​ថ្មី​វិញ​គឺ អ្នកធំ​ជា​អ្នកធ្វើ​ការបម្រើ​ប្រជាពលរដ្ឋ។ ដូច្នេះ បើ​ពួក​គេ​ប្រព្រឹត្ត​ខុស មហាជន​ត្រូវ​តែ​នាំ​គ្នា​បកអាក្រាត និង​បង្ខំ​ឲ្យ​ពួកគេ​ទទួលទោស​ចំពោះមុខ​ច្បាប់។ ពិត​ហើយ​ថា ការ​គោរព​ឋានុក្រម​របស់​មនុស្ស​ក្នុងសង្គម ស្គាល់​ខ្ពស់​ស្គាល់​ទាប គឺ​ជា​សីលធម៌​ និង​​សុជីវធម៌​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​សង្គម​ខ្មែរ។ ប៉ុន្តែ ការ​ផ្តល់​តម្លៃ​ខ្លាំង​ពេក​ទៅ​លើ​អំណាច​បុគ្គល គឺ​ជា​គ្រោះថ្នាក់​ដល់​សង្គម​ទៅ​វិញ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ