អានតួអត្ថបទ
រុស្ស៊ី

លោក​អគ្គលេខាធិការ អ.ស.ប​បំពេញ​ទស្សនកិច្ច រយៈពេល​បី​ថ្ងៃ នៅរុស្ស៊ី

ក្នុងក្របខ័ណ្ឌ​ទស្សនកិច្ច ដែលចាប់ផ្តើមថ្ងៃនេះ លោក Ban Ki-moon នឹង​ត្រូវ ទទួលជួប​ដោយ​លោកប្រធានាធិបតី Medvedev ព្រមទាំង​ធ្វើកិច្ចចរចា ជាមួយ លោក រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Lavrov ជុំវិញ បញ្ហា បែបយ៉ាង ស្ថានការណ៍នៅប្រទេសលីប៊ី, បញ្ហា សន្តិសុខ​ថាមពលនុយ​ក្លេអ៊ែរ​ជាដើម។ ​លោក​បាន​ជាប់ដៃ​រវល់​នឹង​បញ្ហា ទាំងនេះ នៅក្នុង​ពេល​លោក​មាន​វត្តមាន ម្សិលមិញ​នៅប្រទេស​អ៊ុយក្រែន ជាទី ដែលកាលពី ២៥ឆ្នាំមុន បានរង មហាសោកនាដកម្ម ដ៏ធ្ងន់ធ្ងរ មិនធ្លាប់មានដូច ក្នុងប្រវត្តិ​នៃការប្រើ ថាមពល​នុយក្លេអ៊ែរ​សម្រាប់​គោលដៅស៊ីវិល។

លោក​បាន គីមូន និង​ប្រធានាធិបតី​អ៊ុយក្រែន​នៅ​ឈរ​ពីមុខ​រោងចក្រ​ផ្ទុះ​នុយក្លេអ៊ែរ Tchernobyl នៅថ្ងៃ​ពុធ ទី ២០ មេសា ២០១១
លោក​បាន គីមូន និង​ប្រធានាធិបតី​អ៊ុយក្រែន​នៅ​ឈរ​ពីមុខ​រោងចក្រ​ផ្ទុះ​នុយក្លេអ៊ែរ Tchernobyl នៅថ្ងៃ​ពុធ ទី ២០ មេសា ២០១១ REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

 

02:31

សេចក្តី​រាយការណ៍​របស់​កែវ ឆាយា​ពី​ទីក្រុង​ម៉ូស្គូ

កែវ ឆាយា

តាម​ដែល​វិមាន​ក្រេមឡាំង​ប្រកាស​ឲ្យដឹង គឺនៅ​ថ្ងៃស្អែក ដែលលោក Ban Ki-moon នឹង​ត្រូវទទួល​ជួប​ប្រាស្រ័យ​ជាមួយលោក ប្រមុខរដ្ឋរុស្ស៊ី Medvedev។

នៅថ្ងៃស្អែក​ដែរ លោក អគ្គលេខាធិការអ.ស.ប. ក៏នឹង ឡើង ថ្លែង ក្នុង​សម័យប្រជុំ នៃ ”អង្គការ​សន្ធិសញ្ញាស្តី​អំពី​សន្តិសុខ​រួម” ហៅ​កាត់ជា ភាសារុស្ស៊ី​ថា ODKB ដែល​មាន ៧ប្រទេស នៃ​អតីត​សហភាពសូវៀត​ជាសមាជិក ពោល​គឺ ប្រទេស Russie , Belarus ,Kazakhstan , Armenie , Ouzbekistan , Kirghizistan និងTadjikistan។

អង្គការ​នេះ ដែលបាន​ប្រសូត​មក ពេញរូប ពេញរាង លុះក្នុងឆ្នាំ២០០៣ តែង​ត្រូវ​មជ្ឈដ្ឋាន​យោធា-នយោបាយ​នៃ​លោកខាងលិច ប្រៀប​ប្រដូច​ទៅនឹង បក្ស​សម្ពន្ធ OTAN ដ្បិត​គោលដៅ​វា គឺធានា​ការពារ​សន្តិសុខ​សម្រាប់ រាល់ប្រទេសសមាជិក តាមរយៈ​មាត្រា​មួយ​នៃ​លក្ខន្តិកៈ វា ដែល​ចែងថា បើ​ប្រទេស​ណាមួយ ជា សមាជិក​រង​នូវ​អំពើ​ឈ្លានពាន នោះ​ប្រទេសឯទៀត​ជា​សមាជិក​នឹង​នាំគ្នា រត់​ទៅជួយ។

នៅពេល​ជួបចរចា ជាមួយ​លោក​ប្រមុខ​ការទូតរុស្ស៊ី Serguei Lavrov លោក Ban Ki moon ទន្ទឹម​នឹង​ស្ថានការណ៍ នៅលីប៊ី ក៏​នឹងលើក​យក​ទៅពិភាក្សា គឺ​រឿង​ស្វែងរក​ដំណោះស្រាយ ឲ្យ អធិករណ៍ នៅ​តំបន់​ដើមបូព៌ា និងជាពិសេស​សង្កត់ធ្ងន់ទៅ លើផលវិបាក​បណ្តាល​មកពី ការផ្ទុះឆេះ កាលពីជាង១ខែមុន នៃម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ ក្នុង​ស្ថានីយ​អគ្គិសនី​បរមាណូ នៅក្រុងជប៉ុន Fukushima។

ពិតជាសោកនាដកម្មនេះ ដែលធ្វើឲ្យ លោក Ban Ki moon នឹកចងចាំ ទៅដល់ មហន្តរាយ កើតឡើង២៥ឆ្នាំមុន ក្នុងម៉ាស៊ីនប្រតិករនុយក្លេអ៊ែរមួយ នៃស្ថានីយអគ្គិសនីបរមាណូ នៅឯ ក្រុង​Tchernobyl ប្រទេស Ukraine។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ក្រោយពី​បាន​ទៅឃើញ​ដោយ​ផ្ទាល់​ភ្នែក កន្លែង ដែល​ស្ថិតនៅ​មិនឆ្ងាយ ប៉ុន្មាន ពី ម៉ុង​ធ្វើពី បេតុង​កំពស់​ប្រមាណ ១០០ម៉ែត្រ គ្របដណ្តប់ លើ​កាក​សំណល់​​សល់​ពី​ការផ្ទុះឆេះ​នៃម៉ាស៊ីន​ប្រតិកម្ម​នោះ ដើម្បី​ខាឃាំង​កុំ​ឲ្យ​ធាតុ​វិទ្យុសកម្ម ជា គ្រោះថ្នាក់​ដល់សុខភាព​មនុស្ស សាយភាយ​ចេញមកក្រៅ លោក Ban Ki moon​បានថ្លែង​ដោយ​រំជួលចិត្ត​ថា ត្រូវតែ​បើកធ្វើ ”វេទិកា​ពិភពលោក” សម្រាប់​ជជែក​ពិភាក្សាគ្នា អំពី​អនាគត នៃ ថាមពលនុយក្លេអ៊ែរ ដើម្បី បង្ការ​ជាមុន កុំឲ្យ​កើតមាន​ទៀតឡើយ មហន្តរាយ​បណ្តាលមក​ពី ការប្រើ​ធាតុ​នុយក្លេអ៊ែរ សម្រាប់​គោលដៅ​ស៊ីវិល។

តាម​ប្រសាសន៍ លោកអគ្គលេខាធិការ អ.ស.ប. មេរៀន ហុច​ដោយសោកនាដកម្ម នៅក្រុង Fukushima និង ក្រុងTchernobyl ត្រូវតែ ដាស់តឿន​យើង ឲ្យពង្រឹង “បទដ្ឋាន​នៃ​សន្តិសុខ​នុយក្លេអ៊ែរ ថ្នាក់ជាតិ ក៏ដូចជា​ថ្នាក់អន្តរជាតិ”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ