អានតួអត្ថបទ
រុស្ស៊ី

កិច្ចចរចា​នៅម៉ូស្គូ ថ្ងៃនេះ របស់​លោក​ប្រមុខ​ការទូត​ចិន Yang Jiechi

ព្រឹកមិញ លោក​បាន​ជួប​ចរចា​ទៅ​ហើយ ជាមួយ​សមភាគី​រុស្ស៊ី គឺ​លោក​រដ្ឋមន្ត្រី​ការបរទស Serguei Lavrov ហើយ​បន្ទាប់​មក លោក Yang Jiechi ក៏​ត្រូវ​ទទួល​ជួប​ប្រស្រ័យ ដោយ​លោក​ប្រធានាធិបតី Medvedev។ សាច់រឿង គឺ​អំពី​ការ​រៀប​ចំ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ប្រធានាធិបតី​ចិន ហ៊ូជិនតាវ (Hu Jintao) នៅ​រុស្ស៊ី និង​អំពី​ការ​ចូលរួម​របស់​ប្រមុខ​រដ្ឋ​ទាំង​២ ក្នុង​ជំនួប​កំពូល​ឧទ្ទិស​ដល់​ខួប​ទី​១០ នៃ “អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ” ហៅ​កាត់​ថា OCS ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​ក្រោយ​នៅ​ក្រុង Astana រដ្ឋធានី​កាហ្សាក់ស្ថាន (Kazakhstan)។

លោក​រដ្ឋមន្ត្រីការបរទេស​ចិន (ឆ្វេង) និង​សមភាគី​រុស្ស៊ី នៅទីក្រុង​ម៉ូស្គូ ថ្ងៃទី ៦​ឧសភា ២០១១
លោក​រដ្ឋមន្ត្រីការបរទេស​ចិន (ឆ្វេង) និង​សមភាគី​រុស្ស៊ី នៅទីក្រុង​ម៉ូស្គូ ថ្ងៃទី ៦​ឧសភា ២០១១ © Reuters
ផ្សាយពាណិជ្ជកម្ម

ក្រោយពី​កិច្ចចរចា បាន​ចប់​ទៅ​ដោយ​ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ព្រឹកមិញ ទាំង​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន Yang Jiechi ទាំង​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov សុទ្ធ​តែ​បាន​លើក​ឡើង​ថា​ទស្សនកិច្ច​ផ្លូវការ​នៅ​ថ្ងៃ​មុខ​របស់​លោក​ប្រធានាធិបតី​ចិន Hu Jintao នៅ​រុស្ស៊ី​ ក៏​ដើម្បី​ប្រារព្ធ​ខួប​គំរប់ ១០​ឆ្នាំ​នៃ “សន្ធិសញ្ញា​ស្តី​អំពី​ការ​រួម​រស់​ភូមិ​ផង​របង​ជាមួយ​ ស្តី​អំពី​មិត្តភាព និង​សហប្រតិបត្តិការ” ដែល​ប្រទេស​ទាំង​២ បាន​ចុះ​នឹង​គ្នា កាលពី​ឆ្នាំ​២០០១។

ប្រមុខ​ការទូត​ទាំង​២ បាន​ឯកភាព​គ្នា​ថា ក្នុង​អំឡុង​១០​ឆ្នាំ​កន្លង​ទៅ​សន្ធិសញ្ញា​នេះ បាន​ហុច​មក​នូវ​ផ្លែផ្កា​ជា​ទី​គាប់​ចិត្ត សម្រាប់​ពង្រឹង​ទំនាក់ទំនង​យុទ្ធសាស្ត្រ​រវាង​ចិន និង​រុស្ស៊ី។

តប​នឹង​សំណួរ​អ្នកកាសែត ស្តី​អំពី​ស្ថានការណ៍​នៅ​ប្រទេស​លីប៊ី ប្រមុខ​ការទូត​ចិន​បាន​បញ្ជាក់​ពី​គោលជំហរ​ក្រុង​ប៉េកាំង​ដែល​ប្រឆាំង​នឹង​ការប្រើ​អំពើ​ហិង្សា​នៅ​ទីនោះ និង​ថា​បញ្ហា​ដែល​មាន​ត្រូវ​តែ​ដោះស្រាយ​ដោយ​សន្តិវិធី​ឈរ​លើ​ការ​ទទួល​ស្គាល់​សិទ្ធិ​អធិបតេយ្យ​របស់​ប្រជាជន​ប្រទេស​នោះ កំណត់​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង។​ ចំណែក លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov បាន​ថ្លែង​ប្រឆាំង​ដាច់​អហង្ការ​ទល់​នឹង​អន្តរាគមន៍​ទ័ព​ជើង​គោក​អន្តរជាតិ ចូល​ដែន​ដី​លីប៊ី ដ្បិត​វា​ផ្ទុយ​នឹង​សេចក្តី​សម្រេច​លេខ​១៩៧៣​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ អ.ស.ប.។

និយាយពី “អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ” ហៅ​កាត់​ថា OCS ដែល​មាន​ចិន​ និង​រុស្ស៊ី​ដើរ​តួ​នាំ​មុខ គួរ​រំលឹក​ថា អង្គការ​នេះ បាន​ប្រសូត​មក​តាំងពី​ក្នុង​ឆ្នាំ ១៩៩៦ម៉្លេះ ដោយ​កាលណោះ មាន​៥​ប្រទេស​ជា​សមាជិក ក្រោម​ឈ្មោះ​ថា “ក្រុម​សៀងហៃ” ប្រកប​ដោយ​គោល​ដៅ​ពង្រឹង​ការ​ជឿ​ទុក​ចិត្ត​គ្នា​លើ​វិស័យ​យោធា និង​កាត់​បន្ថយ​ទៅ​វិញ​ទៅ​មក​កម្លាំង​ប្រដាប់​អាវុធ​ដែល​ប្រចាំ​នៅ​ត្រង់​ព្រំដែន​រួម ៖ ម្ខាង​គឺ​ចិន​ ម្ខាង​ទៀត គឺ​៤​ប្រទេស​នៃ​អតីត​សហភាព​សូវៀត ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ចិន គឺ​រុស្ស៊ី កាហ្សាកស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន។ លុះ​ក្នុង​ឆ្នាំ ២០០១ ក្រោយ​ពី​រដ្ឋ​មួយ​ទៀត នៃ​តំបន់​អាស៊ី​កណ្តាល​ ពោល​គឺ អ៊ូសបេគីស្ថាន ត្រូវ​ទទួល​ឲ្យ​ចូល​ជា​សមាជិក​ដែរ “ក្រុម​សៀងហៃ” ក៏​ប្រែ​ឈ្មោះ​ជា​ផ្លូវការ​ទៅ​ជា “អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ” ដែល​តាំង​គោលដៅ​គឺ ៖
-ពង្រឹង​ស្ថិរភាព និង​សន្តិសុខ ក្នុង​លំហ​ធំ​ល្វឹងល្វើយ ដែល​មាន​៦​ប្រទេស​ជា​សមាជិក
-ប្រយុទ្ធ​ទល់​នឹង​លទ្ធិ​ភេរវនិយម ផ្តាច់​ទឹកដី​និយម ជ្រុល​និយម និង ចរាចរណ៍​គ្រឿងញៀន
-​ពង្រីក​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង ភាព​ជា​ដៃ​គូ​គ្នា លើ​វិស័យ​ថាមពល។ល។ ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ